(ប៉ៃលិន)៖ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ព្រមទាំងក្រុមការងារ បានអញ្ជើញ ចុះពិនិត្យមើលស្ថានភាពស្រូវប្រាំងរបស់ប្រជាកសិករជាង ៨១៧ហិចតា នៅភូមិដីស ឃុំស្ទឹងត្រង់ និងភូមិស្រែអន្ទាក់ ស្រុកសាលាក្រៅ ដើម្បីឲ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្ត រកដំណោះស្រាយធ្វើការបូមទឹក សង្គ្រោះបានទាន់ពេលវេលា។

លោកស្រីបណ្ឌិត បាន ស្រីមុំ បានជំរុញដល់មន្ត្រីជំនាញពាក់ព័ន្ធ  ជាពិសេស មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ ចុះសិក្សាស្វែងយល់ដល់មូលដ្ឋាន ដោយពិនិត្យមើលស្ថានភាព លទ្ធភាពជាក់ស្ដែងនូវ រាល់ប្រភពទឹកដើម្បី ធ្វើយ៉ាងណាជួយអន្តរាគមន៍ បូម ឬបញ្ជូនទឹកបញ្ចូលស្រែ ជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋ ដែលប្រឈម និងការខូចខាត ដោយសារខ្វះទឹក គឺមិនត្រូវទុកឲ្យមានការខូចខាត ដោយយើងមិនបានជួយពួកគាត់ឲ្យអស់លទ្ធភាព ដែលមាននោះឡើយ។

លោកស្រីបណ្ឌិតអភិបាលខេត្ត បានលើកឡើងថា ចំពោះបញ្ហាប្រឈម សំណូមពរ និងការលំបាករបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន គឺសម្ដេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែមានការគិតគូរ យកចិត្តទុកដាក់ខ្ពស់ គ្រប់កាលៈទេសៈ និងដោះស្រាយបានទាន់ពេលវេលា បើទោះបីស្ថិតក្នុងស្ថានភាពណាក៏ដោយ ជាពិសេសសម្ដេចទាំងទ្វេរតែងតែបានណែនាំ និងជំរុញដល់ ស្ថាប័ន ជំនាញ និងអាជ្ញាធរ ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវតែយកចិត្តទុកដាក់ឲ្យបានជាប្រចាំ ដើម្បីចុះជួយអន្តរាគមន៍ដោះស្រាយ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

នៅក្នុងឱកាសនោះលោកស្រីបណ្ឌិត បាន ស្រីមុំ បានសំណូមពរបងប្អូនប្រជាកសិករ ត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យការងារជួយអន្តរាគមន៍សង្គ្រោះស្រូវ តាមរយៈការបូម ឬបញ្ជូនទឹកបញ្ចូលស្រែ បានដោយរលូន ទាន់ពេលវេលាប្រកបដោយសមធម៌ និងតម្លាភាព ដែលជាការរួមចំណែកលើកស្ទួយជីវភាពពលរដ្ឋតាមរយៈវិស័យកសិកម្ម។

ប្រជាកសិករបានសំដែងនូវភាពរីករាយ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្តដែលបានយកចិត្តទុកដាក់ក្នុង ការជួយអន្តរាគមន៍រកដំណោះស្រាយ បញ្ហាស្រូវប្រាំងរបស់ពួកគាត់ ដែលកំពុងខ្វះខាតទឹក ព្រោះថាស្រូវរបស់ពួកគាត់ទើប តែ ចាប់ផ្តើមផើម បើដាក់ទឹកមិនទាន់ពេលវេលានោះទេ គឺអាចប្រឈមនឹងការខូចខាតទាំងស្រុង។

បើតាមការបញ្ជាក់របស់លោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានឲ្យដឹងថា ដោយសារប្រជាពលរដ្ឋ គាត់បានធ្វើស្រូវប្រាំងហួសពីលទ្ធភាពរបស់ប្រព័ន្ធធារាសាស្ត្រផ្គត់ផ្គង់ទឹក ទើបធ្វើឲ្យស្រូវរបស់ ពួកគាត់មួយចំនួនខ្វះខាតទឹក ហើយកន្លងមក ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកស្រីបណ្ឌិតអភិបាលខេត្ត មន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានយកគ្រឿងចក្រទៅទប់ទឹកទុកនៅតាមអូរ សម្រាប់ឱ្យប្រជាកសិករដាំ បន្លែ ក្នុងឃុំស្ទឹងត្រង់ មានទឹកសម្រាប់ស្រោចស្រពដំណាំបន្លែរបស់ពួកគាត់ឡើងវិញ ចំណែកស្រូវប្រាំង ដែលកំពុងខ្វះខាតទឹកនាពេលនេះ មន្ទីរកំពុងរកដំណោះស្រាយ ធ្វើការបូមទឹកជួយសង្គ្រោះឲ្យបានទាន់វេលា៕