(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងថា រដ្ឋបាលខេត្តដែលមានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ជាសនាធិការ បានប្តេជ្ញាចិត្តយ៉ាងមុតមាំចូលរួមអនុវត្តយ៉ាងពេញទំហឹងនូវផែនការយុទ្ធសាស្ត្រ កម្មវិធីនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដោយផ្តោតសំខាន់លើការពង្រឹងគុណភាពវិស័យអប់រំ យុវជន កីឡា វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការបណ្តុះបណ្តាល ជំនាញបច្ចេកទេស។

ការថ្លែងរបស់លោកអភិបាលខេត្តព្រះវិហារក្នុងពិធីបិទសន្និបាតវាយតម្លៃការងាររបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ ឆ្នាំសិក្សា២០២៣-២០២៤ និងលើកទិសដៅសិក្សាឆ្នាំ២០២៤-២០២៥ នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។

លោក គីម រិទ្ធី បានថ្លែងបន្តថា រដ្ឋបាលខេត្តព្រះវិហារ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត រដ្ឋបាលក្រុង ស្រុក បានបន្តយកចិត្តទុកដាក់ និងចូលរួមយ៉ាងសកម្មក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាព គុណភាព និងការទទួលខុសត្រូវខ្ពស់ ស្របតាមអនុក្រឹត្យស្តីពីការផ្ទេរមុខងារវិស័យអប់រំ (មុខងារគ្រប់គ្រងការអប់រំកុមារតូច, មុខងារគ្រប់គ្រងការអប់រំ បឋមសិក្សា, មុខងារគ្រប់គ្រងការអប់រំក្រៅប្រព័ន្ធ) មកឱ្យរដ្ឋបាលក្រុង ស្រុក ដែលក្នុងនោះមន្ទីរអប់រំ យុវជន និងកីឡាខេត្តនៅតែដើរតួយ៉ាងសំខាន់ក្នុងការបន្តជំរុញនិងគាំទ្រទៅលើការងារជំនាញ និងផ្នែកបច្ចេកទេសផងដែរ។

លោកអភិបាលខេត្តព្រះវិហារបានណែនាំដល់លោកអភិបាលក្រុង ស្រុក ត្រូវសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តក្តាប់ឱ្យបានអំពីស្ថានភាពរបស់សាលារៀន អង្គការ សង្គមស៊ីវិល និងដៃគូអភិវឌ្ឍនានា ដែលអនុវត្តសកម្មភាពជួយគាំទ្រលើវិស័យអប់រំនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីសហការនិងឆ្លើយតបនូវតម្រូវការអាទិភាព បញ្ហាប្រឈមនានា និងកៀរគររកប្រភពមូលនិធិជួយគាំទ្រទៅតាមលទ្ធភាព ដូចជា ការជួសជុល ការសាងសង់អគារសិក្សា និងការដោះស្រាយបញ្ហាប្រឈមផ្សេងៗ ជាពិសេសគឺក្តាប់ឱ្យបានអំពីសកម្មភាពសប្បុរសជន ដែលបានជួយអភិវឌ្ឍសាលារៀនកន្លងមក។

ដើម្បីពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋចាប់ពីថ្នាក់មតេយ្យសិក្សារហូតដល់ថ្នាក់មធ្យមសិក្សា ដោយផ្តោតយកចិត្តទុកដាក់លើការបង្កើតបរិយាកាសល្អសម្រាប់ការអប់រំបណ្តុះបណ្តាលប្រកបដោយគុណភាព និងជំនាញខ្ពស់ ដែលជាវិធានការគន្លឹះរបស់ក្រសួងអប់រំ យុវជន និងកីឡា លោក គីម រិទ្ធី ក៏បានណែនាំដល់លោកប្រធានមន្ទីរអប់រំ លោកគ្រូ អ្នកគ្រូ មន្រ្ដី បុគ្គលិកជំនាញ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអង្គការដៃគូ សប្បុរសជនទាំងអស់ សូមបន្តយកចិត្តទុកដាក់លើការងារអាទិភាពសំខាន់ៗដូចខាងក្រោម៖

