(ភ្នំពេញ)៖ ទ្រនិចនាឡិកា Doomsday Clock បានមួលបង្វិលថយក្រោយមួយវិនាទីនៅក្នុងឆ្នាំ២០២៥នេះ ដែលជាសញ្ញាដាស់តឿនថា ពិភពលោកមានហានិភ័យកាន់តែខ្លាំងជាងពេលមុនៗ ដែលមនុស្សលើផែនដី ត្រូវមានវិធានការទប់ស្កាត់គ្រោះមហន្តរាយដែលនឹងអាចកើតឡើង។ តើចំណុចធំៗអ្វីខ្លះ ដែលនាឡិកា Doomsday Clock ព្យាករណ៍ជុំវិញការនាំគ្រោះថ្នាក់មកដល់មនុស្សលើផែនដីនេះ? Fresh Exclusive មានអត្ថបទស៊ីជម្រៅ ដូចតទៅ៖

នៅថ្ងៃទី២៨ មករា ឆ្នាំ២០២៥ ព្រឹត្តិបត្រនៃអ្នកវិទ្យាសាស្ត្រអាតូមិក បានកំណត់ទ្រនិចនាឡិកា Doomsday នៅ ៨៩វិនាទីមុនពាក់កណ្តាលអធ្រាត្រ ដែលជាចំណុចជិតបំផុតចំពោះនិមិត្តរូប នៃគ្រោះមហន្តរាយជាសកល។

Doomsday Clock ចាប់តាំងពីថ្ងៃបង្កើតដំបូងក្នុងឆ្នាំ១៩៤៧ គេបានកំណត់រយៈពេល ៧នាទីមុននឹងដល់ពាក់កណ្តាលអាធ្រាត្រ ឬនាទីនៃអវសានរបស់ពិភពលោក។ ទ្រនិចនាឡិកានោះ ត្រូវបានគេបង្វិលថយក្រោយបន្តិចម្តងៗស្ទើរជារៀងរាល់ឆ្នាំ ដែលជានិមិត្តរូបការឈានទៅរកក្បែរជ្រោះមរណៈរបស់ពិភពលោក មានន័យថា បើទ្រនិចនាឡិកា ត្រូវបានបង្វិលមកចំនាទីពាក់កណ្តាលអធ្រាត្រ វាគឺតំណាងឱ្យពេលវេលានៃ គ្រោះមហន្តរាយទាំងស្រុងកើតឡើង នៅលើពិភពលោក ដែលមានន័យថា ភពផែនដីនឹងមិនអាចមានមនុស្សរស់នៅបានឡើយ។

* តើអ្នកណាបង្កើត Doomsday Clock?
Doomsday Clock ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤៧ និងថែរក្សាទុកដោយអង្គការ «ព្រឹត្តិប័ត្ររបស់ក្រុមវិទ្យាសាស្ត្រអាតូមិក» Bulletin of the Atomic Scientists។ នាឡិកា Doomsday Clock ឬនាឡិកាថ្ងៃទន្សាពិភពលោក គឺជាឧបករណ៍ដើម្បីតាមដាននិងវាយតម្លៃអំពីពេលវេលានៃទីអវសាន្តពិភពលោក និងជាការផ្តួចផ្តើមគំនិតរបស់សាស្ត្រាចារ្យ Albert Einstein, សាស្ត្រាចារ្យ J. Robert Oppenheimer និងអ្នកវិទ្យាសាស្ត្រដទៃទៀតតាំងពីឆ្នាំ១៩៤៥ ដើម្បីជាសញ្ញាដាស់តឿន ក៏ដូចជាការព្រមានប្រាប់ពិភពលោកឱ្យដឹងជាមុននូវគ្រោះថ្នាក់ដែលធ្វើឱ្យភពផែនដីវិនាស ដោយសារតែទង្វើរបស់មនុស្សខ្លួនឯង លើភពផែនដីនេះ។

អង្គការព្រឹត្តិប័ត្ររបស់ក្រុមវិទ្យាសាស្ត្រអាតូមិកនេះ មានមូលដ្ឋាននៅក្នុងទីក្រុង Chicago នៃរដ្ឋ Illinois សហរដ្ឋអាមេរិក។ សមាសភាពក្នុងអង្គការនេះ រួមមានក្រុមប្រឹក្សាអ្នកឧបត្ថម្ភ និងក្រុមប្រឹក្សាវិទ្យាសាស្ត្រនិងសន្តិសុខ គិតត្រឹមខែតុលា ឆ្នាំ២០១៨ រួមមានអ្នកធ្លាប់ទទួលពានរង្វាន់ណូបែលចំនួន១៤នាក់។ បច្ចុប្បន្នអង្គការនៃព្រឹត្តិប័ត្ររបស់ក្រុមវិទ្យាសាស្ត្រអាតូមិកដឹកនាំដោយលោក Daniel Holz ។

