(ក្រចេះ)៖ ក្នុងស្មារតីទទួលខុសត្រូវ និងឆ្លើយតបនឹងតម្រូវការចាំបាច់ដែលបងប្អូនប្រជាកសិករត្រូវការដើម្បីជួយសង្គ្រោះស្រូវរដូវប្រាំងដែលកំពុងខ្វះទឹក, លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ រួមនឹងក្រុមការងារ រដ្ឋបាលខេត្ត ស្រុកឆ្លូង បានបន្តចុះពិនិត្យស្ថានភាពនៃការអន្តរាគមន៍បូមទឹកស្រោចស្រពស្រែប្រាំងរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ នារសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

នាឱកាសនោះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា នេះជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែលបានខិតខំខ្នអខ្នែងក្នុងការផ្តល់អន្តរាគមន៍ទាន់ពេលវេាដើម្បីសង្គ្រោះស្រូវប្រជាពលរដ្ឋ។

ក្នុងឱកាសនេះ ក៏មានការអញ្ជើញចូលរួមរបស់លោក ស្យាហារ៉ូឌីន ប៊ីន អ៊ន (Shaharuddin Bin Onn) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ អំឡុងលោកធ្វើទស្សនកិច្ចនៅក្នុងខេត្តក្រចេះ និងត្រៀមចូលរួមក្នុងពិធីបើកសម្ពោធវិហារឥស្លាមមួយកន្លែងនៅក្នុងស្រុកអូរគ្រៀងសែនជ័យ។ លោក នេត្រ ភក្ត្រា និងឯកអគ្គរាជទូតម៉ាឡេស៊ី ក៏បានអញ្ជើញចូលរួម និងបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករដែលខ្វះទឹក នៅឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង។

តាមរយៈសកម្មភាពនៃការចុះអន្តរាគមន៍ដល់ទីតាំងរបស់ក្រុមការងារនិងរដ្ឋបាលមូលដ្ឋាន, ឯកអគ្គរាជទូតបានថ្លែងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្រុមការងារ និងរដ្ឋបាលខេត្តក្រចេះដែលបានខិតខំប្រឹងប្រែងជួយអន្តរាគមន៍សង្គ្រោះស្រូវបងប្អូនប្រជាពលរដ្ឋទាន់ពេលវេលា និងខិតខំបម្រើប្រជាពលរដ្ឋ។

នៅក្នុងខេត្តក្រចេះ ផ្ទៃដីស្រែប្រជាពលរដ្ឋជិត ៦០០ហិកតា ត្រូវប្រឈមមុខនឹងការខ្វះទឹក។ ប៉ុន្តែ ចាប់តាំងពីពាក់កណ្តាលខែមករាមក រដ្ឋបាលខេត្តក្រចេះ រួមជាមួយមន្ទីរជំនាញ ដោយមានការចូលរួមគាំទ្រពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះដឹកនាំដោយលោក នេត្រ ភក្ត្រា បានខិតខំដោះស្រាយអន្តរាគមន៍បូមទឹកពីប្រភពទន្លេមេគង្គដើម្បីដាក់ស្រែបងប្អូនប្រជាពលរដ្ឋ។ រហូតមកដល់ថ្ងៃទី១ ខែកុម្ភៈនេះ ស្រូវទាំងជិត ៦០០ហិកតានេះ ត្រូវបានសង្គ្រោះ និងមានការលូតលាស់ល្អដែលខ្លះបានចេញផ្លែ និងខ្លះទៀតត្រូវបានច្រូតកាត់រួចរាល់។

ការចុះត្រួតពិនិត្យ និងធ្វើអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ គឺជាការយកចិត្តទុកដាក់បំផុតពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងទាំងមន្ត្រីគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋាននានា និងអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើយ៉ាងសម្រួលដល់ការលំដាក់ធ្វើស្រែនៅក្នុងរដូវប្រាំងដែលខ្វះខាតទឹកសម្រាប់ស្រោចស្រពស្រូវ និងដំណាំជាដើម។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា សម្រាប់ការបូមទឹកបញ្ចូលស្រែនេះ គឺប្រើម៉ាស៊ីនជាច្រើនគ្រឿង ដើម្បីបូមទឹកប្រមាណ ១,២លានម៉ែត្រគូប ដោយប្រើរយៈពេល១ខែពេញ បូម ២២ម៉ោង លើ២៤ម៉ោង ដើម្បីធ្វើយ៉ាងកុំឱ្យស្រូវប្រាំងរបស់ប្រជាកសិករខ្វះទឹក និងស្កក។

នៅចំពោះមុខបងប្អូនប្រជាពលរដ្ឋ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តសំណូមពរដល់អាជ្ញាធរឃុំ ស្រុក មន្ទីរធនធានទឹក និងមន្ទីរកសិកម្មខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូន ត្រូវយកចិត្តទុកដាក់ចុះពិនិត្យស្រែប្រាំងប្រជាពលរដ្ឋនៅតាមបណ្ដាមូលដ្ឋានដទៃទៀត ធ្វើយ៉ាងណាប្រើឱ្យអស់លទ្ធភាពដើម្បីធានាឱ្យបាននូវការជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋដែល កំពុងខ្វះខាតទឹកឱ្យបានទាន់ពេលវេលា ទៅតាមភូមិសាស្រ្តជាក់ស្ដែងដែលមានប្រភពទឹកអាចជួយសង្គ្រោះបាន។ តាមការរំពឹងទុក ស្រូវរបស់ប្រជាពលរដ្ឋនៅឃុំព្រែកសាម៉ាន់នឹងត្រូវទទួលផលនៅអំឡុងដើមខែមីនា ខាងមុខនេះ៕

https://image.freshnewsasia.com/2021/id-022/fn-2025-02-01-22-50-11-8.JPG