(ភ្នំពេញ)៖ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេចាប់មុខប្រៃសណីយ៍កម្ពុជា រហូតដល់មុខព្រះបរមរាជវាំង (ផ្លូវលេខ២៤០) រដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យដំណើរការជាជំហានដំបូង ដោយចាប់ផ្តើមនៅរៀងរាល់ល្ងាច ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១១យប់។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី បានដឹកនាំមន្ដ្រី និងអាជ្ញាធរពាក់ព័ន្ធ ដើរតាមបណ្តោយផ្លូវមាត់ទន្លេ ចាប់ពីចំណុចមុខសាលសន្និសីទចតុមុខ កាត់មុខព្រះបរមរាជវាំងរហូតដល់រង្វង់មូលវត្តភ្នំ។

គម្រោងផ្លូវថ្មើរជើង (Walk street) ត្រូវបិទបិទចរាចរណ៍យានជំនិះគ្រប់ប្រភេទ រៀបចំបង្គន់អនាម័យ និងការងាររៀបចំសណ្តាប់ធ្នាប់ការលក់ដូរនៅលើតម្រាយផ្លូវនេះ ឱ្យបានល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ។

នៅមុនឈានទៅដល់ថ្ងៃបើក អាជ្ញាធរត្រូវធ្វើជូនដំណឹងដើម្បីណែនាំប្រជាពលរដ្ឋរស់នៅតំបន់នេះ ឱ្យបានយល់ពីគម្រោងនេះ។ អាជ្ញាធរត្រូវរៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អ ជាមួយនឹងការផ្សព្វផ្សាយឱ្យបានទូលំទូលាយ កុំឱ្យយានយន្តចូល ពេលបើកដំណើរការ នៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យ។ ក្រោយដំណើរការអាជ្ញាធរ នឹងការដកបទពិសោធន៍ ដើម្បីកែលំអរផ្លូវថ្មើរជើង (Walk street) នេះឱ្យកាន់តែល្អប្រសើរថែមទៀត៕