(ភ្នំពេញ)៖ ក្នុងពេលចុះពិនិត្យដំណើរការសាកល្បងនៃគម្រោងផ្លូវថ្មើរជើង (Walk Street) នាល្ងាចថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅតាមផ្លូវថ្មើរជើងដែលទើបបើកដំណើរថ្មីនេះ រដ្ឋបាលរាជធានីភ្នំពេញក៏មានគម្រោងរៀបចំឱ្យមានស្តង់ម្ហូបអាហារ ការប្រគំតន្ត្រីសម័យ-បុរាណ រោងគូរគំនូរ កន្លែងលេងសៀករហ័សកម្មផ្សេងៗ ដើម្បីញ៉ាំងឱ្យការទស្សនារបស់ភ្ញៀវទេសចរកាន់តែសម្បូរបែប។

សូមជម្រាបថា ផ្លូវថ្មើរជើងដែលទើបបើកសាកល្បងនេះ គឺនៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតក្នុងខណ្ឌដូនពេញ ដែលត្រូវធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦៖០០នាទីយប់ រហូតដល់ម៉ោង១១៖០០នាទីយប់។

លោក ឃួង ស្រេង បានថ្លែងយ៉ាងដូច្នេះថា «ពាក់ព័ន្ធនឹងការរៀបចំស្តង់លក់ម្ហូបអាហារ ដើម្បីបម្រើដល់ភ្ញៀវជាតិនិងអន្តរជាតិដែលមកដើរលេងកម្សាន្តនៅទីនេះ រដ្ឋបាលរាជធានីភ្នំពេញក៏មានគម្រោងរៀបចំផងដែរ។ ទាំងទីតាំងស្តង់ម្ហូបអាហារ ទាំងការប្រគំតន្ត្រីសម័យ បុរាណ ការគូរគំនូរ កន្លែងលេងសៀករហ័សកម្មផ្សេងៗ ក៏ជាកន្លែងដែលប្រជាពលរដ្ឋចង់បង្ហាញពីសមត្ថភាពរបស់ខ្លួន និងបង្ហាញពីស្នាដៃរបស់បុព្វបុរសយើងដែលបានបន្សល់ទុកឲ្យកូនចៅយើងមកដល់ពេលនេះ»។

លោកអភិបាលរាជធានីភ្នំពេញ ក៏បានថ្លែងនូវការអរគុណចំពោះប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅក្នុងគម្រោងផ្លូវថ្មើជើងនេះ ដែលបានចូលរួមសហការជាមួយអាជ្ញាធរបានយ៉ាងល្អ។ ការចូលរួមសហការយ៉ាងល្អនេះ នឹងធ្វើឲ្យរាជធានីភ្នំពេញមានអ្វីៗសព្វបែបយ៉ាងជាបន្តបន្ទាប់ទៀត។

លោក ឃួង ស្រេង បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានបំណងចង់មកទស្សនា ក៏ដូចជាការដើរលេងកម្សាន្ត ហាត់ប្រាណដើម្បីសុខភាពនៅទីតាំងខាងលើនេះ សូមកុំប្រើប្រាស់យានជំនិះខ្លួនឯង ដោយពលរដ្ឋអាចប្រើប្រាស់ជាម៉ូតូកង់បី ឬក៏រថយន្តដឹកជញ្ជូនសាធារណៈ។ ដើម្បីឱ្យដំណើរការបើកសាកល្បងផ្លូវថ្មើរជើង (Walk Street) ប្រកបដោយជោគជ័យ រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញស្នើសុំបិទផ្លូវ និងពង្វាងចរាចរណ៍សម្រាប់យានយន្តគ្រប់ប្រភេទតាមពេលវេលាដែលបានកំណត់ ដើម្បីទុកឱ្យប្រជាពលរដ្ឋធ្វើដំណើរថ្មើរជើង។

លោក ឃួង ស្រេង បានបន្ថែមថា រាជធានីភ្នំពេញកំពុងត្រៀមលក្ខណៈដាំដើមឈើចំនួន៧៥ហិកតានៅតំបន់ដ៏ល្អមួយ ដើម្បីជាជម្រើសឲ្យប្រជាពលរដ្ឋអាចទៅដើរលេងកម្សាន្តនៅក្នុងទីតាំងដែលមានដើមឈើនោះ ក៏ដូចការជ្រើសរើសទីតាំងមកដើរលេងនៅតាមផ្លូវខាងលើនេះផងដែរ ព្រោះប្រជាពលរដ្ឋសព្វថ្ងៃរស់នៅក្នុងភាពស៊ីវិល័យហើយ៕