(កំពង់ចាម)៖ លោកបណ្ឌិត ម៉ា ឈឿន អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកជើងព្រៃ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងាររបស់សហគមន៍កសិកម្ម កសិករ សែនជ័យ ដែលបានកសាង និងអភិវឌ្ឍដោយលោកបណ្ឌិត ម៉ឹង មករា រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់នាយករដ្ឋមន្ត្រី នៅដើមឆ្នាំ២០២៣ ស្ថិតក្នុងភូមិដំណាក់អំពិល ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ក្នុងឱកាសចុះពិនិត្យកាលពីសប្ដាហ៍កន្លងទៅនេះ លោកបណ្ឌិត ម៉ា ឈឿន បានធ្វើការកោតសរសើរចំពោះសកម្មភាពរបស់សហគមន៍កសិកម្មកសិករសែនជ័យ ដែលបានអនុវត្តន៍ដូចជា៖

*ទី១៖ បានបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមត្រី ដាំបន្លែ
*ទី២៖ ប្រែក្លាយតំបន់នេះ ពីការធ្វើកសិកម្មតាមបែបបុរាណ មកជាធ្វើតាមបច្ចេកទេសទំនើបកម្ម ដែលទទួលបានទិន្នផលខ្ពង់ ប្រកបដោយគុណភាព
*ទី៣៖ មានទីផ្សារល្អសម្រាប់កសិករ ដែលបានលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឲ្យប្រសើរឡើង។

ក្នុងនាមអ្នកតំណាងរាស្ត្រ និងជាប្រធានក្រុមការងារចុះជួយស្រុកជើងព្រៃ សូមអគុណចំពោះការយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងរបស់លោកបណ្ឌិត ម៉ឹង មករា ស្ថាបនិកសហគមន៍កសិកម្ម កសិករសែនជ័យ និងអាជ្ញាធរគ្រប់ថ្នាក់ ដែលបានប្រែក្លាយតំបន់នេះជាកន្លែងកសិកម្មទំនើប និងសូមគាំទ្រចំពោះសកម្មភាពរបស់សហគមន៍កសិកម្ម កសិករសែនជ័យ៕