(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកសណ្ដាន់ បានដឹកនាំសហការីទៅត្រួតពិនិត្យការស្ថាបនា ផ្លូវលំក្រាលគ្រួស ក្រហមមួយខ្សែ ប្រវែងជាង២១គីឡូម៉ែត្រ ពីទីរួមស្រុកសណ្ដាន់ឆ្ពោះទៅកាន់ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

ផ្លូវមួយខ្សែនេះជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា តាមរយៈនាយឧត្តម សេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែប្រវែង ២១,១៥០ម៉ែត្រនេះ បានបើកការដ្ឋានស្ថាបនានៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ បើគិតមកដល់ពេលនេះមានរយៈពេលជិតពីរខែកន្លងមកហើយ។ ផ្លូវនេះត្រូវបានធ្វើលូ ក្រាលបេតុងបាតទំហំ១៣០ម៉ែត្រការ៉េ ដើម្បីរំដោះទឹកជន់លិចនៅក្នុងរដូវវស្សាដែលមានកម្ពស់ ១,៨០ម៉ែត្រ ស្ថិតនៅតំបន់អូរពពេល ក្នុងឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ បានគូសបញ្ជាក់ថា អាជ្ញាធរដែនដី និងប្រជាពលរដ្ឋនៅក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ ពិសេសនៅឃុំដងកាំបិត និងឃុំសណ្ដាន់ មានសេចក្តីរំភើបរីករាយយ៉ាងខ្លាំងដែលបានទទួលផ្លូវថ្មីមួយខ្សែនេះ ងាយស្រួលក្នុងការធ្វើដំណើរដឹកកសិផលផ្សេងៗ ពីឃុំសណ្ដាន់ឆ្ពោះទៅកាន់ឃុំដងកាំបិត និងពីឃុំដងកាំបិតមកកាន់ទីរួមស្រុកសណ្ដាន់។

ពលរដ្ឋសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ដែលបានយកចិត្តទុកដាក់ដោះស្រាយនូវរាល់ការលំបាកជូនប្រជាជននៅស្រុកសណ្តាន់ ខេត្តកំពង់ធំ៕