(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកគណៈអចិន្រ្តយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងលោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សក្នុងខែមករា និងលើកទិសដៅការងារខែកុម្ភៈ និងការផ្សព្វផ្សាយសេចក្ដីជូនដំណឹងស្ដីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅមន្ទីរគណបក្សខេត្ត។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីអនុប្រធាន សមាជិក សមាជិកា ក្រុមការងារចុះជួយមូលដ្ឋានខេត្ត ក្រុង ស្រុក-ឃុំ-សង្កាត់ ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស ខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ សរុប៤៥០នាក់។
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍វឌ្ឍនភាពការងារមួយចំនួនរបស់គណបក្ស និងការចូលរួមជាមតិយោបល់របស់អង្គប្រជុំរួចមក លោក ហ៊ុន ម៉ានី បានធ្វើការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការអនុវត្តការងាររបស់គណៈកម្មាធិការគណបក្សខេត្ត ក្រុមការងារចុះជួយខេត្ត ស្រុក ឃុំ និងសមាជិក សមាជិកាបក្សទាំងអស់ ដែលបានបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាននូវសមិទ្ធផលធំៗ ជាច្រើនគួរឲ្យកត់សម្គាល់។
ទន្ទឹមនេះ លោក ហ៊ុន ម៉ានី បានជំរុញ លើកទឹកចិត្តឲ្យគណៈកម្មាធិការគណបក្សខេត្ត ដកស្រង់អនុសាសន៍របស់ថ្នាក់ដឹកនាំជាឧត្តមមន្ដ្រីរបស់គណបក្ស ដើម្បីយកទៅសិក្សា និងអនុវត្តបំពេញបន្ថែម ដើម្បីពង្រឹង និងពង្រីកភាពឈ្នះរបស់គណបក្សប្រជាជនកម្ពុជា។
ក្នុងឱកាសនេះ លោក ហ៊ុន ម៉ានី បានលើកឡើងនូវអនុសាសន៍របស់សម្ដេចតេជោ ប្រធានបក្សប្រជាជនកម្ពុជា នៅក្នុងសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្តិទី៥ កាលពីថ្ងៃទី២៥-២៦ ខែមករា ឆ្នាំ២០២៥ កន្លងទៅនេះជូនដល់អង្គប្រជុំ ដែលជាមូលដ្ឋានក្នុងការផ្សព្វផ្សាយ បណ្ដុះមនសិការ ទស្សនៈ និងគោលជំហរក្នុងក្របខណ្ឌគណបក្ស ជូនដល់គ្រប់អង្គការចាត់តាំងនិងរចនាសម្ព័ន្ធបក្សគ្រប់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជាឲ្យកាន់តែមានភាពធន់ និងរឹងមាំ៕