ជារៀងរាល់ឆ្នាំគឺនៅក្នុងខែមករា ក្រុមអ្នកវិទ្យាសាស្ត្រ តែងធ្វើការសម្រេចការបង្វិលនាទីទ្រនិចនាឡិកា Doomsday Clock នេះ ដើម្បីបង្ហាញប្រាប់ពិភពលោកថាតើពិភពលោកកំពុងស្ថិតក្នុងគម្លាតប៉ុណ្ណាពីទីអវសានរបស់ខ្លួន។

* ពីទ្រនិចចំណុច១០០វិនាទី ដល់ ៨៩វិនាទី
ក្នុងឆ្នាំ២០២០, ២០២១ និងឆ្នាំ២០២២, ទ្រនិចនាឡិកា Doomsday Clock បានកំណត់រយៈពេល១០០វិនាទី មុនដល់ពាក់កណ្តាលអាធ្រាត្រ ប៉ុន្តែឈានចូលឆ្នាំ២០២៣, ទ្រនិចបានមួលបង្ខិតមក ៩០វិនាទី ខណៈក្តីបារម្ភបានកើតឡើងជុំវិញសង្គ្រាមនុយក្លេអ៊ែរ និងបន្តមកដល់ឆ្នាំ២០២៤ ទ្រនិចនាទីនេះ នៅរក្សា៩០វិនាទីមុនដល់ពាក់កណ្តាលអាធ្រាត្រជាដដែល ប៉ុន្តែឈានចូលខែមករា ឆ្នាំ២០២៥ ទ្រនិចបានមួយបង្វិលថយក្រោយមួយវិនាទីថែមទៀត ដែលជានិមិត្តរូបបង្ហាញថា ឆ្នាំ២០២៥ កាន់តែគ្រោះថ្នាក់ខ្លាំងជាងឆ្នាំ២០២៤ថែមទៀត។

ការមួលទ្រនិចបន្ថយមួយវិនាទីនេះ ទោះបីជាមើលឃើញថាមានលក្ខណៈតិចតួច ប៉ុន្តែជាការឆ្លុះបញ្ចាំងពីការព្រួយបារម្ភកាន់តែខ្លាំងឡើងលើការគំរាមកំហែងសំខាន់ៗមួយចំនួនក្នុងពិភពលោកនេះ។ តើហានិភ័យគម្រាមសម្រាប់ឆ្នាំ២០២៥ មានអ្វីខ្លះ?

១. ហានិភ័យនុយក្លេអ៊ែរ៖ សង្រ្គាមដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន ឥឡូវនេះបានឈានជិតដល់ចុងឆ្នាំទី៣ របស់ខ្លួនហើយ ជាមួយក្តីបារម្ភលើហានិភ័យគ្រោះថ្នាក់ដោយសារគ្រឿងសព្វាវុធនុយក្លេអ៊ែរ បើសិនតែមានការគណនាខុសនោះ គ្រោះថ្នាក់នឹងអាចកើតមានជាមិនខាន។ លើសពីនេះ ការបង្កើនភាពតានតឹងនៅមជ្ឈិមបូព៌ា គឺហានិភ័យនឹងពង្រីកទៅជាជម្លោះកាន់តែទូលំទូលាយរាលដាលថែមទៀតបើទោះបីជារដ្ឋបាលថ្មីអាមេរិក ដឹកនាំដោយប្រធានាធិបតីលោក ដូណាល់ ត្រាំ ដែលអះអាងថាជាប្រធានាធិបតីសន្តិភាពក៏ដោយ។

