(កំពង់ធំ)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ បានរៀបចំប្រារព្ធសន្និបាតសាខាអាណត្តិទី៦ នាសាលប្រជុំសាលាខេត្តកំពង់ធំ ក្រោមអធិបតីភាព លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីគណៈកិត្តិយសសាខា គណៈកម្មាធិការសាខាអាណត្តិទី៥ សមាជិក-សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា យុវជនកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្ត យុវជនកាយរឹទ្ធិជាតិកម្ពុជា និងយុវជនសសយក សរុប២៣០នាក់។
យោងតាមកម្រងច្បាប់កាកបាទក្រហមកម្ពុជា លក្ខន្តិកៈ ជំពូកទី៥ មាត្រា២៤ ស្តីពីសាខារាជធានី-ខេត្ត និងវិធាននៃនីតិក្រម ទី៣៣ ស្តីពីសន្និបាតសាខា, តាមនីតិវិធីអង្គសន្និបាតបានបោះឆ្នោតគាំទ្រសមាសភាពបេក្ខជន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំចំនួន១៥រូប សម្រាប់អាណត្ដិទី៦នេះដោយសម្លេងគាំទ្រ៧៤លើ៧៥សម្លេង ដោយអនុបវាទចំនួន១សម្លេង។
ដោយអនុវត្តតាមនីតិវិធី គណៈកម្មាធិការសាខាដែលទើបជាប់ឆ្នោតថ្មីបានបើកកិច្ចប្រជុំលើកទី១ ដើម្បីជ្រើសរើសបេក្ខភាព ប្រធាន អនុប្រធានអចិន្ត្រៃយ៍,អនុប្រធាន,ហេរញ្ញិកនិងលេខាធិការ ដើម្បីបន្តសុំការអនុម័តពីអង្គសន្និបាត។
សម្រាប់របៀបវារៈសំខាន់ៗនៃអង្គសន្និបាតនេះគឺ៖
១៖ ពិនិត្យ និងអនុម័តរបាយការណ៍សកម្មភាពការងារ ក្នុងអាណត្តិទី៥ និងផែនការទិសដៅអាណត្តិទី៦(២០២៥-២០៣០)
២៖ ពិនិត្យនិងអនុម័តរបាយការណ៍ហិរញ្ញវត្ថុក្នុងអាណត្តិទី៥ និងផែនការទិសដៅអាណត្តិទី៦ (២០២៥-២០៣០)
៣៖ បោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាអាណត្តិទី៦។
ក្នុងឱកាសនោះ លោកស្រី លំ គន្ធារី អនុប្រធានអចិន្ត្រៃយ៍ តំណាងឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំអាណត្តិទី៦ បានធ្វើការប្តេជ្ញា ចិត្តយ៉ាងមុតមាំដូចជា៖
១) ពង្រឹងអភិបាលកិច្ចល្អ ២) ពង្រឹង និងពង្រីកសមត្ថភាព គៀរគររកមូលនិធិ និងគ្រប់គ្រង មានគណនេយ្យភាព និងតម្លាភាព ៣) ខិតខំពង្រឹងសមត្ថភាពគ្រប់គ្រងគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព ៤) ពង្រីក និងអភិវឌ្ឍកម្លាំងចលកររួមមាន៖ យុវជន និងអ្នកស្ម័គ្រចិត្តកក្រក ឱ្យកាន់តែសកម្មថែមទៀត ៥) ទំនាក់ទំនងល្អជាមួយមន្ទីរ អង្គភាព និង អនុសាខាក្រុង ស្រុក កាន់តែជិតស្និទ្ធថែមទៀត និង៦) បន្តអភិវឌ្ឍសាខា អនុសាខា ឱ្យទៅជាសាខាមានដំណើរការល្អលើគ្រប់វិស័យ៕