(ភ្នំពេញ)៖ ក្នុងរយៈពេល០៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីយជនជាតិចិន-វៀតណាម ឆ្នាំ២០២៥នេះ នៅទូទាំងប្រទេសកម្ពុជា កើតមានគ្រោះថ្នាក់ចរាចរណ៍ចំនួន៤០លើក ថយចុះ៦លើក ស្មើនឹង១៣ភាគរយ បណ្តាលឱ្យស្លាប់មនុស្ស២១នាក់ ថយចុះ៨នាក់ ស្មើនឹង២៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពឆ្នាំមុន។

បើប្រៀបធៀបនឹងឆ្នាំ២០២៤ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៤៦លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន២៩នាក់។

នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានឱ្យដឹងថា រយៈពេល៤ថ្ងៃនេះ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានបង្កឱ្យមនុស្សរបួសចំនួន ៤៨នាក់ ថយចុះ១១នាក់ ស្មើនឹង១៩ភាគរយ បើធៀបនឹងឆ្នាំ២០២៤ មានមនុស្សចំនួន ៥៩នាក់ បានរងរបួស។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិរូបនេះ បានបញ្ជាក់ថា សមត្ថកិច្ចបានអនុវត្តន៍ច្បាប់ចរាចរណ៍លើយានយន្តល្មើសច្បាប់ចំនួន ៣១១គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១១៣គ្រឿង។ សម្រាប់យានយន្តល្មើសច្បាប់ទាំងនេះបណ្តាលមកពីការស្រវឹងស្រាចំនួន២២២នាក់, លើសល្បឿនកំណត់ ៦៥នាក់ និងករណីល្មើសច្បាប់ចរាចរណ៍ផ្សេងៗចំនួន ២៤នាក់ផងដែរ។

របាយការណ៍បានបញ្ជាក់ផងដែរថា សភាពការណ៍សន្តិសុខ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន និងវៀតណាមឆ្នាំ២០២៥ ពុំមានអ្វីកើត ឡើងគួរឱ្យកត់សម្គាល់ឡើយ។ ខណៈបញ្ហាគ្រោះមហន្តរាយរួមមាន៖ អគ្គិភ័យកើតឡើងចំនួន ២១លើក, ឆេះផ្ទះ២១ខ្នង, ឃ្លាំង២, កញ្ចុះ៩ បន្ទប់១ តូប៤ ព្រៃ៧ គំនរក្រដាស១ សមត្ថកិច្ចបានប្រើប្រាស់ទឹកចំនួន ៦១ឡាន៕