(បាត់ដំបង)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធី សន្និបាតបូកសរុបលទ្ធផលការងារ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ផែនការយុទ្ធសាស្ត្រ៥ឆ្នាំ នៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង (វ.គ.ប)។

សន្និបាតនេះ មានការចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ក្រុមប្រឹក្សាភិបាលប្រចាំ វ.គ.ប តំណាងដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ តំណាងមន្ទីអប់រំ សាលាគរុកោសល្យនៅជុំវិញខេត្តបាត់ដំបង នាយក នាយិកាសាលាសហការ បុគ្គលិកអប់រំ គរុនិស្សិត លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធ សរុបចំនួនប្រមាណ ៦០០នាក់។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរ គណៈគ្រប់គ្រង បុគ្គលិកអប់រំ គរុនិស្សិតទាំងអស់នៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង ដែលសម្រេចបាននូវសមិទ្ធិផលជាច្រើននាឆ្នាំកន្លងទៅ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ដើម្បីចូលរួមជាមួយក្រសួងក្នុងការអនុវត្តកម្មវិធីកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ទន្ទឹមគ្នានេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានបង្ហាញការគាំទ្រចំពោះទិសដៅការងារបន្តរបស់វិទ្យាស្ថានសម្រាប់ឆ្នាំ២០២៥ ក្នុងការប្រែក្លាយវិទ្យាស្ថាន ជាមជ្ឈមណ្ឌលឧត្តមភាព សម្រាប់ការបណ្តុះបណ្តាលគ្រូសតវត្សទី២១នៅភូមិភាគពាយ័ព្យនៃកម្ពុជា។

ជាមួយគ្នានេះដែរ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី កោតសរសើរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលបានចូលរួមគាំទ្រដល់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបង្កើតវិទ្យាស្ថានគរុកោសល្យបាត់ដំបង និងរាជធានីភ្នំពេញ។

ដោយការផ្តល់ជំនួយហិរញ្ញប្បទានឥតសំណង បានកសាងហេដ្ឋារចនាសម្ព័ន្ធរឹងប្រកបដោយគុណភាព និងសោភណភាព គាំទ្របច្ចេកទេស ការកសាងកម្មវិធីសិក្សា និងការអភិវឌ្ឍ សមត្ថភាពគណៈគ្រប់គ្រង គ្រូឧទ្ទេសរបស់វិទ្យាស្ថាន ដែលជាមូលដ្ឋានគ្រឹះចាំបាច់ក្នុងការបណ្តុះបណ្តាលគ្រូបង្រៀនសតវត្សទី២១ ប្រកបដោយគុណភាព និងឧត្តមភាព។

ទន្ទឹមនឹងនេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិជាច្រើនទៀត ដែលបានចូលរួមយ៉ាងសកម្ម ក្នុងដំណើរការកសាងសមត្ថភាពវិទ្យាស្ថានគរុកោសល្យបាត់ដំបង។

តាមរយៈបាឋកថាគន្លឹះស្ដីពី «កំណែទម្រង់គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូដើម្បីឆ្ពោះទៅរកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលប្រកបដោយឧត្ដមភាព» លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវទិសដៅអាទិភាពចំនួន ០៨ចំណុច ក្នុងការធ្វើកំណែទម្រង់វិស័យអប់រំ ដើម្បីបន្តឈានទៅសម្រេច ចក្ខុវិស័យកម្ពុជានៅឆ្នាំ ២០៣០ និងឆ្នាំ ២០៥០ ក៏ដូចជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងការអភិវឌ្ឍធនធានមនុស្ស និងភាពជាពលរដ្ឋសកលឱ្យឆ្លើយតបទៅនឹងបរិបទនៃការអភិវឌ្ឍកម្ពុជា ក្នុងនោះមាន៖
(១)៖ កំណែទម្រង់សាលារៀន
(២)៖ ការអភិវឌ្ឍគ្រូបង្រៀនតាមរយៈកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ
(៣)៖ ការអប់រំឌីជីថល
(៤)៖ ការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
(៥)៖ ការលើកកម្ពស់សុខភាពសិក្សា
(៦)៖ ការអភិវឌ្ឍយុវជនដើម្បីលើកកម្ពស់បំណិនសតវត្សរ៍ ២១
(៧)៖ ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សា
និង (៨) ការកសាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាពស្ថាប័ន។ ក្រសួងបាននិងកំពុងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍគ្រូបង្រៀនឱ្យមានគុណភាពខ្ពស់
តួយ៉ាងការកែលម្អកម្មវិធីបណ្តុះបណ្តាល និងវិក្រឹតការគ្រូបង្រៀន ការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈគ្រូឧទ្ទេស ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងភាពជាអ្នកដឹកនាំ ការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តកម្មវិធីសិក្សាគរុកោសល្យ និងការធានាគុណភាព។

ក្នុងឱកាសនេះដែរ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបំពាក់គ្រឿងឥស្សរិយយសការងារជូនបុគ្គលិកអប់រំវិទ្យាស្ថានចំនួន ២០រូប និងបំពាក់មេដាយកិត្តិយស ជូនគ្រូឧទ្ទេសឆ្នើមចំនួន ៥រូប របស់វិទ្យាស្ថានគរុកោសល្យបាត់ដំបង និងបានផ្តល់អនុសាសន៍ សូមឱ្យបន្តខិតខំប្រឹងប្រែងបញ្ចេញអស់ពីសមត្ថភាពក្នុងការផ្តល់ចំណេះដឹង ជំនាញ និងបទពិសោធន៍ដល់សិស្សានុសិស្ស បន្តធ្វើការស្រាវជ្រាវ និងអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ ពិសេសបំណិនបច្ចេកវិទ្យា និងភាសាបរទេស ដើម្បីអភិវឌ្ឍចំណេះដឹង ជំនាញ និងឥរិយាបថក្នុងការបង្រៀនប្រកបដោយគុណភាព ដើម្បីឆ្លើយតបនឹង ស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន ក៏ដូចជាគោលនយោបាយស្តីពីគ្រូបង្រៀន ដោយគូសបញ្ជាក់ថា ក្នុងបរិបទនៃការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ពិសេសបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI) បច្ចេកវិទ្យាអប់រំ (EdTech) និងបរិបទពិភពលោកហ៊ុំព័ទ្ធ ដោយប្រព័ន្ធពហុប៉ូលសេដ្ឋកិច្ច ការធ្វើទំនើបកម្ម និងបរិវិត្តកម្មក្នុងវិស័យអប់រំជារបៀបវារៈអាទិភាពដែលត្រូវគិតគូរជាប្រព័ន្ធ និងគ្រប់ជ្រុងជ្រោយ ដែលទាមទារចាំបាច់នូវការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