(កំពត)៖ លោក ហ៊ុន សុខា ទីប្រឹក្សារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកំពត បានចាត់ដោយក្រុមការងារបានចុះពិនិត្យមើលសមិទ្ធផលនានានៅក្នុងស្រុកអង្គរជ័យ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់តាមរយៈលោក ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត។

ការចុះពិនិត្យការកសាងសមិទ្ធផលទាំងនោះ រួមមាន៖

* ការដ្ឋានធ្វើផ្លូវក្រាលក្រួសក្រហមមួយខ្សែរប្រវែង ៦០០ម៉ែត្រ នៅភូមិអង្គរំដួល ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត ដោយស្ថានភាពផ្លូវបច្ចុប្បន្នបាននិងកំពុងស្ថាបនាបាន៣០ភាគរយ ដែលផ្លូវនេះមានប្រជាពលរដ្ឋបានប្រើប្រាស់ជាផ្លូវធ្វើដំណើរកាត់ (ផ្លូវវាង) ដោយមានចំនួន២៩៩គ្រួសារ ដែលកំពុងរស់នៅនិងប្រើប្រាស់ផ្លូវប្រវែង៦០០ម៉ែត្រនេះ។

* ការដ្ឋានធ្វើផ្លូវក្រាលក្រួសក្រហមមួយខ្សែរប្រវែង២៣០០ម៉ែត្រ (ពីរពាន់បីរយម៉ែត្រ) នៅភូមិកំភ្លាញ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត ដោយស្ថានភាពផ្លូវបច្ចុប្បន្នបាននិងកំពុងស្ថាបនាបានប្រវែង២០០ម៉ែត្រ ចុះពីផ្លូវជាតិលេខ៣១ ដោយផ្លូវនេះមានសភាពចោទជាខ្លាំង ជាប្រភពនៃគ្រោះថ្នាក់ចម្បង តាមប្រភពពីលោកមេភូមិ និងលោកនាយប៉ុស្តិ៍បាននិយាយថា៖ «ផ្លូវនេះមានករណីជិះឡើងមិនរួច ករណីរអិលថយក្រោយ និងករណីជិះធ្លាក់ផ្លូវជារឿយ ក៏ធ្លាប់មានមនុស្សធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍រហូតដល់បាត់បង់ជីវិតថែមទៀតផង»។ ផ្លូវមួយខ្សែរនេះប្រវែង២៣០០ម៉ែត្រ មានប្រជាពលរដ្ឋបានប្រើប្រាស់ដឹកកសិផល និងដំណាំផ្សេងៗមកលក់នៅលើទីផ្សារប្រកបរបរចិញ្ចឹមជីវភាពប្រចាំថ្ងៃ ដោយមានចំនួន៩១៥គ្រួសារដែលកំពុងរស់នៅអមសងខាង និងប្រើប្រាស់ផ្លូវនេះ។

* ការសាងសង់ទ្វារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត។ ស្ថានភាពទ្វារទីស្នាក់ការគណបក្សនាបច្ចុប្បន្នបានសាងសង់រួចរាល់៩០ភាគរយហើយ គ្រោងនឹងបាញ់ថ្នាំបញ្ចប់ការសាងសង់។

* ការសាងសង់រោងដាក់ម៉ូតូ និងបង្គន់អនាម័យជូនដល់ប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត។ ស្ថានភាពផ្លូវបច្ចុប្បន្ន រោងដាក់ម៉ូតូប្រក់ស័ង្កសី ចាក់សាប មានទំហំបណ្តោ ៦ម៉ែត្រ និងទទឹង៤ម៉ែត្រ បានដាងសង់សម្រេចបាន១០០ភាគរយ និងបន្ទប់ទឹក ក្រាលការ៉ូទំហំទទឹង១,៨ ម៉ែត្រ បណ្តោយ១,៥ម៉ែត្រ និងកម្ពស់២ម៉ែត្រ សម្រេចបាន៥០ភាគរយ។

* ពិនិត្យការសាងសង់របងសំណាញ់លួស នៅវិទ្យាល័យវត្តអង្គរជ័យ នៅឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត។ ស្ថានភាពរបងបច្ចុប្បន្ន បានដាក់ព័ទ្ធជុំវិញបាន៧០ភាគរយ គ្រោងនឹងសម្រេចព័ទ្ធបានជុំវិញនៅ២ថ្ងៃទៀត។
សមិទ្ធផលទាំងអស់នេះបានកើតឡើងតាំងពីសម័យដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីមកម៉្លេះ និងបានក្លាយទៅជាប្រពៃណីរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាទៅហើយ។ ក្នុងនាមជាគណបក្សដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្តេចនាយករដ្ឋមន្ត្រីតែម្តងមានពេលតិចណាស់ដើម្បីសម្រាកពីព្រោះពេលវេលាស្ទើរតែទាំងស្រុងត្រូវបានចំណាយទៅលើការងារសព្វសារពើដើម្បីបម្រើប្រយោជន៍ប្រទេសជាតិនិងប្រជាពលរដ្ឋ។

ការគិតគូរនិងគូសវាសឱ្យចេញជាផែនការយុទ្ធសាស្ត្រដឹកនាំប្រទេស និងការរៀបចំសកម្មភាពការងារដើម្បីឈានទៅសម្រេចគោលដៅ គឺជាបេសកកម្មដ៏ធំធេងរបស់ថ្នាក់ដឹកនាំ ហើយបេសកកម្មនេះទៀតសោតទាមទារនូវការប្តេជ្ញាចិត្ត សមត្ថភាព ជំនាញ ឆន្ទៈការងារខ្ពស់និងទស្សនៈវិស័យវែងឆ្ងាយទើបអាចសម្រេចបានលទ្ធផលជាផ្លែផ្កាសម្រាប់ប្រជាពលរដ្ឋ។ សមិទ្ធផលទាំងនេះក៏មិនអាចសម្រេចជារូបរាងបានដែរប្រសិនបើគ្មានសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះដ៏មានតម្លៃបំផុត និងបើគ្មានការចូលរួមគាំទ្រយ៉ាងសស្រាក់សស្រាំពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទេនោះ។

លោក ហ៊ុន សុខា បានលើកឡើងថាការធ្វើសកម្មភាពមិនចេះនឿយហត់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា គឺជាចលករជំរុញការអភិវឌ្ឍប្រទេសឱ្យមានសន្ទុះទៅមុខជាលំដាប់។

ទិដ្ឋភាពទាំងនេះមិនមែនកើតឡើងដោយចៃដន្យនិងដោយងាយស្រួលឡើយ ប៉ុន្តែវាគឺជាសមិទ្ធផលដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងមិនចេះនឿយហត់ និងភាពសកម្មក្លៀវក្លារបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តដឹកនាំឱ្យកម្ពុជាមានការអភិវឌ្ឍជានិច្ច និងអភិវឌ្ឍលើគ្រប់វិស័យ៕