២. បម្រែបម្រួលអាកាសធាតុ៖ ទិន្នន័យថ្មីៗបង្ហាញពីសូចនាករអាកាសធាតុកាន់តែអាក្រក់ រួមទាំងការកត់ត្រាការកើនឡើងកម្រិតទឹកសមុទ្រ និងសីតុណ្ហភាពលើផ្ទៃផែនដី។ ទោះបីជាមានការកើនឡើងនៃប្រភពថាមពលកកើតឡើងវិញដូចជាពន្លឺព្រះអាទិត្យ និងខ្យល់ក៏ដោយ ក៏កិច្ចខិតខំប្រឹងប្រែងនៅតែមិនគ្រប់គ្រាន់ ដើម្បីធ្វើស្ថិរភាពអាកាសធាតុ។ ម្យ៉ាងទៀតការប្រកាសរបស់លោក ដូណាល់ ត្រាំ ចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស គឺជាការបារម្ភនៃការកាន់តែកើនឡើង នៃគ្រោះមហន្តរាយអាកាសធាតុ ដោយសារតែពិភពលោក បាត់បង់នូវថវិកាជំនួយច្រើនពាន់លានដុល្លារនៃការវិនិយោគថាមពលបៃតង ហើយការដកខ្លួនរបស់សហរដ្ឋអាមេរិក ដែលជាប្រទេសបញ្ចេញកាបូនដ៏ធំបំផុតមួយលើភពផែនដី នឹងបង្កផលប៉ះពាល់លើកិច្ចប្រឹងប្រែងរួមរបស់សកលលោក ខណៈការព្រមានអំពីការកើនឡើងសីតុណ្ហភាព កម្តៅ និងការកើនឡើងកម្រិតទឹកសមុទ្រ អាចធ្វើឱ្យពិភពលោកជួបប្រទះនូវការកាន់តែកើន ឡើងនូវវិបត្តិអស្ថិរភាពអាកាសធាតុ។

៣. បច្ចេកវិទ្យាដែលកំពុងរីកចម្រើន៖ ការជឿនលឿនយ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិមិត្ត និងបច្ចេកវិជ្ជាជីវសាស្រ្ត កំពុងបង្កើនការព្រួយបារម្ភ អំពីការប្រើប្រាស់ខុសសក្តានុពលរបស់ពួកគេ ជាពិសេសក្នុងការអភិវឌ្ឍអាវុធជីវសាស្ត្រ ដែលខ្វះវិធានការតបតដ៏មានប្រសិទ្ធភាព។

៤. អស្ថិរភាពនយោបាយសកលលោក៖ ព័ត៌មានមិនពិត និងការបែកចែកផ្នែកនយោបាយ ធ្វើឱ្យការទុកចិត្តលើស្ថាប័នប្រជាធិបតេយ្យចុះខ្សោយ។ អស្ថិរភាពនោះនឹងបង្កើនជម្លោះ និងចលាចលស៊ីវិល។ការកើនឡើងភាពតានតឹងភូមិសាស្ត្រនយោបាយរវាងមហាអំណាច ដូចជាសហរដ្ឋអាមេរិក ចិន និងរុស្ស៊ី នឹងបង្កើនហានិភ័យនៃសង្គ្រាមសេដ្ឋកិច្ច និងបច្ចេកវិទ្យា។

* តើការព្យាករណ៍នេះ មានន័យយ៉ាងណាសម្រាប់ពិភពលោក?
ការព្យាករណ៍របស់នាឡិកា Doomsday Clock គឺជាការដាស់តឿនពិភពលោកត្រូវធ្វើសកម្មភាពជាបន្ទាន់ជាងពេលណាៗទាំងអស់ ដើម្បីការចាត់វិធានការឱ្យកាន់តែខ្លាំងជាងមុនដើម្បីការពារគ្រោះមហន្តរាយពាក់ព័ន្ធនឹងចំណុចព្យាករណ៍ទាំងបួនចំណុចធំៗដូចដែលបានបង្ហាញខាងលើនេះ។ ដំណោះស្រាយការទូតមានសារៈសំខាន់ណាស់ ក្នុងការកាត់បន្ថយជម្លោះនិងកាត់បន្ថយការគំរាមកំហែងនុយក្លេអ៊ែរ។ ការវិនិយោគយ៉ាងឆាប់រហ័ស ក្នុងដំណោះស្រាយអាកាសធាតុ គឺចាំបាច់ដើម្បីការពារការខូចខាតបរិស្ថានដែលមិនអាចត្រឡប់មកវិញបាន។ បទប្បញ្ញត្តិដ៏រឹងមាំលើ AI និងបច្ចេកវិទ្យាជីវសាស្រ្ត គឺត្រូវការជាចាំបាច់ ដើម្បីទប់ស្កាត់ការប្រើប្រាស់ខុស និងផលវិបាកដោយអចេតនា។

នាឡិកា Doomsday មិនទស្សន៍ទាយគ្រោះមហន្តរាយជាក់លាក់ទេ ប៉ុន្តែវាបម្រើជាការព្រមាននិងការដាស់តឿនមួយ។ ការផ្លាស់ទ្រនិចរបស់វាខិតជិតមួយវិនាទី គឺជាសញ្ញាថា ពិភពលោកមានហានិភ័យកាន់តែខ្លាំងជាងពេលមុន ហើយពេលវេលាដើម្បីការពារគ្រោះមហន្តរាយគឺកាន់តែជិតអស់ពេលវេលាហើយ៕