(កំពង់ស្ពឺ)៖ សិប្បកម្មស្ងោរអំបិលចំនួន៣កន្លែង និងរោងចក្រផលិតគ្រឿងផ្សំស្បែកជើងមួយ មានទីតាំងក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ កំពុងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងគុណភាពខ្យល់ ព្រោះការយកប្លាស្ទិក និងជ័រទៅដុងនៅក្នុងឡ ដែលមិនអនុលោមតាមបច្ចេកទេសកំណត់ដោយច្បាប់ស្តីពីបរិស្ថាន។
សិប្បកម្មស្ងោរអំបិល ដែលធ្វើសកម្មភាពប៉ះពាល់ដល់បរិស្ថាននេះ រួមមាន៖
១៖ សិប្បកម្មស្ងោរអំបិល ខែម ពុទ្ធថៃ មានអាសយដ្ឋានស្ថិតនៅភូមិអង្គសុគន្ធា ឃុំមហាឬស្សី ស្រុកគងពិសី។
២៖ សិប្បកម្មស្ងោរអំបិលដើមត្នោតពីរ មានម្ចាស់ឈ្មោះ យ៉ែម អៀង មានទីតាំងស្ថិតនៅភូមិអង្គរោង ឃុំមហាឬស្សី ស្រុកគងពិសី។
៣៖ សិប្បកម្មស្ងោរអំបិល យ៉ែម យ៉ា មានទីតាំងស្ថិតនភូមិអង្គរោង ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ក្រោយចុះពិនិត្យឃើញសកម្មភាពបង្កផលប៉ះពាល់ដល់បរិស្ថានពីសិប្បកម្មស្ងោរអំបិលទាំង៣នេះ លោក ឈុន ឈៀហេង ប្រធានការិយាល័យគាំពារបរិស្ថាន និងក្រុមការងារ រួមជាមួយក្រុមការងារអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ ដឹកនាំដោយលោក ចាប យុធី អនុប្រធាននាយកដ្ឋានអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់នៃក្រសួងបរិស្ថាន បានចុះទៅណែនាំ និងចាត់វិធានការដូចខាងក្រោម៖
១៖ ត្រូវបញ្ឈប់ជាបន្ទាន់ក្នុងការប្រើប្រាស់កម្ទេចក្រណាត់ ស្បែក និងជ័រប្លាស្ទិកគ្រប់ប្រភេទ ដុតក្នុងឡជាបន្តទៀត។
២៖ កែប្រែបច្ចេកទេសឡដុត ដោយបំពាក់ឧបករណ៍ចម្រោះផ្សែងឱ្យបានត្រឹមត្រូវ និងអនុលោមតាមស្ដង់ដារកំណត់
៣៖ ផ្លាស់ប្ដូរការដុតកម្ទេចក្រណាត់ ស្បែក និងជ័រគ្រប់ប្រភេទ មកជាការដុតថាមពលស្អាតវិញ។
ដោយឡែករោងចក្រផលិតគ្រឿងបន្សំស្បែកជើង ក្រុមហ៊ុន ដឹ អ៊ិនហេរីធេន (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិអង្គសុគន្ធា ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានរកឃើញថា បានប្រើប្រាស់សំណល់ឧស្សាហកម្ម (កម្ទេចជ័រស្បែកជើង កម្ទេចឈើកិន និងធ្យូងថ្ម) មកដុតលាយឡំជាមួយគ្នា ក្នុងឡចំហាយបណ្តាលឱ្យមានផ្សែងខ្មៅខ្លាំងចេញពីបំពង់ឡរបស់រោងចក្រ។
លោក ឈុន ឈៀហេង បានណែនាំដល់ម្ចាស់រោងចក្រ បញ្ឈប់ជាបន្ទាន់ ការយកសំណល់ (ប្លាស្ទិក ជ័រ) មកដុតលាយឡំជាមួយកម្ទេចឈើកិន និងធ្យូងថ្ម។ បន្ថែមពីលើនោះ ត្រូវរៀបចំកែប្រែបច្ចេកទេសប្រព័ន្ធឡចំហាយឱ្យបានត្រឹមត្រូវ រាល់ការបញ្ចេញផ្សែងពីបំពង់ឡចំហាយ ត្រូវឆ្លើយតបតាមច្បាប់កំណត់។
បន្ថែមពីលើនោះ ត្រូវផ្តល់របាយការណ៍ស្វ័យត្រួតពិនិត្យ និងស្វ័យរាយការណ៍មកមន្ទីរបរិស្ថាន រៀងរាល់៣ខែម្តងឱ្យបានទៀងទាត់៕