(ភ្នំពេញ)៖ លោកបណ្ឌិត ប្រាក់ សម្ជស្ស អ្នកជំនាញខាង MC និងសម្ភាសន៍ រយៈពេលជាង២០ឆ្នាំ បានលើកឡើងថា ក្នុងនាមជាពិធីការី ឬអ្នកសម្របសម្រួលនៃកិច្ចការសាធារណៈ ដែលភ្ជាប់នឹងមហាជននោះ ត្រូវយល់ដឹងនឹងអ្វីៗដែលសាធារណជនចង់បានជាចាំបាច់។
លោកបណ្ឌិត ប្រាក់ សម្ផស្ស បានលើកឡើងបែបនេះនៅក្នុងសប្តាហ៍ទី៣ នៃវគ្គសិក្សាអំពី «ជំនាញ MC និងតិចនិកសម្ភាសន៍ ប្រកបដោយប្រសិទ្ធភាព» របស់មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (FTC) នារសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងថ្នាក់សិក្សានេះ លោកបណ្ឌិត ប្រាក់ សម្ផស្ស បានបញ្ជាក់យ៉ាងដូច្នេះថា៖ « តើអ្វីដែលសាធារណជនចង់បានពីក្រុមវិភាគការី ឬក្រុមពិធីការី? ចំណុចនេះមិនបាកយល់នោះទេ សំខាន់ថា តើអ្វីដែលពិធីការី ឬវិភាគការី ចង់ប្រាប់និងបង្ហាញដល់មហាជននោះ ជាដំណឹងមានប្រយោជន៍ ពិតប្រាកដ ត្រូវតាមកាលៈទេសៈ និងឆ្លើយតបទៅនឹងបរិបទជាក់ស្តែងដែលពួកគាត់រស់នៅឬទេ? ដើម្បីឆ្លើយតបចំពោះបញ្ហានេះ ពិធីការី (ពិធីករ ពិធីការិនី) និងអ្នកវិភាគការីទាំងឡាយ គប្បីគិតដល់សារដែលបញ្ចេញតាមពាក្យសំដីរបស់ខ្លួន ហើយក៏គប្បីប្រយ័ត្នចំពោះអ្វីដែលត្រូវនិយាយ និងអ្វីដែលមិនត្រូវនិយាយ។ ពាក់ព័ន្ធនឹងរឿងសំដីនេះដែរ នៅក្នុងសីលវិទ្យារបស់ព្រះពុទ្ធសាសនាបានសម្តែងថា «គេគប្បីប្រយ័ត្ននូវពាក្យសំដី និងអត្ថន័យរបស់វា»។ ដូច្នេះមុននឹងពោលគឺត្រូវគិតដល់គោលការណ៍៣ចំណុច៖ ក៖ តាមកាល (កាលវាទី), ខ៖ ជាពាក្យពិត (ភូតវាទី) និងគ៖ ជាពាក្យមានន័យ (ប្រយោជន៍) (ធម្មវាទី)»។
លោកបណ្ឌិត ប្រាក់ សម្ផស្ស បានបន្ដថា គោលការណ៍ទាំង៣ នេះអាចចាត់ទុកថា ជាក្រមសីលធម៌វិជ្ជាជីវៈតាមបែបព្រះពុទ្ធសាសនាមួយ ដែលនៅក្នុងក្របខណ្ឌសម្រាប់អ្នកពោល អ្នកនិយាយ អ្នកផ្សព្វផ្សាយ និងអ្នកនាំពាក្យ រួមទាំងបុគ្គលទូទៅ ដើម្បីកាត់បន្ថយជម្លោះរវាងអ្នកស្តាប់ និងអ្នកពោល ព្រោះថាបើមិនអញ្ចឹងទេ បញ្ហាអាចនឹងកើតមានឡើងជាក់ជាមិនខានឡើយទោះក្នុងតម្លៃក្របខណ្ឌណាក៏ដោយ។ វត្ថុបំណងចាំបាច់នៃការគោរពវិជ្ជាជីវៈសារព័ត៌មានគឺជា «ការផ្តល់ឱ្យប្រជាពលរដ្ឋនូវព័ត៌មាន ដែលពួកគេត្រូវការមានលក្ខណៈសេរី និងដំណើរការគ្រប់គ្រងខ្លួនឯង»។
បន្ថែមពីនេះ លោកបណ្ឌិត ប្រាក់ សម្ផស្ស ក៏បានបន្ដទៀតថា ការឱ្យនិយមន័យលើពាក្យថា «ដំណឹង» នេះមានន័យមិនដូចគ្នាទេ រវាងអ្នកសារព័ត៌មានក្រុមលោកខាងលិច និងក្រុមអ្នកសារព័ត៌មានបូព៌ាប្រទេស ដោយហេតុថា ការកំណត់និយមន័យ គឺអាស្រ័យទៅលើបរិបទ និងទីតាំងដែលខ្លួនធ្វើការងារ ជាក់ស្តែង។ អ្នកកាសែតលោកខាងលិចម្នាក់របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Julius Reuters) បានឱ្យនិយមន័យដំណឹងថា «ដំណឹង គឺជាដំណើរការប្រែប្រួលនៅក្នុងពិភពលោកកំពុងតែប្រែប្រួល ដែលមានឥទ្ធិពលលើជីវិតមនុស្សជាតិទាំងអស់»។
សូមជម្រាបថា វគ្គសិក្សាអំពី «ជំនាញ MC និងតិចនិកសម្ភាសន៍ ប្រកបដោយប្រសិទ្ធភាព» គឺជាថ្នាក់សិក្សា១ ក្នុងចំណោមថ្នាក់សិក្សាទាំង៤ របស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលព័ត៌មាន Fresh News ដែលមានដូចជាថ្នាក់សរសេរព័ត៌មានទូទៅ ថ្នាក់ព័ត៌មានសេដ្ឋកិច្ច និងជំនួញ, ថ្នាក់សិក្សាអំពីការថតរូប ក្នុងវិជ្ជាជីវៈសារព័ត៌មាន។
មជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ដែលត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។
FTC មាន លោក ម៉ារ យ៉ារិទ្ធ ជាប្រធាន ដែលលោកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជិត៤០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក។ នៅក្រោយការបញ្ចប់វគ្គសិក្សា សិក្ខាកាមនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ផងដែរ៕