* បន្តពង្រឹងអភិបាលកិច្ចសាលារៀន ដោយផ្តោតយកចិត្តទុកដាក់លើលទ្ធផលសិក្សារបស់សិស្ស ការផ្លាស់ប្តូរវប្បធម៌សាលារៀន ពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ ឥរិយាបទល្អរបស់បុគ្គលិកអប់រំ និងសិស្សានុសិស្ស និងគាំទ្រគណៈកម្មការគ្រប់គ្រងសាលារៀន ពង្រឹងការរៀបចំផែនការអភិវឌ្ឍន៍សាលា ពង្រឹងការធ្វើតេស្តស្តង់ដារ និងការវាយតម្លៃការបំពេញការងាររបប់បុគ្គលិកសិក្សា។

* បន្តពង្រឹងពិនិត្យ កែសម្រួលរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ឱ្យស្របទៅតាមតម្រូវការ ដើម្បីពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបទរបស់សិស្ស តាមរយៈការអនុវត្តកម្មវិធីសិក្សាថ្មី ជាពិសេសការអនុវត្តកម្មវិធីក្រៅម៉ោងបន្ថែម ផ្តោតលើ កម្មវិធីអនុវត្តបំណិនមូលដ្ឋាន កម្មវិធីប្រឹក្សាអាជីព និងកម្មវិធីអភិវឌ្ឍយុវជនជាដើម។

* បន្តការយកចិត្តទុកដាក់លើសុខភាពសិក្សារបស់សិស្ស លើកកម្ពស់សុខភាពអនាម័យ បង្កការ និងស្កាត់នូវជំងឺឆ្លងផ្សេងៗ ដោយសាលារៀនត្រូវអនុវត្តតាមគោលនយោបាយជាតិ ស្តីពី សុខភាពសិក្សា និងបទដ្ឋានគតិយុត្តស្តីពី សុខភាពសិក្សា ជាពិសេសត្រូវយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស និងការ ត្រួតពិនិត្យ គុណភាពចំណីអាហារ នៅតាមសាលារៀន ការរៀបចំអនុវត្តកម្មវិធីអាហារូបត្ថម្ភដើម្បីធ្វើឱ្យកុមារទទួលបាន អាហារូបត្ថម្ភគ្រប់គ្រាន់ ដូចជាកម្មវិធីអាហារពេលព្រឹក ឬ អាហារសម្រន់សម្រាប់កុមារប្រកបដោយគុណភាព និងការផ្តល់ការឧបត្ថម្ភ ឬអាហារូបករណ៍ដល់សិស្សក្រីក្រ។

* បន្តយកចិត្តទុកដាក់គាំទ្រសុខភាពផ្លូវចិត្ត និងផ្លូវកាយរបស់សិស្សានុសិស្ស ដែលទទួលរងផលប៉ះពាល់ដោយឧបទ្ទវហេតុផ្សេងៗ និងជំរុញលើកទឹកចិត្តការចូលរួមរបស់ មាតាបិតា អាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំ ស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ»។

* បន្តពង្រឹងប្រព័ន្ធអប់រំឱ្យមានគុណភាព ប្រកបដោយសមធម៌ និងបរិយាបន្ន ព្រមទាំងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា និងដោះស្រាយការខាតបង់ការរៀនសូត្ររបស់សិស្ស និងយុវជនដែលរងផលប៉ះពាល់ផ្សេងៗ ការប្រមូលកុមារដល់វ័យសិក្សាឱ្យបានចូលរៀនគ្រប់ៗរូប និងកាត់បន្ថយអត្រាត្រួតថ្នាក់ អត្រាបោះបង់ការសិក្សា ឱ្យបានជាអតិបរិមារ។

