(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញការអបអរសាទរប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ដែលឈរលើកំពូលតារាងជាគោលដៅទស្សនាដ៏ល្បីបំផុតលើពិភពលោក ក្នុងចំណោមគោលដៅល្បីៗបំផុតទាំង៣២ ដែលត្រូវបានចាត់ថ្នាក់ដោយសារព័ត៌មានអាមេរិក U.S. News & World Report។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី តែងតែអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិសូមអញ្ជើញមកទស្សនាកម្សាន្តនៅខេត្តសៀមរាប ដែលជារមណីយដ្ឋានទេសចរណ៍វប្បធម៌និងធម្មជាតិដ៏ទាក់ទាញសម្បូរបែប ជាអតីតមជ្ឈមណ្ឌលអរិយធម៌ខ្មែរបុរាណដ៏អស្ចារ្យ។
សូមរំឭកថា ជារឿយៗ ប្រាសាទអង្គរវត្តក៏តែងតែឈរលើកំពូលតារាងជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុត ជាគោលដៅដែលភ្ញៀវទេសចរប៉ងប្រាថ្នាមកទស្សនាច្រើនជាងគេបំផុត ជាគោលដៅទស្សនាទិដ្ឋភាពថ្ងៃរះ-ថ្ងៃរៀបលិចដ៏ស្រស់ស្អាតបំផុត ពីស្ថាប័នអន្តរជាតិធំៗជាច្រើននៅជុំវិញពិភពលោក។
គួរបញ្ជាក់ដែរថា រមណីយដ្ឋានប្រវត្តិសាស្ត្រមួយនេះ គឺជាអតីតរាជធានីខ្មែរនាសម័យអង្គរជាង៦០០ឆ្នាំ (ស្រីយសោធរបុរៈ) ជាមជ្ឈមណ្ឌលអរិយធម៌ខ្មែរបុរាណដ៏រុងរឿង និងជាបេះដូងនៃមហាអំណាចកម្វុជទេសៈដ៏ធំធេង ដែលប្រៀបដូចជាទេពមហានគរនាអតីតកាល ខណៈបច្ចុប្បន្នពិភពលោកបានចាត់ទុកថា តំបន់រមណីយដ្ឋានអង្គរ គឺជាមហាសាសនាដ្ឋានធំជាងគេបំផុតនៅលើពិភពលោក គឺធំជាងសាសនាដ្ឋាននៅឥណ្ឌា អេហ្ស៉ីប ក្រិក រ៉ូម ចិន អឺរ៉ុប ឥណ្ឌូណេស៉ីជាដើម។
ចាប់ពីឆ្នាំ១៩៩២មក ប្រាសាទអង្គរវត្ត និងតំបន់រមណីយដ្ឋានអង្គរបានក្លាយជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ព្រមទាំងបានជំរុញឱ្យពិភពលោកចូលរួមបង្កើនការការពារ និងផ្សព្វផ្សាយកាន់តែទូលំទូលាយ។ ក្នុងមួយឆ្នាំៗ តំបន់រមណីយដ្ឋានទេសចរណ៍វប្បធម៌និងធម្មជាតិមួយនេះបានទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិរាប់លាននាក់ ដោយបាននាំចំណូលចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ និងលើកស្ទួយសេដ្ឋកិច្ចមូលដ្ឋានយ៉ាងសំខាន់៕