(ក្រចេះ)៖ ព្រះអង្គគ្រូ ព្រះសិរីសម្ភារ៍​ បណ្ឌិត​ អេង​ ផល្លា​ ព្រះរាជាគណៈកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា​ ព្រះអនុគណស្រុកសំបូរ​ ខេត្តក្រចេះ និងជាព្រះចៅអធិការវត្តព្រះវិហារធំសសរ១០០​ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បាននាំយកបច្ច័យចំនួន ៦,៦៦០,០០០រៀល ស្បង់ស្បៃ ត្រៃចីវរ មុង ភួយ កន្ទេល ខ្នើយ ទេយ្យទាន គ្រឿងឧបភោគ បរិភោគ ទឹកបរិសុទ្ធ ភេសជ្ជៈ និងសម្ភារប្រើប្រាស់មួយចំនួនធំ ប្រគេនដល់ព្រះចៅអធិការវត្តរតនរង្សី​ (កោះច្បារលើ)​។

ពិធីនេះក៏មានការនិមន្តអមដំណើរពីព្រះវិមលរតនៈ ទេព ហត្ថា ព្រះរាជាគណៈកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះសុគន្ធសីលសារ ព្រះមេគណខេត្តក្រចេះ ដឹកនាំសហការីមន្ត្រីសង្ឃ សាលាគណ ខេត្តក្រចេះ ព្រះគ្រូអនុគណទាំង៧ ក្រុង ស្រុក ព្រមទាំងសហការី និងពុទ្ធបរិស័ទផងដែរ។

គួរឱ្យដឹងថា អគ្គិភ័យបានឆេះកុដិព្រះសង្ឃដែលមានទទឹង ៧ម៉ែត្រ និងបណ្តោយ ៩ម៉ែត្រ នៅវត្តរតនរង្សី (កោះច្បារលើ) ភូមិកោះច្បារ ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ ខូចខាតកុដិទាំងស្រុង សម្ភារប្រើប្រាស់ និងគ្រឿងឈើមួយចំនួនធំ នារាត្រីថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១០: ៣០នាទីយប់ មូលហេតុដោយសារភ្លើងទៀន កន្លងទៅថ្មីៗនេះ៕