* បន្តការអភិវឌ្ឍការអប់រំឌីជីថល សម្រាប់ការបណ្តុះបណ្តាល ធនធានមនុស្ស លើកកម្ពស់សមត្ថភាពគ្រូបង្រៀនផ្នែកឌីជីថល ផលិតវីដេអូរបង្រៀន និងមាតិកាឌីជីថល លើមុខវិជ្ជាគោល សម្រាប់ថ្នាក់ប្រឡង ព្រមទាំងផ្សព្វផ្សាយការងារទាំងនេះ ឱ្យកាន់តែទូលំទូលាយ។

* បន្តអនុវត្តឱ្យកាន់តែសកម្ម លើកាយរឹទ្ធិ និងយុវជនដោយ ប្រកាន់ខ្ជាប់នូវទ្រឹស្តី និងទង្វើវិជ្ជមានក្នុងសង្គមតាមរយៈការបំផុសចលនា «កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ» ,កម្មវិធី យុវជនស្ម័គ្រចិត្តចុះជួយមូលដ្ឋាន នៅតាមសហគមន៍ ជាមួយនឹងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងជំនាញទន់ដល់ យុវជន ដើម្បីឆ្លើយតបទាន់ពេលវេលាទៅនឹងឱកាសការងារ។

* បន្តជំរុញសកម្មភាពអប់រំកាយ និងកីឡា នៅតាមគ្រឹះស្ថានសិក្សា កីឡាមហាជន ឱ្យបានផុលផុស ដោយសហការជាមួយ គ្រប់ភាគីពាក់ព័ន្ធ សហគមន៍ កីឡាមហាជន ដើម្បីបណ្តុះ បណ្តាល បំប៉ន និងហ្វឹកហ្វឺនកីឡាជម្រើសថ្នាក់ឃុំ សង្កាត់ ក្រុង ស្រុក រហូតដល់ថ្នាក់ខេត្ត។

* បន្តគាំទ្រ និងជំរុញលើកទឹកចិត្តគ្រូបង្រៀន ឱ្យក្លាយជាបុគ្គលនាំមុខ ជាមគ្គុទេស្ទក៍ ជាអ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត ដោយខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន ជាប់ជាប្រចាំ ទាំងផ្នែកចំណេះដឹង ទាំងវិធីសាស្ត្របង្រៀន រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងភាសាបរទេស ដើម្បីចាប់យកចំណេះដឹងថ្មីៗ និងគរុកោសល្យថ្មីៗ មកបង្ហាត់បង្រៀន
ដល់សិស្សានុសិស្ស ឱ្យមានចំណេះដឹងទូលំទូលាយ និង អភិវឌ្ឍន៍ខ្លួនទៅជាពលរដ្ឋល្អ និងជាអ្នកបន្តវេនប្រកបដោយ សមត្ថភាព និងគុណវុឌ្ឍ សម្រាប់អនាគត។

បន្ថែមពីលើនេះ លោកអភិបាលខេត្តព្រះវិហារ គីម រិទ្ធី ក៏បានថ្លែងណែនាំដល់មន្ទីរ អប់រំ យុវជន និងកីឡា បន្តយកចិត្តទុកដាក់ទៅលើអាទិភាព៤ចំណុច របស់ក្រសួងអប់រំ យុវជន និង កីឡា រួមមាន៖ ការអប់រំឌីជីថល, ការបង្កើតមជ្ឈមណ្ឌលឧត្តមភាព នៅគ្រឹះស្ថានឧត្តមសិក្សា, ការកសាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាព ការអភិវឌ្ឍការអប់រំកាយ និងកីឡា ដើម្បីជំរុញ និងលើកកម្ពស់វិស័យ អប់រំនៅខេត្តព្រះវិហារ ឱ្យសម្រេចបាននូវទិសដៅសំខាន់ៗ និងការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត៕