Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងបរិស្ថានបន្តអំពាវនាវឱ្យមានការចូលរួមបង្ការ និងទប់ស្កាត់ការដុតសំណល់ផ្សេងៗ និងភ្លើងឆេះព្រៃ

01-02-2025 08:24

(ភ្នំពេញ)៖ ក្រសួងបរិស្ថានជាថ្មីម្តងទៀត បានជំរុញឱ្យមានការចូលរួមកាន់តែប្រសើរថែមទៀត បង្ការ និងទប់ស្កាត់ករណីមានភ្លើងឆេះ ជាពិសេសការឆេះវាលស្មៅ ដើមឈើ និងព្រៃភ្នំ ដែលជាការព្រួយបារម្ភ ចំពោះការបង្កឱ្យមានការបំភាយផ្សែង ប៉ះពាល់បរិយាកាស ប៉ះពាល់ធនធានធម្មជាតិ ជីវៈចម្រុះ ខណៈក្នុងរដូវប្រាំងអាកាសធាតុក្តៅ ស្ងួតខ្លាំង ងាយបង្កនូវភ្លើងឆេះព្រៃ។

លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានបានបញ្ជាក់ថា ករណីខ្លះអាចបណ្តាលមកពីការមិនមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការប្រើប្រាស់ភ្លើង សម្រាប់ជាមធ្យោបាយ ដើម្បីចម្អិនអាហារ ការយកឃ្មុំ ការដុតស្មៅព្រៃ ការដុតស្ទាក់ចាប់សត្វ និងការប្រមូលផលអនុផលព្រៃឈើជាដើម។

ក្រសួងរិស្ថាន បានជូនដំណឹង និងស្នើសុំឱ្យអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសអាជ្ញាធរថ្នាក់ក្រោមជាតិ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន រួមទាំងសហគមន៍ ប្រជាពលរដ្ឋ ចូលរួមអនុវត្តវិធានការអប់រំ ផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋ ជាមួយគ្នានេះ ទប់ស្កាត់ការកាប់ឆ្ការ ទន្ទ្រាន ឈូសឆាយ ដុតព្រៃឈើ និងព្រៃលិចទឹក ដើម្បីយកដីខុសច្បាប់ ឬក្នុងគោលបំណងផ្សេងៗទៀត ដែលជាសកម្មភាព ល្មើសច្បាប់ និងបង្កឱ្យមានភ្លើងឆេះព្រៃ និងរាលដាលរហូតដល់ភូមិកររបស់ប្រជាពលរដ្ឋ តំបន់រដ្ឋបាលសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធ រូបវន្តនានា។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានបន្ថែមថា ប្រសិនបើមានករណីភ្លើងឆេះព្រៃ ជារៀងរាល់ឆ្នាំបានបង្កឱ្យមានបញ្ហាដល់ការបាត់បង់ធនធានព្រៃឈើ ព្រៃលិចទឹក និងធនធានធម្មជាតិក្នុង តំបន់ការពារធម្មជាតិដែលអាចបង្កឱ្យមានការខូចខាតផ្នែកសេដ្ឋកិច្ច ធនធានធម្មជាតិ និងបរិស្ថាន។

សូមបញ្ជាក់ថា កម្ពុជាមិនមានចំណុចក្តៅ Hotspot ច្រើននោះទេ និងរហូតមកដល់ពេលនេះ។ ស្ថានភាពគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជា នៅក្រោមកម្រិតស្តង់ដារខ្យល់សាធារណៈ មានន័យថាសន្ទស្សន៍គុណភាពខ្យល់ (AQI) គឺស្ថិតក្នុងកម្រិតប្រែប្រួលពី ៨.៥ ទៅ២៥០មីក្រូក្រាម ក្នុង១ម៉ែត្រគីបខ្យល់។

ជាមួយគ្នានេះ ក្រសួងបរិស្ថានបានបញ្ជាក់ថាការពិនិត្យជាក់ស្តែងកម្ពុជាពុំមានការឆេះវាលស្រែចំការទំហំធំៗ និងការឆេះ មានរយៈពេលយូរឡើយទេ។ ជាសំណូមពរ ក្រសួងបរិស្ថាន ស្នើសុំឱ្យសាធារណជនមេត្តាតាមដានស្ថានភាពគុណភាពខ្យល់កម្ពុជា តាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់កម្ពុជាយើង។ ចូលរួមប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវជាពិសេសបន្តចូលរួមក្នុងយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដើម្បីផ្ទះយើងស្អាត មូលដ្ឋាយើងស្អាត ស្រុក ក្រុង ទីប្រជុំជនយើងស្អាត កម្ពុជាស្អាត គ្មានសំរាម សំណល់ប្លាស្ទិកនៅតាមទីសាធារណ និងតាមដងផ្លូវនៅពេលឆាបើៗខាងមុខ។

សូមចូលរួមសហការ ការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិត្រូវយកចិត្តទុកដាក់ទប់ស្កាត់ និងការពារកុំឱ្យមានភ្លើងឆេះព្រៃ ការដុត សំរាម សំណល់ប្លាស្ទិក នៅលើទីវាល ជាដើម ដើម្បីបង្ការកុំឱ្យខ្យល់ពុលដោយប្រការណាមួយជាយថាហេតុ។

អនុលោមតាមក្រមបរិស្ថាន និងធនធានធម្មជាតិ ជំពូកទី៣ មាត្រា៨៤៩ បានចែងថា ការធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចបង្កឱ្យមានភ្លើងឆេះព្រៃ ឬឆេះតំបន់ដីមមោក ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី១ ក្នុងតំបន់ការពារធម្មជាតិ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១(មួយ)ខែ ដល់១(មួយ)ឆ្នាំ និងពិន័យជាប្រាក់ពី១០លានរៀល ដល់១០០លានរៀល។ ដោយឡែក តាមមាត្រា៨៥១ ចំពោះបុគ្គលណាដែលបង្កឱ្យមានភ្លើងឆេះព្រៃ ឬឆេះតំបន់ដីមមោកដោយចេតនា ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ ក្នុងតំបន់ការពារធម្មជាតិ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥(ប្រាំ)ឆ្នាំ ទៅ១០(ដប់)ឆ្នាំ។

លោក ខ្វៃ អាទិត្យា មានជំនឿថាសាធារណជន និងជាពិសេសសអ្នកពាក់ព័ន្ធបានយល់ច្បាស់ពីករណីកិច្ចក្នុងការការពារ ទប់ស្កាត់ និងប្រយុទ្ធនឹងភ្លើងឆេះព្រៃ ដោយរួមសហការចូលរួមបង្ការ និងទប់ស្កាត់ការដុតសំណល់នានាលើទិវាល និងការឆេះផ្សេងៗ ដែលបង្កឱ្យប៉ះពាល់សុខភាព និងបរិស្ថាន៕