(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ថាក្នុងរយៈពេល០៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីយជនជាតិចិន-វៀតណាម បទល្មើសព្រហ្មទណ្ឌ និងបទល្មើសនានាបានថយចុះគួរឱ្យកត់សម្គាល់ ខណៈសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋកម្សាន្តសប្បាយក្នុងពិធីទទួលបានលទ្ធផលល្អប្រសើរ។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានឱ្យដឹងថា ចំពោះបទល្មើសព្រហ្មទណ្ឌបានកើតឡើងទូទាំងប្រទេសចំនួន ២៤លើក ថយចុះ១៥លើក ស្មើនឹង៣៨ភាគរយ, បទល្មើសឧក្រិដ្ឋកើតឡើង៧លើក ថយចុះ២លើក ស្មើនឹង២២ភាគរយ, បទល្មើសមជ្ឈិមកើតឡើង១៧លើក ថយចុះ១៣លើក ស្មើនឹង ៤៣ភាគរយ។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃនេះ សមត្ថកិច្ចបានឃាត់ខ្លួនម​នុស្ស ៤០នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌផងដែរ។ ខណៈបទល្មើសគ្រឿងញៀន សមត្ថកិច្ចបានបង្ក្រាបចំនួន ១៨លើក ឃាត់ខ្លួនមនុស្ស ៤៣នាក់ ដកហូតបានគ្រឿងញៀន ៣គីឡូ ៤៥៤,៩៤ក្រាម។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្ថែមថា ក្នុងនោះសមត្ថកិច្ចបានបង្ក្រាបក្រុមក្មេងទំនើងចំនួន ១៣ករណី ឃាត់ខ្លួនចំនួន៥៣នាក់។ ដោយឡែកសមត្ថកិច្ចបង្ក្រាបការញៀនល្បែងស៉ីសងចំនួន ៦ករណី ឃាត់ខ្លួនមនុស្ស ១៦នាក់ ដើម្បីធ្វើការអប់រំ និងកិច្ចសន្យាជាដើម។

ក្នុងរយៈពេល០៣ថ្ងៃ នៃពិធីបុណ្យនេះដែរ កម្លាំងសមត្ថកិច្ចបានសហការជាមួយកម្លាំងពាក់ព័ន្ធ ធ្វើការការពារ សន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋកម្សាន្តសប្បាយក្នុងពិធីទទួលបានលទ្ធផលល្អប្រសើរ៕