(កណ្តាល)៖ ដោយមានចំណាត់ការយ៉ាងម៉ឺងម៉ាត់ពីលោក ហេង ចាន់ធួន អនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងមន្ត្រីជំនាញពាក់ព័ន្ធនានា ព្រមទាំងដឹកនាំសម្របសម្រួលដោយផ្ទាល់ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល លោក លឹម សុគន្ថា ចុះពិនិត្យរណ្តៅដីដែលបាក់ស្រុតប៉ះពាល់ដី និងផ្ទះប្រជាពលរដ្ឋ រហូតឃាត់គ្រឿងចក្រ មិនឲ្យម្ចាស់រណ្តៅដីនាំចេញទៅណា ថែមទាំងការហៅមេការរណ្តៅម្នាក់ ទៅសួរនាំផងដែរ ទើបធ្វើឲ្យម្ចាស់រណ្តៅដីបន្ទន់ឥរិយាបថ រហូតបានផ្តល់សំណងជូនប្រជាពលរដ្ឋដែលរងគ្រោះទៀតផង។
សូមបញ្ជាក់ថា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ក្រុមហ៊ុនជីកដី «សៅ ពន្លក» បានព្រមសងសំណង ដល់ប្រជាពលរដ្ឋរងការប៉ះពាល់ ដោយទិញដីក្នុង១ម៉ែត្រការ៉េ១៥,៥ដុល្លារ មិនតែប៉ុណ្ណោះទេ ថែមទាំងបានជូនប្រាក់ទ្រនាប់ដៃ ដល់ប្រជាពលរដ្ឋក្នុង១ហិចតា ១,០០០ដុល្លារ ដោយមិនកាត់ក្នុងតម្លៃថ្លៃដីនោះ ហើយប្រជាពលរដ្ឋបានសម្តែង អំណរអរគុណចំពោះ ការខិតខំយកចិត្តទុកដាក់ពីលោកព្រះរាជអាជ្ញា និងក្រសួងរ៉ែ និងថាមពល។
លោក ហេង ចាន់ធួន បានឲ្យដឹងថា នេះគឺជាជោគជ័យចុងក្រោយ ដែលលោកបានខិតខំតស៊ូដឹកនាំ កម្លាំង មន្ត្រីជំនាញ ពាក់ព័ន្ធនានា ចូលរួមសម្របសម្រួល រវាងតំណាងក្រុមហ៊ុន លោក សៅ ពន្លក និងប្រជាពលរដ្ឋចំនួន៨គ្រួសា។
លោកបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦នេះថា ក្រុមហ៊ុនបានព្រមប្រគល់លុយទ្រនាប់ដៃជូនប្រជាពលរដ្ឋដោយផ្ទាល់ក្នុង១ហិចតា១០០០ដុល្លារ ដោយមិនគិតចូល ការព្រមព្រៀងទិញដីបាក់ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ដោយក្រុមហ៊ុនព្រមទទួលដីពីប្រជាពលរដ្ឋចំនួន៨គ្រួសារ ជាសំណងផលប៉ះពាល់បាក់ដី ចូលរណ្តៅដីនោះ ក្នុង១ម៉ែត្រការ៉េ១៥,៥ដុល្លារ ចំណែកការខូចខាតផលដំណាំនោះ គឺក្រុមហ៊ុនសង តាមតម្លៃដំណាំ។ លោកបានបញ្ជាក់ថា នេះជាលើកទី៤ហើយក្នុងការចុះសម្របសម្រួល។
ប៉ុន្ដែមហាជនបានលើកឡើងថា ចំពោះ សំណងដែលក្រុមហ៊ុនព្រមសង់ទៅប្រជាពលរដ្ឋនេះ វាគ្រាន់តែជាសំណងរដ្ឋប្បវេណី ជាមួយប្រជាពលរដ្ឋប៉ុណ្ណោះ ដោយឡែកចំពោះផ្លូវច្បាប់ ម្ចាស់ក្រុមហ៊ុននៅតែប្រឈម និងច្បាប់ព្រហ្មទណ្ឌដដែល អាស្រ័យទៅលើតុលាការជាអ្នក ពិនិត្យ និងសម្រេចក្នុងរឿងនេះ៕