(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានផ្អាកការចុះលេងទឹកជាបណ្តោះអាសន្ននៅឆ្នេរព្រែកត្រែង ដោយសារមានកំណកប្រេងអណ្តែតមកលើឆ្នេរ ខណៈនាល្ងាចថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ការសម្អាតបាន៩០ភាគរយហើយ។
បើគិតត្រឹមល្ងាចថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ការសម្អាតប្រេងដែលអណ្តែតមកលើឆ្នេរ ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ និងឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីអាជ្ញាធរដែនដី និងមន្ទីរអង្គភាពពាក់ព័ន្ធ ទទួលបានលទ្ធផលប្រមាណ៩០ភាគរយហើយ ដោយឡែកចំពោះកាកសំណល់ប្រេងដែលនៅសេសសល់ក្រុមការងារនឹងបន្ដសម្អាតបន្ថែមទៀតឱ្យបានឆាប់រួចរាល់។
ចំពោះប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលមានបំណងមកកម្សាន្តនៅឆ្នេរព្រែកត្រែង អាចលេងនៅលើឆ្នេរខ្សាច់ជាធម្មតា ប៉ុន្តែសូមផ្អាកចុះលេងទឹកជាបណ្តោះអាសន្ន ដើម្បីទុកលទ្ធភាពជូនក្រុមការងារធ្វើការសម្អាត និងចៀសវាងផលប៉ះពាល់ផ្សេងៗ៕