(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យស្ថានភាព ការបង្កបង្កើនផលស្រូវប្រាំងរបស់ប្រជាកសិករ ក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ។

លោក អ៊ុន ចាន់ដា បានឲ្យដឹងថា ការបង្កបង្កើនផលស្រូវប្រាំងរបស់ប្រជាពលរដ្ឋនៅក្នុងឃុំតាំងក្រសាំងលើផ្ទៃដីជាង ៤០០០ហិកតា គឺមានស្ថានភាពដំណើរការដាំដុះធម្មតា ដោយសារមានការផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្របដំណាំ ស្រូវប្រាំងគ្រប់គ្រាន់ ។

អភិបាលខេត្ត បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ បន្ទាប់ពីបានប្រមូលផលស្រូវប្រាំងដំណាក់កាលទី១ ប្រជាកសិករយើង កំពុងតែបន្តការបង្កបង្កើនផលស្រូវប្រាំងដំណាក់កាលទី២ យោងទៅលើស្ថានភាពការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ ដោយអាជ្ញាធរខេត្ត និងអាជ្ញាធរស្រុក និងមន្ត្រីពាក់ព័ន្ធ បានរៀបចំប្រព័ន្ធធារាសាស្ត្រ បូមទឹកពីទន្លេសាបជាដំណាក់ៗ រហូតមកដល់ភូមិសាស្ត្រក្នុងឃុំតាំងក្រសាំង ដើម្បីផ្គត់ផ្គង់ឲ្យប្រជាកសិករនៅក្នុងឃុំនេះ អាចបង្កបង្កើនផលបាន៕