(ភ្នំពេញ)៖ រាល់ការធ្វើការធ្វើជំនួញ ឬធ្វើពាណិជ្ជកម្ម របស់ក្រុមហ៊ុនសហគ្រាស នឹងតម្រូវឱ្យម្ចាស់ក្រុមហ៊ុន ឬសហគ្រាស ត្រូវចុះបញ្ជីតាមច្បាប់ពន្ធដារ ដើម្បីបង់ពន្ធ ដែលធ្វើឱ្យការប្រកបអាជីវកម្មនោះត្រឹមត្រូវតាមច្បាប់។ ក្នុងនោះ ការបង់ពន្ធលើប្រាក់ចំណូល ក៏ជាពន្ធមួយម្ចាស់សហគ្រាសមានកាតព្វកិច្ចត្រូវទទួលខុសត្រូវផងដែរ។

ពន្ធលើប្រាក់ចំណូល គឺជាប្រភេទពន្ធប្រចាំឆ្នាំដែលជាកាតព្វកិច្ចរបស់បុគ្គលនិវាសនជន ចំពោះប្រាក់ចំណូលប្រភពកម្ពុជា និងប្រាក់ចំណូល ប្រភពបរទេស និងជាកាតព្វកិច្ចរបស់បុគ្គលអនិវាសនជន ចំពោះប្រាក់ចំណូលប្រភពកម្ពុជា។ មូលដ្ឋានគិតពន្ធលើប្រាក់ចំណូល គឺជាប្រាក់ចំណេញ ប្រចាំឆ្នាំដែលកើតចេញពីប្រាក់ចំណូលកាត់កងនូវចំណាយនានា ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ស្តីពីពន្ធដារជាធរមាន ចំពោះ បុគ្គលដែលខាតពីការធ្វើសកម្មភាពអាជីវកម្ម មិនត្រូវបង់ពន្ធលើប្រាក់ចំណូលនោះទេ។

ពន្ធលើប្រាក់ចំណូល គឺជាប្រភេទពន្ធប្រចាំឆ្នាំ ដែលត្រូវអនុវត្តទៅលើប្រាក់ចំណូលជាប់ពន្ធ ឬប្រាក់ចំណេញ។ ក្នុងន័យនេះ អ្នកជាប់ពន្ធមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណូល ក្នុងករណីដែលអ្នកជាប់ពន្ធទទួលបានប្រាក់ចំណេញតែប៉ុណ្ណោះ ប្រសិនបើអ្នកជាប់ពន្ធប្រកបអាជីវកម្មខាត នឹងមិនមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណូលឡើយ ប៉ុន្តែត្រូវដាក់លិខិតប្រកាសជាធម្មតា។
នេះបើតាមការពន្យល់របស់មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានពន្ធដារ។

យោងតាមមាត្រា២០ នៃច្បាប់ស្តីពីសារពើពន្ធ ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ត្រូវកំណត់ដូចខាងក្រោម៖
២០% ចំពោះប្រាក់ចំណូលជាប់ពន្ធ ដែលសម្រេចបានដោយនីតិបុគ្គល។ ៣០% ចំពោះប្រាក់ចំណូលជាប់ពន្ធ ដែលសម្រេចបានក្រោមកិច្ចព្រមព្រៀងប្រេងកាត ឬសម្រេចបានពីការធ្វើអាជីវកម្មលើធនធានធម្មជាតិ រួមទាំងព្រៃឈើ រ៉ែ មាស ឬត្បូងថ្មមានតម្លៃ។ ០% ចំពោះប្រាក់ចំណូលជាប់ពន្ធរបស់គម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដែលស្ថិតក្នុងរយៈពេលលើកលែងពន្ធស្រប តាមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

ចំពោះប្រាក់ចំណូលជាប់ពន្ធ ដែលសម្រេចបានដោយរូបវន្តបុគ្គល សហគ្រាសឯកបុគ្គល និងចំណែកដែលត្រូវបែងចែកឱ្យសមាជិកម្នាក់ៗ របស់ក្រុមហ៊ុនសហកម្មសិទ្ធិ ដែលមិនត្រូវបានចាត់ទុកជានីតិបុគ្គល ត្រូវជាប់ពន្ធលើប្រាក់ចំណូល តាមអត្រាកំណើនតាមថ្នាក់។

ដោយឡែកសហគ្រាសធានារ៉ាប់រង ពន្ធលើប្រាក់ចំណូល ត្រូវបានកំណត់ដូចខាងក្រោម៖
ចំពោះសកម្មភាពធានារ៉ាប់រង ឬធានារ៉ាប់រងបន្តលើទ្រព្យសម្បត្តិ ឬហានិភ័យផ្សេងៗនៅព្រះរាជាណាចក្រកម្ពុជា ពន្ធលើប្រាក់ចំណូល ត្រូវបានកំណត់ស្មើនឹង ៥% នៃបុព្វលាភធានារ៉ាប់រងដុល ដែលទទួលបាននៅក្នុងឆ្នាំជាប់ពន្ធចំពោះសកម្មភាពធានារ៉ាប់រង ឬធានារ៉ាប់រងបន្តលើជីវិតដែលមានលក្ខណៈសន្សំ និងសកម្មភាពដទៃទៀតក្រៅពីធានារ៉ាប់រង ឬធានារ៉ាប់រង បន្តលើទ្រព្យសម្បត្តិ ឬហានិភ័យផ្សេងៗ ពន្ធលើប្រាក់ចំណូលត្រូវបានកំណត់តាមមាត្រា២០ នៃច្បាប់ស្តីពីសារពើពន្ធ។

មន្រ្តីពន្ធដារ បានអំពាវនាវឱ្យអ្នកជាប់ពន្ធរួសរាន់រៀបចំលិខិត ប្រកាសនិងបង់ប្រាក់ពន្ធលើប្រាក់ចំណូលឱ្យទាន់ពេលវេលា និងគួរចៀសវាងរង់ចាំរហូតដល់ជិតចុងបញ្ចប់ នៃកាលបរិច្ឆេទផុតកំណត់ គឺនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដែលអាចបង្កជាហានិភ័យ ផ្សេងៗជាយថាហេតុ៕