(កំពង់ឆ្នាំង)៖ មជ្ឈមណ្ឌលតំបន់អាស៊ីអាគ្នេយ៍សម្រាប់ការអភិវឌ្ឍន៍អប់រំបច្ចេកទេស (SEAMEO TED) និងបណ្តាញសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ One Health University (SEAOHUN) នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានសហការណ៍រៀបចំសិក្ខាសាលាបិទគម្រោងស្តីពី «ការពង្រឹងការយល់ដឹងអំពីគោលគំនិតសុខភាពតែមួយនៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសក្នុងប្រទេសកម្ពុជា» នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ។

សិក្ខាសាលានេះធ្វើឡើងក្រោមអធិបតីភាពរបស់លោកស្រីបណ្ឌិតសាស្ត្រាចារ្យ បូ ច័ន្ទគុលីកា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងមានអ្នកចូលរួមចំនួន ៥០នាក់ រួមមានតំណាងក្រុមហ៊ុន Chevron, Chevron Cambodia, SEAOHUN, និងតំណាងនាយកដ្ឋានពាក់ព័ន្ធ គណៈគ្រប់វិទ្យាល័យទូទៅ និងបច្ចេកទេសចំនួន១០ ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ។

លោកស្រីបណ្ឌិតសាស្ត្រចារ្យបណ្ឌិត បូ ច័ន្ទគុលិកា បានសម្តែងការគាំទ្រយ៉ាងមុតមាំក្នុងការអនុវត្តគម្រោងដ៏សំខាន់ ដើម្បីពង្រីកការយល់ដឹងអំពីគោលគំនិតសុខភាពមួយដល់វិទ្យាល័យទូទៅ និងបច្ចេកទេសទាំង២១ និងសាលាទូទៅផ្សេងទៀតនៅទូទាំងប្រទេស។ ស្របតាមសកម្មភាពសំខាន់ៗដែលកំណត់ដោយរាជរដ្ឋាភិបាល លោកស្រីក៏បានលើកឡើងពីសារៈសំខាន់នៃគម្រោងនេះ ដោយសារគម្រោងនេះផ្តល់អត្ថប្រយោជន៍ដល់សិស្ស លោកគ្រូ អ្នកគ្រូ និងសមាជិកសហគមន៍។

លោកស្រីសាស្ត្រចារ្យបណ្ឌិត បានគូសបញ្ជាក់ផងដែរថា គោលគំនិតសុខភាពតែមួយ ស្របតាមគោលនយោបាយសំខាន់ៗក្នុងយុទ្ធសាស្ត្រមន្ទីរបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡាសកម្មភាពគោលនយោបាយទាំងនោះរួមមានសុខភាពរបស់សិស្សតាមរយៈកម្មវិធីផ្តល់អាហារដល់សាលារៀន និងបទប្បញ្ញត្តិនៃគុណភាពអាហារដែលបានលក់នៅក្នុងសាលារៀន។

លោកស្រីសាស្ត្រាចារ្យបណ្ឌិត ក៏បានលើកឡើងពីសារៈសំខាន់នៃសុខភាពផ្លូវចិត្តផងដែរ ព្រោះវាជាកត្តាលាក់មុខមួយដែលជះឥទ្ធិពលអវិជ្ជមានដល់មនុស្សគ្រប់មជ្ឈដ្ឋាន រួមទាំងសិស្សផងដែរ។ សំណូមពរឱ្យដាក់បញ្ចូលសុខភាពផ្លូវចិត្តទៅក្នុងគម្រោងសុខភាពតែមួយ នាពេលអនាគត។

លោកជំទាវសាស្ត្រាចារ្យបណ្ឌិតបានសង្កត់ធ្ងន់ថា នឹងស្វែងរកមធ្យោបាយពង្រីកគម្រោងនេះដល់វិទ្យាល័យទូទៅ និងបច្ចេកទេសទាំង២១ និងសាលាទូទៅផ្សេងទៀតទូទាំងប្រទេស រួមទាំងលទ្ធភាពនៃការបញ្ចូលគំនិតសុខភាពមួយនៅក្នុងគម្រោងផ្សេងទៀតរបស់ក្រសួងអប់រំយុវជន និងកីឡា។

