(ភ្នំពេញ)៖ ក្រសួងបរិស្ថាន សម្រេចផ្អាកផលិតកម្មក្រុមហ៊ុន Win Ta Garment & Finishing Co., Ltd. បន្ទាប់ពីរកឃើញបង្ហូរសំណល់រាងមានពណ៌ចូលក្នុងស្ទឹងព្រែកត្នោត បង្កផលប៉ះពាល់ដល់បរិស្ថាន គុណភាពទឹក និងសុខភាពរបស់ប្រជាពលរដ្ឋ។
កាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងនាយកដ្ឋាន EIA ដឹកនាំដោយលោក ធីវ សុភារិទ្ធ អគ្គនាយករង និងមានការចូលរួមពីតំណាងមន្ទីរបរិស្ថានខេត្តកណ្តាល រដ្ឋបាលស្រុកអង្គស្នួល និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បានចុះត្រួតពិនិត្យក្រុមហ៊ុន Win Ta Garment & Finishing Co., Ltd.។ ការចុះពិនិត្យបន្ទាប់ពីទទួលបានការរាយការណ៍ថា ក្រុមហ៊ុននេះ បង្ហូរសំណល់រាវមានពណ៌ចូលស្ទឹងព្រែកត្នោត បង្កឱ្យប៉ះពាល់ដល់ការប្រើប្រាស់ទឹក និងសុខភាពសាធារណៈ ស្ថិតនៅភូមិសរមាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។
ឆ្លងតាមរយៈការពិនិត្យនៅទីតាំងជាក់ស្តែង និងការផ្តល់ព័ត៌មានពីតំណាងក្រុមហ៊ុន និងអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញក្រសួងបរិស្ថានមើលឃើញថា ក្រុមហ៊ុននេះ ជាប្រភេទរោងចក្របោកគក់សម្លៀកបំពាក់សុទ្ធ និងបានបើកដំណើរការនៅខែតុលា ឆ្នាំ២០២៤ ប៉ុន្តែរហូតមកដល់ពេលនេះ ក្រុមហ៊ុនពុំទាន់រៀបចំរបាយការណ៍ EIA រួចរាល់ទេ ដោយស្ថិតក្នុងលក្ខណៈជាពង្រាងនៅឡើយ។
ក្នុងដំណើរការបោកគក់នេះ រោងចក្រ មានម៉ាស៊ីនបោកគក់ចំនួន២៥គ្រឿង (ប្រភេទធុនធំ) ដោយបច្ចុប្បន្នដំណើរការបោកគក់តែចំនួន១៥គ្រឿងប៉ុណ្ណោះ ដោយឡែកចំនួន១០គ្រឿងទៀត ដំឡើងពុំទាន់រួចរាល់ និងមានកម្មករធ្វើការចំនួន៩០នាក់ ធ្វើពីរវេន គឺពេលថ្ងៃ និងយប់។
ក្រុមហ៊ុននេះ មានអាងប្រព្រឹត្តិកម្មសំណល់រាវ ដោយរៀបចំបំពាក់បច្ចេកទេសសម្អាតតាមបែបលក្ខណៈជីវសាស្ត្រ-គីមីសាស្ត្រ។ ប៉ុន្តែតាមការពិនិត្យ ក្រុមហ៊ុនបានបង្ហូរសំណល់រាវចូលស្ទឹងព្រែកត្នោតតាមរយៈបំពង់ទុយោដែលមានអង្កត់ផ្ចិតប្រវែង ០,៨០ម៉ែត្រ ដោយពុំបានឆ្លងកាត់ប្រព្រឹត្តិកម្មសម្អាតត្រឹមត្រូវនោះឡើយ។ នៅចំណុចចុងបំពង់ទុយោបង្ហូរចូលស្ទឹង ឃើញមានស្លាកស្នាមនៃដានទឹកពណ៌ខៀវជាប់ប្រឡាក់លើដីនៃមាត់ច្រាំងខាងលើ។ ចំណែកឯនៅមាត់ច្រាំងផ្នែកខាងក្រោមនៃស្ទឹងវិញ ឃើញមានទឹកសំណល់រាវពណ៌ក្រម៉ៅនៅសល់ផងដែរ។
ក្រុមការងារ ក៏បានពិនិត្យឃើញមានលូចំហរ (លក្ខណៈបេតុង) សម្រាប់បង្ហូរសំណល់រាវចេញពីអាងស្តុកចេញទៅក្រៅផ្ទាល់តែម្តង ដោយពុំចាំបាច់បូមទៅធ្វើការសម្អាតទេ។ ចំពោះស្ថានភាពទឹកស្ទឹងនៅចំកណ្តាលនៃស្ទឹង នឹងនៅចន្លោះសងខាងទីតាំងក្រុមហ៊ុន (ខ្សែទឹកខាងលើ និងខ្សែទឹកខាងក្រោម) គឺស្ថានភាពពណ៌ទឹកមានលក្ខណៈធម្មតា។
ទាក់ទងបញ្ហាបង្ហូរសំណល់រាវចូលក្នុងស្ទឹងព្រែកត្នោតនេះ លោកមេឃុំព្រៃពួច និងលោកមេភូមិសរមាំង បានឱ្យដឹងថា រយៈកាលកន្លងមកពុំដែលឃើញមានបញ្ហាទឹកសំណល់ពណ៌ខ្មៅបង្ហូរចូលស្ទឹង ឬក៏មានប្រជាពលរដ្ឋរាយការណ៍មកអាជ្ញាធរដែនដីទេ ទើបតែដឹងនៅពេលមានសារព័ត៌មានចុះផ្សាយនាពេលថ្មីៗនេះ។
