(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលបានឃាត់ខ្លួន ក្រុមក្មេងទំនើងជាច្រើននាក់ ល្បីខ្លាំងខាងកាប់ចាក់ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីពួកនេះ បានចេញធ្វើសកម្មភាពកាប់អ្នកដឹកបាយប្លន់យកម៉ូតូនៅមុខហាង សុធារ៉ា ប្តូរប្រាក់ នៅវេលាម៉ោង ២ជាងទាបភ្លឺចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ការឃាត់ខ្លួនក្មេងទំនើងជើងខ្លាំងខាងកាប់ចាក់នេះ ដោយអនុវត្តតាមការណែនាំនិងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកបានឲ្យកម្លាំងអធិការទាំង៩ក្រុងស្រុកចុះបង្ក្រាបបទល្មើសផ្សេងៗដូចភ្លៀងរលឹមនៅទីកន្លែងដែលខ្លួនកាន់កាប់ ទើបលោកដឹកនាំកម្លាំងផែនព្រហ្មទណ្ឌ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការគ្នាជាមួយកម្លាំងនគរបាលប៉ុស្តិ៍ ចុះស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនដៃដល់បាន១នាក់ឈ្មោះ វ៉ាន់ សុធី ហៅហួរ ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ក្រោយពីឃាត់ខ្លួនបានយកមកអធិការក្រុងប៉ោយប៉ែតដើម្បីសួរនាំជនសង្ស័យ ឈ្មោះ វ៉ាន់ សុធី បានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចថា សកម្មភាពប្លន់នោះមានគ្នាជាច្រើននាក់ទៀត ទើបលោកដឹកនាំកម្លាំងចុះស្រាវជ្រាវបន្តឈានដល់ឃាត់ខ្លួនបាន៨បន្ថែមទៀត។
ជនសង្ស័យឈ្មោះ វ៉ាន់ សុធី បានឆ្លើយសារភាពបន្តទៀតថា នៅម៉ោង២ជាងទាបភ្លឺចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ នៅមុខហាងប្តូរប្រាក់យីហោ សុធារ៉ា បក្ខពួកខ្លួនកំពុងអង្គុយផឹកទឹកកាធុម នៅចំណុចដំណក់ទឹក ស្ថិតក្នុងភូមិចាន់គិរី បានធ្វើសកម្មភាពកាប់អ្នកដឹកបាយដើម្បីប្លន់យកម៉ូតូគ្រឿង ពេលដែលប្លន់បានក្រុមខ្លួនគេចខ្លួនបាត់អស់។ ស្របពេលនោះកំលាំងនគរបាលបានធ្វើការពិនិត្យទឹកនោមរកឃើញក្មេងទំនើងទាំង៩នាក់មានជាប់សារធាតុញៀន។
ក្រោយពីធ្វើតេសទឹកនោមរួចរាល់មកជនសង្ស័យទាំង៩នាក់បានកសាងសំណុំរឿងបញ្ជូនមកស្នងការដើម្បីចាត់ការបន្តតាមនីតិវិធី។
អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងមានការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងជំនាញព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យបានកសាងសំណុំរឿងបញ្ជូនក្មេងទំនើងទាំងអស់ទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី៕