(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា បានជំរុញដល់គណៈគ្រប់គ្រងសាលា ក៏ដូចជាលោកគ្រូ អ្នកគ្រូត្រូវតែផ្តល់មតិកែលម្អល្អៗ និងផ្លាស់ប្តូរទម្លាប់ ផ្នត់គំនិត ឥរិយាបទរបស់សិស្ស ពិសេសផ្ដោតលើការបណ្ដុះឱ្យមានការគោរពវិន័យ មានសណ្តាប់ធ្នាប់ មានអនាម័យ បរិស្ថានល្អ និងត្រូវចងចាំថាបើមានសំរាម គឺគ្មាននាយកសាលា បើមាននាយកសាលា គឺគ្មានសំរាម។
លោកជំរុញបែបនេះក្នុងពិធីបិទសន្និបាតបូកសរុបនិងវាយតម្លៃលទ្ធផលការងារអប់រំឆ្នាំសិក្សា២០២៣-២០២៤ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ បន្ទាប់ពីបានដំណើរការអស់រយៈពេល២ថ្ងៃ នៅសាលប្រជុំថ្មីសាលាខេត្ត នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។
លោក ខូយ រីដា បានវាយតម្លៃខ្ពស់ចំពោះសន្និបាតដែលបានផ្តល់ឱកាសដល់ភាគីពាក់ព័ន្ធ បានយល់ជ្រួតជ្រាប និងបន្តចូលរួមអនុវត្តកម្មវិធីកែទម្រង់ការអប់រំ កាន់តែស៊ីជម្រៅ ឆ្លើយតបទៅនឹងបរិយាបទថ្មីនៃសង្គមសេដ្ឋកិច្ចឌីជីថល ទាំងក្នុងតំបន់ និងពិភពលោក។ វឌ្ឍនភាពនៃវិស័យអប់រំ ផ្តើមចេញពីកិច្ចខិតខំប្រឹងប្រែង សហការសាមគ្គីឯកភាពពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃមន្ទីរអប់រំ យុវជន និងកីឡា បូករួមទាំងមាតាបិតា អាណាព្យាបាល សហគមន៍ អង្គការដៃគូ និងអាជ្ញាធរមូលដ្ឋាន។
ក្នុងនាមអាជ្ញាធរខេត្ត លោក ខូយ រីដា បានជំរុញដល់គណៈគ្រប់គ្រងសាលា ក៏ដូចជាលោកគ្រូ អ្នកគ្រូ ត្រូវតែផ្តល់មតិកែលម្អល្អៗ និងផ្លាស់ប្តូរទម្លាប់ ផ្នត់គំនិត ឥរិយាបទរបស់សិស្ស ជុំវិញការគោរពវិន័យ មានសណ្តាប់ធ្នាប់ មានអនាម័យ បរិស្ថានល្អ និងត្រូវចងចាំថា បើមានសំរាម គឺគ្មាននាយកសាលា បើមាននាយកសាលា គឺគ្មានសំរាម។ លោកអភិបាលខេត្តបន្តថា សាលារៀន គឺគ្រឹះស្ថានអប់រំ ជាកន្លែងប្រមូលផ្តុំមានលក្ខណៈងាយស្រួល ក្នុងការបញ្ជ្រាបចំណេះដឹង និងចំណេះធ្វើដល់សិស្សានុសិស្ស ដូច្នេះហើយលោកគ្រូ អ្នកគ្រូ ត្រូវខិតខំកែលម្អសាលា ដើម្បីឱ្យក្លាយជាសាលារៀនគំរូ ទៅថ្ងៃអនាគត។ លោកក៏ត្រៀមផ្តល់ដំណើរទស្សនកិច្ច ដល់គណៈគ្រប់គ្រងសាលាណាដែលមានការខ្វះចន្លោះ ដើម្បីសិក្សាស្វែងយល់ពីការងារគ្រប់គ្រង ដឹកនាំ ពិនិត្យការរៀន និងបង្រៀន របស់សាលារៀនគំរូ ដែលពួកគេខិតខំប្រឹងប្រែងកន្លងមក រហូតទទួលបានការសរសើរ និងគាំទ្រពីថ្នាក់ដឹកនាំ និងសហគមន៍។
កន្លងមក លោកបានចុះតាមបណ្តាសាលារៀនមួយចំនួន តាមបណ្តាក្រុងស្រុករួចមកហើយ, នៅចំពោះមុខនេះ លោកនឹងត្រៀមឆ្មក់ចុះបន្តទៀត ទៅសាលារៀនដែលមានការឆកល្វែងនៅទូទាំងខេត្ត ពោលគឺដើម្បីជំរុញការកែលម្អ សោភណភាព បរិស្ថាន អនាម័យសាលា និងបំផុសបំណិនល្អៗដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។
ជាមួយគ្នានោះ លោក ខូយ រីដា ក៏បានជម្រាបជូនអំពីដំណើរការអភិវឌ្ឍន៍របស់ខេត្តពោធិ៍សាត់ ដែលជាខេត្តឈ្នះគោលនយោបាយ ស្ទើរគ្រប់អាណត្តិ ដោយបានបញ្ជាក់ថា ប្រសិនបើគ្មានសន្តិភាពទេនោះ ខេត្តពោធិ៍សាត់ក៏គ្មានភាពរីកចម្រើនដូចសព្វថ្ងៃនោះដែរ បច្ចុប្បនខេត្តមានទាំងរោងចក្រ សហគ្រាស សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់វារីអគ្គិសនី ទំនប់ធារាសាស្ត្រ ប្រឡាយតូចធំ ផ្លូវខ្វាត់ខ្វែង ភ្លើងបំភ្លឺព្រោងព្រាត ព្រមទាំងមានគម្រោងអភិវឌ្ឍន៍ជាច្រើនហូរហែទៀត មកបណ្តាក់ទុនវិនិយោគនៅក្នុងខេត្តពោធិ៍សាត់ ដែលកាលពីមុខជាខេត្តដាច់ស្រយាលមួយ គេទៅហួសមកហួសផងដែរ៕