តាមរយៈការពិនិត្យរបស់មន្ត្រីជំនាញក្រសួងបរិស្ថាន បានរកឃើញថា សកម្មភាពរបស់ក្រុមហ៊ុន បានបង្កឱ្យមានបញ្ហាបំពុលទឹកស្ទឹង បង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ ដែលជាការប្រព្រឹត្តល្មើសនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ។
ជាវិធានការតបទៅនឹងសកម្មភាពខុសឆ្គងរបស់ក្រុមហ៊ុននេះ មន្ត្រីជំនាញសម្រេចផ្អាកផលិតកម្មបញ្ចេញសំណល់រាវជាបណ្តោះអាសន្ន រហូតដល់ក្រុមហ៊ុនរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន EIA រួចរាល់។
បន្ថែមពីលើនោះ មន្ត្រីជំនាញ បានពិន័យអន្តរការណ៍ជាប្រាក់ ដោយអនុលោមតាមប្រកាសអន្តរក្រសួងលេខ១០៧០។ រុះរើលូចំហរ និងបំពង់លូបង្ហូរសំណល់រាវចូលស្ទឹងចេញឱ្យអស់ជាបន្ទាន់ ដើម្បីជៀសវាងការលួចបង្ហូរចេញតទៅទៀត ដោយតម្រូវឱ្យមានលូបង្ហូរទឹកចេញតែមួយទីតាំង ដើម្បីងាយស្រួលក្នុងការតាមដាន និងត្រួតពិនិត្យ។
មន្ត្រីជំនាញ បានតម្រូវឱ្យកែសម្រួលអាងព្រឹត្តិកម្មសំណល់រាវឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដោយអនុលោមតាមស្តង់ដារបរិស្ថាន ដែលអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការសម្អាតសំណល់រាវឆ្លើយតបនឹងស្តង់កំណត់។ បន្ថែមពីលើនោះ ត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យលើការបញ្ចេញសំណល់រាវពីអាងប្រព្រឹត្តកម្មទៅតាមការកំណត់។
មន្ត្រីជំនាញ ក៏បានតម្រូវឱ្យក្រុមហ៊ុនស្តារសម្អាតបរិស្ថានស្ទឹងព្រែកត្នោត ដែលទទួលរងផលប៉ះពាល់ឱ្យមានភាពដូចដើមវិញ។ បន្ថែមពីលើនោះ ត្រូវផ្តល់សំណងផលប៉ះពាល់ដល់បរិស្ថាន សង្គម និងសុខភាពប្រជាពលរដ្ឋ ទៅតាមការគណនា និងវាយតម្លៃពីមន្ត្រីជំនាញ។
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសម្តែងការសោកស្តាយ និងខកចិត្តជាខ្លាំងចំពោះសកម្មភាពរបស់ក្រុមហ៊ុន ធ្វើសកម្មភាពដោយមិនអនុលោមតាមច្បាប់ទម្លាប់ទាំងឡាយ ដែលក្រសួងបានដាក់ចេញ ដើម្បីទទួលខុសត្រូវលើផ្នែកបរិស្ថាន។
លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រាប់ Fresh News ថា ក្រសួងមិនចង់ចាត់វិធានការច្បាប់ណាមួយលើរោងចក្រ សហគ្រាសទាំងឡាយដែលកំពុងធ្វើអាជីវកម្មនៅកម្ពុជានោះឡើយ។ ប៉ុន្តែលោកចង់ឱ្យម្ចាស់រោងចក្រ សហគ្រាសទាំងឡាយមានស្មារតីគិតគូរឱ្យបានខ្ពស់ទៅលើបរិស្ថាន។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា សកម្មភាពនៅតាមរោងចក្រ សហគ្រាសទាំងឡាយ ដោយមិនអនុលោមតាមច្បាប់ទម្លាប់ស្តីពីបរិស្ថានទេនោះ នឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន សង្គម និងសុខភាពសាធារណៈ។ ជាបន្តិចម្តងៗ ការបង្កផលប៉ះពាល់ពីសកម្មនៅតាមរោងចក្រ សហគ្រាសនេះ វានឹងធ្វើឱ្យសង្គមកម្ពុជាទាំងមូលមានបញ្ហាផ្នែកបរិស្ថានធ្ងន់ធ្ងរ។
ដើម្បីចៀសវាងការអនុវត្តន៍នូវវិធានការច្បាប់ផ្នែកបរិស្ថានទាំងឡាយនោះ លោក អ៊ាង សុផល្លែត អំពាវនាវដល់ម្ចាស់រោងចក្រ សហគ្រាសទាំងអស់នៅកម្ពុជា ចូលរួមធ្វើសកម្មភាពដោយអនុលោមទៅតាមច្បាប់ស្តីពីការពារបរិស្ថាន ដើម្បីថែរក្សាបរិស្ថានល្អស្អាតនៅកម្ពុជា និងបញ្ចៀសផលប៉ះពាល់ទាំងឡាយទៅលើសុខភាពសាធារណៈ៕