(ភ្នំពេញ)៖ បន្ទាប់ពីសាលារាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹងដល់គណបក្សសង្គ្រោះជាតិ មិនអនុញ្ញាតឲ្យរៀបចំកម្មវិធីជួបជុំអបអរសាទរ ខួបលើកទី២៥ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ថ្ងៃទី២៣តុលានៅទីលានប្រជាធិបតេយ្យ ដោយឲ្យរៀបចំនៅទីស្នាក់ការគណបក្សរបស់ខ្លួន ឬទីតាំងឯកជន សមរម្យណាមួយ ក៏ព្រោះដោយសារមានអង្គការ សង្គមស៊ីវិលមួយចំនួន ក៏បានស្នើសុំរៀបចំនៅទីលានប្រជាធិបតេយ្យក្នុងថ្ងៃតែមួយផងដែរ។
លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានអះអាងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២១ ខែតុលានេះថា ដោយសារតែមានអង្គការ សង្គមស៊ីវិលមួយចំនួនដូចជា លោក ស្រី ចំរើន តំណាងយុវជន និងនិស្សិតចំនួន១០០០នាក់, លោក ឯ សុភាស់ ប្រធានសមាគមរួមគ្នាដើម្បីអភវិឌ្ឍន៍កម្ពុជា, លោក ឡី សុភាព ប្រធានសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា, ក៏បានដាក់ពាក្យស្នើសុំផងដែរ ដូច្នេះដើម្បីកុំឲ្យមួយអត់មួយ សាលារាជធានីភ្នំពេញសម្រេច មិនអនុញ្ញាតឲ្យទាំងអស់គ្នាតែម្តង ដោយអនុញ្ញាតឲ្យទៅធ្វើនៅទីតាំងឯកជនណាមួយរបស់ខ្លួន។
អ្នកនំាពាក្យសាលារាជធានីភ្នំពេញរូបនោះ បានបញ្ជាក់ឲ្យដឹងទៀតថា សូម្បីតែគណបក្សប្រជាជនកម្ពុជា ក៏មិនអនុញ្ញាតឲ្យរៀបចំនៅទីលានប្រជាធិបតេយ្យផងដែរ ដោយគណបក្សប្រជាជនកម្ពុជា រៀបចំធ្វើនៅមជ្ឍមណ្ឌលកោះពេជ្រ ឯណោះវិញ។
សូមជំរាបថា នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦នេះ សាលារាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងដល់គណបក្សសង្គ្រោះជាតិឲ្យដឹងថា ការរៀបចំកម្មវិធី ជួបជុំអបអរសាទរខួបលើកទី២៥ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលាខាងមុខនេះ សាលារាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យនៅទីលាន ប្រជាធិបតេយ្យនោះទេ ដោយឲ្យរៀបចំនៅទីស្នាក់ការគណបក្ស ឬទីតាំងឯកជនសមរម្យណាមួយវិញ។
សាលារាជធានីភ្នំពេញ បានបន្ថែមថា ចំពោះការជូនដំណឹងប្រារព្ធពិធីអបអរសាទរខួបលើកទី២៥ នៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ នៅទីលានប្រជាធិបតេយ្យ របស់តំណាងក្រុមអ្នកតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិនោះ រដ្ឋបាលរាជធានីភ្នំពេញយល់ឃើញថា ខ្លឹមសារនៃ កិច្ចព្រមព្រៀង ទីក្រុងប៉ារីស ត្រូវបានសភាធម្មនុញ្ញរៀបចំជាធាតុផ្សំចូលក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងបានប្រកាសឲ្យប្រើប្រាស់ចាប់តាំងពីឆ្នាំ១៩៩៣ រហូតដល់បច្ចុប្បន្ននេះ។
អាជ្ញាធរក្រុងភ្នំពេញបានបន្ថែមទៀតថា ចំពោះការប្រមូលផ្ដុំជួបជុំ ដើម្បីសម្ដែងមតិរបស់ប្រជាពលរដ្ឋសម្រាប់ខួបលើកទី២៥ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅទីលានប្រជាធិបតេយ្យ រដ្ឋបាលរាជធានីភ្នំពេញ យល់ឃើញថា ជាប្រធានបទមិនសមស្របទៀតទេ ដូចនេះស្នើតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ គួរបានប្រារព្ធពិធីខាងលើ នៅទីស្នាក់ការគណបក្សរបស់ខ្លួន ឬទីតាំងឯកជនសមស្របណាមួយវិញ៕