(សៀមរាប)៖ លោកឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជម្រាបជូនបែបនេះក្រោយជំនួបពិសាអាហារសាមគ្គីស្វាគមន៍ដល់ប្រតិភូនូវកម្មវិធីបណ្តាញយុវជនលើកទី៤ ផ្លាស់ប្តូរចែករម្លែកចំណេះដឹងពីវិធីបង្ការនិងដោះស្រាយបញ្ហាគ្រឿងញៀននៅខេត្តសៀមរាប នាថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០២៥ ក្រោមវត្តមានចូលរួមពីយុវជនពីបណ្ដាប្រទេសចំនួន៩ មាន : កម្ពុជា ថៃ មីយ៉ាន់ម៉ា ព្រុយណេ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ឡាវ និងចិន សរុប៦០នាក់។

ក្នុងនាមលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ក្នុងឱកាសនោះលោក ង៉ូវ សេងកាក់ អភិបាលរង បានថ្លែងស្វាគមន៍ចំពោះការស្នាក់នៅ ធ្វើការងារនៅក្នុងទឹកដីសៀមរាបដ៏បវររបស់កម្ពុជា និងបានលើកឡើងពីកិច្ចខិតខំអនុវត្តនិងចាត់វិធានការតាមច្បាប់យ៉ាងម៉ឺងម៉ាត់ ក្នុងការបង្ការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ តាមរយៈការផ្សព្វផ្សាយអប់រំបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ យុវជន សិស្ស និស្សិតនៅតាមគ្រឹះស្ថានសិក្សា សហគមន៍ពីបញ្ហាគ្រឿងញៀនដែលអាចនឹងបង្កឲ្យមានអសន្តិសុខ បាត់សណ្តាប់ធ្នាប់ប៉ះពាល់ដល់សុវត្ថិភាពរបស់ភ្ញៀវទេសចរដែលមកកម្សាន្តនៅខេត្តសៀមរាប។

លោកស្រី ចេរ៉ាផាត់ កាន់ចាណាប្រាឌីត នាយកគ្រប់គ្រងអភិវឌ្ឍន៍ធនធានមនុស្ស ONCB បានថ្លែងដោយក្តីសោមនស្សន៍ចំពោះកិច្ចសហការប្រតិបត្តិការគ្រប់ជ្រុងជ្រោយដ៏ល្អពីកម្ពុជាក្នុងការចូលរួមអនុវត្តនូវកម្មវិធីបណ្តាញយុវជនលើកទី៤ ផ្លាស់ប្តូរចែករម្លែកចំណេះដឹងពីវិធីបង្ការនិងដោះស្រាយបញ្ហាគ្រឿងញៀនកម្ពុជានៅសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេស៊ា និងសាលាបឋមសិក្សាវត្តរាជបូព៌ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តនិងមិត្តភាពជិតស្និទ្ធរបស់ស្ថាប័នត្រួតពិនិត្យគ្រឿងញៀននៃប្រទេសយើងទាំងពីរកម្ពុជា ថៃហើយនឹងបង្កើតបាននូវគំនិតឆ្នៃប្រឌិតសម្រាប់ការបង្ការ និងដោះស្រាយបញ្ហាគ្រឿងញៀនជាក្រុមរបស់យុវជនក្នុងតំបន់ភូមិសាស្រ្តនីមួយៗពង្រីកលទ្ធផលឆ្ពោះទៅរកការអភិវឌ្ឍន៍ដំណោះស្រាយប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាពចំពោះបញ្ហាគ្រឿងញៀនក្នុងតំបន់អាស៊ាន។

