(ពោធិ៍សាត់)៖ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការខេត្តគ្រប់គ្រង គ្រោះមហន្តរាយ នាថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០២៥ បានលើកទឹកចិត្តដល់បងប្អូនប្រជាកសិករក្នុងឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ឱ្យចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីប្រើប្រាស់ពូជស្រូវប្រាំងផលិតក្នុងស្រុក ក្នុងការធានាបាននូវទិន្នផលខ្ពស់ និងមានទីផ្សារល្អ។

លោកទេសរដ្ឋមន្ត្រី និងលោកអភិបាលខេត្ត បានលើកទឹកចិត្តបែបនេះ ក្នុងឱកាសចុះត្រួតពិនិត្យស្ថានភាពរាំងស្ងួត និងអន្តរាគមន៍បូមទឹក ពីបឹងទន្លេសាប ត្រឡប់ចូលផ្លូវទឹកស្ទឹងពោធិ៍សាត់ ដើម្បីស្រោចស្រពស្រូវប្រាំងប្រជាកសិករ ក្នុងឃុំកញ្ជរ ស្រុកកណ្តៀង ដែលកំពុងខ្វះខាតទឹកជាចាំបាច់ លើផ្ទៃដីប្រមាណ១,១៣១ហិកតា។

ថ្លែងក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី គន់ គីម បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជូនចំពោះបងប្អូនប្រជាកសិករក្នុងខេត្តពោធិ៍សាត់ ពិសេសប្រជាកសិករក្នុងឃុំកញ្ជរ ស្រុកកណ្តៀង ដែលកំពុងជួបប្រទះបញ្ហាការខ្វះទឹកស្រោចស្រពស្រែប្រាំងនាពេលនេះ។

លោកទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ របស់អាជ្ញាធរដែនដី និងមន្ទីរជំនាញ ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីសំណាក់លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការខេត្តគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានចុះជួបជាមួយប្រជាកសិករគ្រប់ពេលវេលា ក្នុងការពិនិត្យ និងឆ្លើយតបពីបញ្ហាប្រឈម ដោយសារកង្វះខាតទឹកស្រោចស្រព បើទោះបីជាកន្លែងខ្លះ អាចនឹងប្រឈមខូចខាតទាំងស្រុងយ៉ាងណាក្តី។

លោកទេសរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់ប្រជាកសិករ ឱ្យចូលរួមចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីប្រើប្រាស់ពូជស្រូវផលិតក្នុងស្រុក ដែលមានការធានា និងទទួលស្គាល់ត្រឹមត្រូវពីក្រសួងពាក់ព័ន្ធ ក្នុងការរក្សាបាននូវទិន្នផលខ្ពស់ និងមានទីផ្សារល្អ ដែលផ្តល់ភាពជឿជាក់ និងទុកចិត្តបំផុត សម្រាប់ប្រជាកសិករ។

លោកទេសរដ្ឋមន្រ្តី គន់ គីម បានណែនាំដល់អាជ្ញាធរដែនដី និងមន្ទីរជំនាញ ត្រូវបន្តការយកចិត្តទុកដាក់ លើសកម្មភាពតាមដាន ពីទិន្នផលស្រែប្រាំង និងត្រៀមអន្តរាគមន៍បូមទឹក បញ្ជូលទៅស្រែប្រាំងរបស់កសិករ នៅតាមកន្លែងដែលអាចធ្វើទៅបាន ឱ្យបានគ្រប់ៗគ្នា ដើម្បីបង្ការការខូចខាតដំណាំ របស់ពួកគាត់។

ឆ្លៀងក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី គន់ គីម និងលោក ខូយ រីដា ក៏បានឧបត្ថម្ភប្រេង ចំនួន១,០០០លីត្រ សម្រាប់បន្តអន្តរាគមន៍បូមទឹកដាក់ស្រែ ទៅតាមសំណូមពរប្រជាកសិករ ទាំង២១៥គ្រួសារផងដែរ។

គួរជម្រាបជូនថា យោងតាមរបាយការណ៍បូកសរុប ស្តីពីការប្រើប្រាស់ និងបែងចែកទឹកស្រោចស្រពស្រូវប្រាំង សម្រាប់ដំណាក់កាលទី១ និងដំណាក់កាលទី២ និងការប្រមូលផលស្រូវប្រាំង ក្នុងមូលដ្ឋានស្រុកកណ្តៀង ចំនួន៨ឃុំ ស្មើនឹង៦៩ភូមិ លើផ្ទៃដីស្រែប្រាំង ចំនួន ១០,៨១៤ហិកតា ស្មើនឹង៦,៥៧០គ្រួសារ រួមមាន៖

*ដំណាក់កាលលើកទី១៖ ការគ្រប់គ្រង និងការបែងចែកទឹក មានរយៈពេល២៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៤ ដោយបានទទួលលទ្ធផលសរុបចំនួន៨ឃុំ ស្មើនឹង៦២ភូមិ លើផ្ទៃដីស្រែចំនួន៨,១០១ហិកតា ស្មើនឹង៥,៦៤៥គ្រួសារ។

*ដំណាក់កាលលើកទី២៖ ការគ្រប់គ្រង និងការបែងចែកទឹក មានរយៈពេល១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ដោយបានទទួលលទ្ធផលសរុបចំនួន៨ឃុំ ស្មើនឹង៦៩ភូមិ លើផ្ទៃដីស្រែចំនួន១០,៨១៤ហិកតា ស្មើនឹង៦,៥៧០គ្រួសារ។

ចំពោះការងារបង្កបង្កើនផលស្រូវរដូវប្រាំង គិតត្រឹមថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ឃុំទាំង៨ ក្នុងមូលដ្ឋានស្រុកកណ្តៀង ស្រែប្រាំងលើកទី១ សរុបចំនួន១៥,៧១៦ហិកតា លើសផែនការចំនួន១,៧០៦ហិកតា នៃផែនការរួមសរុបចំនួន១៤,០១០ហិកតា ដោយក្នុងនោះ ប្រជាកសិករបានមូលផលច្រូតកាត់រួចរាល់ចំនួន៦,៥០២ហិកតា ស្រូវចាប់ផ្តើមទុំចំនួន៥,៣៧៤ហិកតា និងស្រូវបែកគុម្ពចំនួន ៣,៨៤០ហិកតា ស្មើនឹង៦,៧៧៧គ្រួសារ។ សម្រាប់ឃុំកញ្ជរ បង្កបង្កើនផលបានចំនួន២,២២៦ហិកតា ស្មើនឹង៨១៦គ្រួសារ បានប្រមូលផលរួចចំនួន១,០៩៥ហិកតា ស្រូវកំពុងបែកគុម្ព និងទុំចំនួន១,១៣១ហិកតា និងមានប្រឡាយស្រោចស្រព សរុបប្រវែង៥២គីឡូម៉ែត្រ ក្នុងនោះប្រឡាយមេ និងរង ចំនួន២៩គីឡូម៉ែត្រ និងប្រឡាយជើងក្អែប ចំនួន២៩គីឡូម៉ែត្រ៕