(កំពត)៖ ធម្មជាតិបានផ្តល់ផលប្រយោជន៍ទ្រទ្រង់ជីវិត ហេតុអ្វីក៏មានចេះថែទាំ និង​ស្រឡាញ់ធម្មជាតិ? ម្ចាស់អាហារដ្ឋានមានឈ្មោះ «ម៉ាក់ឈូឈូ» ត្រូវបានរកឃើញ​ថា ជាអ្នកបង្ហូរទឹកកខ្វក់ចូលទៅក្នុងទឹកព្រែក នៅរមណីយដ្ឋានទឹកឈូ ស្ថិតក្នុង​ស្រុក​ទឹកឈូ ខេត្តកំពត។

រមណីយដ្ឋានទឹកឈូ ជាកន្លែងលេងកម្សាន្តដ៏ទាក់ទាញមួយនៅលើទឹកដីខេត្ត​កំពត។ អ្នកទេសចរជិតឆ្ងាយ បានទៅដល់ខេតកំពតហើយ កម្ររំលងរមណីយដ្ឋាន​ធម្មជាតិមួយនេះណាស់ ព្រោះមានទឹកសម្រាប់ងូត និងលេងកម្សាន្ត។ តាមរយៈ​រម​ណីយដ្ឋានធម្មជាតិនេះ បានផ្តល់នូវមុខរបរ និងចំណូលដល់ប្រជាពលរដ្ឋជាច្រើន​គ្រួសារ។

នៅពេលថ្មីៗនេះ អ្នកទេសចរ ដែលទៅលេងរមណីយដ្ឋានទឹកឈូ បានឃើញការ​បង្ហូរ​ទឹកខ្មៅកខ្វក់ចេញពីអាហារដ្ឋាននានានៅតំបន់នោះចូលទៅក្នុងទឹកព្រែក​ធម្ម​ជាតិ។ ការបង្ហូរទឹកកខ្វក់ចូលទៅក្នុងទឹកធម្មជាតិ នឹងធ្វើឱ្យទឹកលែងស្អាត មាន​សភាព​​កខ្វក់ ក្លិនស្អុយក្នុងទឹក ប៉ះពាល់ដល់ភ្ញៀវទៅលេងកម្សាន្ត និងធ្វើឱ្យប៉ះ​ពាល់​ធនធានក្នុងទឹកថែមទៀតផង។

វីដេអូបង្ហូរទឹកកខ្វក់ចូលទឹកព្រែកធម្មជាតិ បានសាយភាយពេញបណ្តាញសង្គម ហើយ​ក៏បានជ្រាបដល់អាជ្ញាធរខេត្ត រួមនិងលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ផងដែរ។ ក្រោយឃើញវីដេអូនោះ លោក អ៊ាង សុផល្លែត បានណែនាំបន្ទាន់​ទៅកាន់ប្រធានមន្ទីរបរិស្ថានឱ្យចុះទៅពិនិត្យ។

នៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារមន្ទីរបរិស្ថានខេត្តកំពត សហ​ការ​ជាមួយរដ្ឋបាលស្រុកទឹកឈូ មន្ទីរទេសចរណ៍ខេត្ត និងអាជ្ញាធរភូមិ-ឃុំ ចុះត្រួត​ពិនិត្យ​​ករណីបង្ហូរសំណល់រាវទឹកកខ្វក់នេះ។ អាជ្ញាធរបានរកឃើញថា ទឹកកខ្វក់នេះ បង្ហូរចេញពីទីតាំងអាហារដ្ឋាន «ម៉ាក់ឈូឈូ»។ ក្រុមការងារពិនិត្យឃើញថា លូបង្គន់​បន្ទប់ទឹកអាហារដ្ឋាននេះ មានបរិមាណសំណល់រាវ ទឹកកខ្វក់ពេញហៀរចេញ ហូរ​ចូល​ក្នុងព្រែកទឹកឈូ និងមានធុងសិបទិកចំនួួន១ធុងតែមិនដំណើរការ។

បន្ទាប់ពីពិនិត្យឃើញបែបនេះ ក្រុមការងារតម្រូវឱ្យម្ចាស់អាហារដ្ឋាន «ម៉ាក់ឈូឈូ» បញ្ឈប់ការបង្ហូរសំណល់រាវ ទឹកកខ្វក់ចូលក្នុងព្រែក និងត្រូវបូមលូស្តុកសំណល់រាវ ទឹកកខ្វក់ ចេញពីលូបង្គន់បន្ទប់ទឹកឱ្យបានរួចរាល់ នៅល្ងាចថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្រុមការងារ ក៏បានណែនាំឱ្យបញ្ឈប់ជាបន្ទាន់នូវការបង្ហូរសំណល់រាវ ទឹកកខ្វក់ចូល​ក្នុងព្រែក និងត្រូវរៀបចំអាងចម្រោះ ឬធុងសិបទិកតាមលក្ខណៈបច្ចេកទេស​ចាប់​ពី​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ និងឱ្យរួចរាល់យ៉ាងយូរត្រឹមថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥។

ក្រុមការងារដែលបានចុះជាពិសេសអាជ្ញាធរស្រុកទឹកឈូក បានព្រមានថា បើមាន​ករណី​នេះបន្តទៀត ម្ចាស់ទីតាំងនឹងទទួលខុសត្រូវចំពោះមុខច្បាប់។

ក្នុងឱកាសនោះ ក្រុមការងារក៏បានចុះពិនិត្យទីតាំងអាហារដ្ឋាននៅក្បែរៗនោះទាំង​អស់​ពុំឃើញ​មានការបង្ហូរទឹកកខ្វក់ចូលព្រែកនោះទេ ព្រមទាំងបានណែនាំ​ម្ចាស់​ទីតាំង​​ត្រូវរៀបចំអាងចម្រោះ ឬធុងសិបទិក តាមលក្ខណៈបច្ចេកទេសឱ្យបានឆាប់​រហ័ស កុំឱ្យហៀរដូចករណីខាងលើ។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានថ្លែងអំណរគុណដល់មន្ត្រីមន្ទីរ​បរិស្ថាន ក៏ដូចជាអាជ្ញាធរក្នុងស្រុកទឹកឈូ ដែលបានចាត់វិធានការឆាប់រហ័សលើ​សកម្មភាពបង្ហូរទឹកកខ្វក់ចូលក្នុងទឹកធម្មជាតិនេះ។

លោករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ម្ចាស់អាហារដ្ឋាន អ្នកប្រកបរបរបម្រើសេវាម្ហូប​អាហារនៅគ្រប់ទីកន្លែងកម្សាន្តធម្មជាតិ ចូលរួមថែរក្សាបរិស្ថាន ដោយទុកដាក់​សំរាម ឱ្យបានត្រឹមត្រូវ និងចៀសវាងការបង្ហូរទឹកកខ្វក់ចូលទឹកជ្រោះ ទឹកស្ទឹង ទឹកព្រែក ទន្លេ និងឆ្នេរជាដើម ដែលជាហេតុបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន ដល់គុណភាពទឹក និងភាពស្រស់ស្អាតនៅតាមតំបន់ទាំងនោះ៕