(ប៉ៃលិន)៖ ខេត្តប៉ៃលិនជាខេត្តមួយដែលមានសក្តានុពលខាងវិស័យទេសចរណ៍បែបអេកូធម្មជាតិដ៏ល្បីល្បាញ បន្ទាប់ពីត្បូងថ្មធម្មជាតិដ៏មានតម្លៃ និងល្អប្រណិតដែលទទួលស្គាល់ពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ជាក់ស្តែងនៅក្នុងឱកាសបុណ្យ ចូលឆ្នាំចិន-វៀតណាមឆ្នាំ២០២៥នេះ គឺប្រជាពលរដ្ឋជាង៧ម៉ឺននាក់ បាននាំគ្នាមកលេងកម្សាន្តជាលក្ខណៈគ្រួសារ ជាលក្ខណៈមិត្តភក្តិ នៅតាមរម្មណីយដ្ឋាននានាក្នុងខេត្តប៉ៃលិន។
បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តប៉ៃលិន បានឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥៖ ចំនួនភ្ញៀវជាតិសរុបមានចំនួន ៧២,២៨២នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤ មានការថយចុះ៩,២៩% ក្នុងនោះភ្ញៀវជាតិសរុបចំនួន ៧១,៨១១នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤ មានការថយចុះ ៩,៥៩% និងភ្ញៀវអន្តរជាតិសរុបចំនួន ៤៧១នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤ មានការកើនឡើង ៧៥,៧៤%។
លោក លឹម វាសនា ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន បានលើកឡើងថា ដោយខេត្តប៉ៃលិនមានសក្តានុពលផ្នែកអេកូទេសចរណ៍សម្រាប់ស្វាគមន៍ភ្ញៀវទេសចរជាតិនិងអន្តរជាតិ និងដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក្នុងការកែរលម្អហេដ្ឋារចនាសម្ពន្ធ និងសោភណភាពនៅតាមតំបន់រមណីយ៍ដ្ឋានទេសចរណ៍ និងតាមទីសាធារណៈក្នុងខេត្ត ដែលប្រែក្លាយជាទីកន្លែងទេសចរណ៍ដ៏ស្រស់បំព្រង បរិស្ថានល្អ និងពង្រឹងផ្នែកសេវាកម្ម ទេសចរណ៍ ដូចជា សណ្ឋាគារ និងរីសត ផ្ទះសំណាក់ និងភោជនីយដ្ឋាន ដើម្បីផ្ដល់សេវាជូនភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលមកលេងកម្សាន្តក្នុងខេត្តប៉ៃលិន ហើយនៅក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីចិន-វៀតណាមឆ្នាំនេះ គឺមានភ្ញៀវទេសចរណ៍យ៉ាងច្រើនបានជ្រើសរើសមកកម្សាន្តតាមរម្មណីយដ្ឋាននានាក្នុងខេត្តប៉ៃលិន៕