(រតនគិរី)៖ គិតចាប់ពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ មកដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦នេះ មន្រ្តីជំនាញនៃមន្ទីរជំនាញសុរិយោដីខេត្តរតនគិរី បានចុះវាស់វែងក្បាលដីកាន់កាប់ជាក់ស្តែង ពីក្រុមហ៊ុនអភិវឌ្ឍន៍ចម្ការកៅស៊ូ ឡាបានសៀក ជូនប្រជាពលរដ្ឋរស់នៅភូមិចំនួន៥ ក្នុងសង្កាត់កាចាញ ក្រុងបានលុង បានចំនួន៤០ក្បាលដី បន្ទាប់ពីមានបទបញ្ជារបស់នាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន កាលពីពេលដែលសម្តេចអញ្ជើញចុះសួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរី។
លោក ទឹម មុន្នីរ័ត្ន អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តរតនគិរី បានឲ្យដឹងថា ដើម្បីឆ្លើយតបនឹងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ដែលបានប្រកាសកាត់ដីសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុនអភិវឌ្ឍន៍ចម្ការកៅស៊ូ ឡាបានសៀក ជូនប្រជាពលរដ្ឋ៥ភូមិ ក្នុងសង្កាត់កាចាញ ក្រុងបានលុង ក៏ដូចជាធ្វើតាមការចង្អុលបង្ហាញរបស់ លោកទេសរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តរតនគិរី និងលោក ថង សាវុន អភិបាលខេត្តរតនគិរីនោះ មន្ទីរបានចាត់បញ្ជូនមន្ត្រីជំនាញ១៥នាក់ ចុះធ្វើការវាស់វែងក្បាលដី ដើម្បីធ្វើប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋភ្លាម។
ចំពោះពេលវេលា នៃការវាស់វែងលឿន ឬយឺត គឺអាស្រ័យលើម្ចាស់ក្បាលដីទាំងអស់ ចូលរួមសហការជាមួយក្រុមមន្ត្រីជំនាញ តែទោះជាយ៉ាងណា ខាងមន្ត្រីជំនាញ នឹងខិតខំប្រឹងប្រែងអនុវត្តការងារនេះ ឲ្យទទួលបានជោគជ័យ។
តាងនាមឱ្យប្រជាពលរដ្ឋ លោក ទន់ ពៅ ចៅសង្កាត់កាចាញ បានថ្លែងអំណរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានសម្រេចកាត់ដីសម្បទានសេដ្ឋកិច្ច ក្រុមហ៊ុនអភិវឌ្ឍន៍ចម្ការកៅស៊ូ ឡាបានសៀក ខាងលើជូនប្រជាពលរដ្ឋទាំង ៥ភូមិ ក្នុងសង្កាត់កាចាញ ផងដែរ។
លោក ទន់ ពៅ បានចាត់ទុកចំណាត់ការរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី គឺជាការឆ្លើយតបនឹងបំណងប្រាថ្នាចង់បានរបស់ប្រជាពលរដ្ឋ ក្នុងសង្កាត់កាចាញ ទាំងមូល។
សូមបញ្ជក់ថា ភាពចម្រូងចម្រាស់ដីធ្លីរវាងប្រជាពលរដ្ឋ ១,២៦០គ្រួសារ ក្នុងភូមិចំនួន៥ ក្នុងសង្កាត់កាចាញ ជាមួយក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច អភិវឌ្ឍន៍ចម្ការកៅស៊ូ ឡាបានសៀក បានកើតឡើងជាច្រើនឆ្នាំមកហើយ តែនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងដំណើរចុះសួរសុខទុក្ខប្រជាពលរដ្ឋ ក្នុងខេត្តរតនគិរី របស់សម្តេចតេជោ ហ៊ុន សែន សម្តេចបានប្រកាសកាត់ដីពីក្រុមហ៊ុនខាងលើ ជូនប្រជាពលរដ្ឋ ១,២៦០គ្រួសារ ក្នុងសង្កាត់កាចាញ ព្រមទាំងធ្វើប័ណ្ណកម្មសិទ្ធិជូនពួកគាត់ផងដែរ៕