(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរីបានរៀបចំព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងដើម្បីសុខភាព និងលើកស្ទួយវិស័យទេសចរណ៍ ដែលព្រឹត្តិការណ៍នេះប្រារព្ធធ្វើឡើងនារសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមវត្តមានលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកស្រី ដោយមានអត្តពលិកទាំងខ្មែរនិងបរទេសជាង៤០០នាក់ចូលរួម។
មុនការចាប់ផ្តើមរត់ លោក ញ៉ែម សំអឿន បានថ្លែងថា ព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុងនាពេលនេះ គឺក្នុងគោលបំណងដើម្បីសុខភាព និងលើកស្ទួយវិស័យទេសចរណ៍នៅក្នុងខេត្តរតនគិរី។ លោកអភិបាលខេត្តបានថ្លែងអំណរគុណដល់មន្រ្តីរាជការ កម្លាំងប្រដាប់អាវុធទាំង៣ និងបងប្អូនប្រជាពលរដ្ឋ និងជនបរទេផងដែរ ដែលបានចូលរួមរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងនាថ្ងៃនេះ។ ទាំងនេះបានបង្ហាញឲ្យឃើញពីការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់មុខមាត់ខេត្ត សុខសុវត្ថិភាព និងទាក់ទាញភ្ញៀវទេសចរ តាមរយៈការផ្ដិតយករូបភាពជាច្រើនពីខេត្តរតនគិរី និងព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ។
លោកបន្តទៀតថា ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងនាពេលនេះ ក៏បានឆ្លុះបញ្ចាំងពីការលើកកម្ពស់នៃការរស់នៅប្រកបដោយសុខុមាលភាព និងជួយលើកស្ទួយដល់វិស័យទេសចរណ៍ដោយបង្ហាញពីសម្រស់ដ៏ស្រស់ស្អាតនៃខេត្តរតនគិរីផងដែរ។
សូមបញ្ជាក់ថា អត្តពលិកទាំងបានធ្វើការរត់ក្នុងចម្ងាយផ្លូវ២១គីឡូម៉ែត្រ ដោយចំណុចចាប់ផ្តើមពីវាលរំប្លង់ (វាលថ្មដា) ស្រុកអូរជុំ មកដល់រមណីយដ្ឋានបឹងកន្សែងក្នុងក្រុងបានលុង និងរត់៤ជុំបន្ថែមទៀតមករកទីព្រ័ត្រ នៅចំណុចរូបសំណាកគ្រួសារដំរី។ ហើយជ័យលាភីនាឱកាសនេះ អត្តពលិកចំនួន៩នាក់ទទួលបានមេដាយមាស មេដាយប្រាក់៨នាក់ និងមេដាយសំរឹទ្ធ៣នាក់២០នាក់៕