(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងអំណរគុណចំពោះអាជ្ញាធរដែនដី និងសមត្ថកិច្ចខេត្តនានា ដែលរៀបចំបានល្អ ក្នុងឱកាសដែល សម្តេច បានចុះបំពេញភារកិច្ចនាពេលថ្មីៗនេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានផ្លូវការ ស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦។
សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់យ៉ាងដូច្នេះថា «សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណចំពោះសមត្ថកិច្ច អាជ្ញាធរដែនដីខេត្តនានា ដែលរៀបចំបានល្អក្នុងឱ្យកាស ដែលសម្តេចបានចុះបំពេញភារកិច្ច នាពេលថ្មីៗនេះ និងបានណែនាំឱ្យថ្នាក់ដឹកនាំអគ្គបញ្ជាការ កងយោធពលខេមរភូមិន្ទ រៀបចំចែកអាវរងារជូនកងកំលាំងប្រដាប់អាវុធ នៅតាមព្រំដែនឱ្យទាន់ រដូវរងារដែលចូលមកដល់»។
សូមជំរាបថា នាពេលកន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញចុះជួបសំណេះសំណាលជាមួយ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស ប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន និងខេត្តសៀមរាប។
សូមបញ្ជាក់ថា ត្រឹមថ្ងៃនេះ មានរយៈពេលជាង២ខែ ដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញចុះតាមបណ្ដា ខេត្តបានចំនួន២០ខេត្តហើយ ដើម្បីស្វែងយល់កាន់តែច្បាស់ពី សុខទុក្ខ ប្រជារាស្ដ្ររបស់សម្ដេច និងបំពេញនូវចំណុចខ្វះនៅក្នុងមូលដ្ឋាន របស់ពលរដ្ឋផងដែរ ជាពិសេស សម្ដេចបានផ្ដល់អគារសិក្សា ជាច្រើនបន្ថែមទៀត៕