ក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ថោង សុគន្ធាបានថ្លែងអំណរគុណដល់ភាគីមិត្តថៃក៏ដូចជាប្រតិភូនៃបណ្ដាញយុវជនលើកទី លើកទី៤ ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ដែលបានរួមសហការគ្នាបង្កលក្ខណ:ងាយស្រួលដល់ទស្សនកិច្ចនិងសិក្សាស្វែងយល់លើទឹកដីខេត្តសៀមរាបដ៏ដ៏ស្រស់ត្រកាលរបស់កម្ពុជា។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក ថោង សុគន្ធា បានថ្លែងបន្តថាគ្រឿងញៀនគឺជាបញ្ហាសង្គមដ៏ស្មុគស្មាញ បានបំផ្លិចបំផ្លាញសុខភាព ថវិកា សុភមង្គល អនាគតអ្នកប្រើប្រាស់ផ្ទាល់និងជីវភាពក្រុមគ្រួសារ បង្កអំពើហិង្សា និងឧក្រិដ្ឋកម្មនៅក្នុងសហគមន៍ ។ គ្រឿងញៀនក៏បានបង្កឱ្យមានអំពើអសកម្ម ក្នុងសង្គម ប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសង្គម ហេតុដូចនេះការងារអប់រំ បង្ការបញ្ហាគ្រឿងញៀន គឺជាការងារដ៏សំខាន់ព្រោះថាបើនរណាម្នាក់ធ្លាក់ទៅប្រើប្រាស់គ្រឿងញៀនវានឹងក្លាយទៅជាអ្នកញៀន ហើយនៅពេលដែលក្លាយខ្លួនទៅជាអ្នកញៀនគ្រឿងញៀនគឺមិនងាយឬមិនអាចបញ្ឈប់ ហើយការងារអប់រំបង្ការបញ្ហាគ្រឿងញៀនគឺផ្តល់នូវមូលដ្ឋានគ្រឹះសម្រាប់យុវជនធ្វើការសម្រេចចិត្ត និងជាមូលដ្ឋានសម្រាប់ធ្វើការទប់ទល់ការលួងលោម បោកបញ្ឆោត ក៏ដូចជាមូលដ្ឋានស្វែងរកកិច្ចអន្តរាគមន៍។

ជាមួយគ្នានេះ លោកក៏បានផ្តាំដល់យុវជនត្រូវបន្តពង្រឹងនិងប្រកាន់ជំហរច្បាស់លាស់មិនត្រូវការគ្រឿងញៀន ចូលរួមនិងផ្តល់ការផ្សព្វផ្សាយអប់រំឱ្យបានកាន់តែទូលំទូលាយ ដើម្បីឱ្យមិត្តភក្តិនិងប្រជាពលរដ្ឋទូទៅបានយល់ដឹងកាន់តែច្បាស់ ចូលរួមកាន់តែសកម្មក្នុងចលនាប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបន្តពង្រឹងខ្លួនឈានឆ្ពោះទៅជាអ្នកដឹកនាំ ពិសេសលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីសេចក្តីសុខ និងភាពចម្រុងចម្រើនដល់ក្រុមគ្រួសារ មិត្តភក្តិ និងសង្គមជាតិការពារបាននូវសន្តិសុខ សុខុមាលភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងការអភិវឌ្ឍសង្គមជាតិ។

ឧត្តមសេនីយ៍ឯក លឹម តុងហួត ជាអ្នកសម្របសម្រួលដឹកនាំបានបញ្ជាក់បន្ថែមថា កញ្ញា ប៊យ ចន្ទភូមី និស្សិតសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ និងជាសមាជិកម្មវិធីបណ្តាញយុវជនលើកទី៣ បានចែករម្លែកពីរបៀបបដិសេធគ្រឿងញៀនក្នុងចំណោមយុវវ័យនិងអត្ថប្រយោជន៍នៃApp NoDrug ដល់ប្រតិភូនៅខេត្តសៀមរាបនិងលោកអន គុណរ័ត្ន នាយកសាលាវត្តរាជបូព៌ បានបង្ហាញជូននូវការងារអភិវឌ្ឍកម្មវិធីសិក្សា គុណភាពការអប់រំ ការចលនាកៀរគរប្រភពធនធាន បំណិនជីវិត សិល្ប: កីឡា និងការផ្សព្វផ្សាយ អប់រំពីការងារសង្គម ពិសេសគ្រឿងញៀន៕