លោកបណ្ឌិត អៃ សុងហ៊ាង នាយកមជ្ឈមណ្ឌល SEAMEO TED និងជាប្រធានគម្រោង ក្នុងការសង្ខេបអំពីវឌ្ឍនភាព សមិទ្ធផល និងទិសដៅបន្តរបស់គម្រោង បានលើកឡើងពីភាពជោគជ័យរបស់គម្រោង ដោយផ្អែកលើមតិវិជ្ជមានភាគច្រើនលើសលប់ដែលទទួលបានពីការវាយតម្លៃអ្នកចូលរួមក្នុងសកម្មភាពទាំង៧។ សកម្មភាពគម្រោងដែលបានអនុវត្តរួមមាន សិក្ខាសាលាចាប់ផ្តើមនៃគម្រោង សកម្មភាពលើកកម្ពស់ការយល់ដឹងអំពីគោលគំនិតសុខភាពតែមួយសម្រាប់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស បីលើក និងសកម្មភាពលើកកម្ពស់ការយល់ដឹងអំពីគោលគំនិតសុខភាពតែមួយ សហគមន៍ចំនួនបីលើក។

តាមរយៈគម្រោងនេះលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងសហគមន៍បានសិក្សាអំពីគោលគំនិតសុខភាពតែមួយ ដូចជា អ្វីទៅជាសុខភាពតែមួយ វិធីសាស្រ្តសុវត្ថិភាពចំណីអាហារ និង ជំងឺ ហ្សូណូស (Zoonosis)។ លោកក៏បានស្នើសុំឱ្យក្រុមហ៊ុន Chevron និង SEAOHUN ជួយដល់ការពង្រីកគម្រោងស្តីពីការពង្រឹងការយល់ដឹងពី គោលគំនិតសុខភាពតែមួយទៅកាន់វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ផ្សេងទៀតនៅទូទាំងកម្ពុជា។

កញ្ញា Juthamaneee Areeya តំណាងបណ្ដាញសាកលវិទ្យាល័យសុខភាពតែមួយអាស៊ីអាគ្នេយ៍ (SEAOHUN) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មជ្ឈមណ្ឌល SEAMEO TED ចំពោះភាពជាអ្នកដឹកនាំ និងការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ខ្លួនក្នុងការលើកកម្ពស់ការអប់រំស្ដីពីការពង្រឹងការយល់ដឹងអំពីគោលគំនិតសុខភាពតែមួយ។

កញ្ញាក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡាដែលបានបន្តគាំទ្រ ចំពោះចំពោះការអនុវត្តគម្រោងនេះ និងបនបញ្ជាក់បន្លែមថាតួនាទីរបស់ក្រសួងអប់រំ យុវជន និងកីឡាក្នុងការដាក់បញ្ចូល គំនិតសុខភាពតែមួយទៅក្នុងប្រព័ន្ធអប់រំ គឺមានសារៈសំខាន់ក្នុងការជំរុញការយល់ដឹង ក្នុងចំណោមយុវជនជំនាន់ក្រោយ។

សូមបញ្ជាក់ថា ការបិទបញ្ចប់គម្រោងនេះបន្ទាប់ពីការអនុវត្តរយៈពេលប្រាំមួយខែដែលចាប់ផ្ដើមចាប់តាំងពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ កន្លងមកនេះ ផ្តល់មូលនិធិដោយក្រុមហ៊ុន Chevron ដែលខិតខំផ្តល់សិទ្ធិអំណាចដល់មនុស្សជុំវិញពិភពលោកក្នុងការធ្វើឱ្យប្រសើរឡើងនូវជីវៈភាពរស់នៅឱ្យសម្រេចបាននូវមហិច្ឆតា និងផ្ដល់នូវសក្តានុពលពេញលេញរបស់ពួកគេ។

លើសពីនេះពានរង្វាន់ One Health Champion ក៏ត្រូវបានប្រគល់ជូនដល់គ្រូបង្គោលទាំងបីមកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសគោលដៅទាំងបីផងដែរ ដោយចំណាត់ថ្នាក់លេខ១ ទទួលបានដោយក្រុមគ្រូបង្គោលនៃវិទ្យាល័យព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី គ្រូបង្គោលនៃវិទ្យាល័យ ចំណេះទូទៅ និងបច្ចេកទេស អនុវត្តកំពង់ឈើទាល ទទួលបានចំណាត់ថ្នាក់លេខ២ ហើយ គ្រូបង្គោលនៃវិទ្យាល័យបច្ចេកទេស និងបច្ចេកទេសបាវិត ទទួលបានចំណាត់ថ្នាក់លេខ៣ ៕