(សៀមរាប)៖ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា ប្រតិភូកម្មវិធីយុវជនលើកទី៤ បានបង្ហាញការពេញចិត្តចំពោះបដិសណ្ឋារកិច្ចរបស់កម្ពុជា។
ការថ្លែងបែបនេះ ខណៈដែលលោកទទួលបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ដើម្បីដឹកនាំក្រុមការងារសម្របសម្រួលជូនប្រតិភូយុវជនលើកទី៤ ស្ដីពីការបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនមកពីបណ្ដាប្រទេសចំនួន៩ រួមមាន៖ កម្ពុជា ថៃ មីយ៉ាន់ម៉ា ព្រុយណេ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ឡាវ និងចិន ដែលមកបំពេញទស្សនកិច្ចសិក្សានៅលើទឹកដីកម្ពុជា ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅលើទឹកដីខេត្តសៀមរាប។
ឧត្តមសេនីយ៍ឯក លឹម តុងហួត បន្ថែមថា យុវជនទាំងអស់ បានសម្ដែងនូវការសប្បាយរីករាយពេលដែលបានមកកាន់ទឹកដីដ៏ស្រស់ត្រកាលរបស់កម្ពុជាតាមរយៈការបដិសណ្ឋារកិច្ចរបស់សមត្ថកិច្ចកម្ពុជា ទាំងការបំពេញបែបបទចូលប្រទេសកម្ពុជា ការបដិសណ្ឋារកិច្ចនូវការងារសុវត្ថិភាព សុខភាព ចំពោះពួកគាត់ដែលបានធ្វើឡើងតាំងពីខេត្តបន្ទាយមានជ័យរហូតដល់ខេត្តសៀមរាបកាលពីនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។
ឧត្តមសេនីយ៍ឯក លឹម តុងហូត បន្ថែមទៀតថា កំឡុងពេលដែលយុវជនទាំងអស់ស្នាក់នៅក្នុងទឹកដីកម្ពុជា យើងបានរៀបចំនូវប្រព័ន្ធសម្របសម្រួលប្រកបដោយប្រសិទ្ធភាព ដែលកើតឡើងពីកិច្ចសហការរវាងអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបន្ទាយមានជ័យ គណៈកម្មាធិការពិនិត្យគ្រឿងញៀនខេត្តសៀមរាប អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីផ្ដល់នូវផាសុខភាពជូនយុវជនយើងទាំងអស់ ដើម្បីពួកគាត់មានមូលដ្ឋានក្នុងការផ្សាយនូវភាពរីកចម្រើនរបស់ប្រទេសកម្ពុជាទៅកាន់ប្រជាជនរបស់គេក៏ដូចជាទៅកាន់ពិភពលោកផងដែរ៕