(ភ្នំពេញ)៖ រថយន្តដឹកបំពង់ខ្យល់អ៊ុកស៊ីសែនមួយគ្រឿង ដោយសារតែធ្វេសប្រហែសបានធ្វើឲ្យធ្លាក់បំពង់ខ្យល់អ៊ុកស៊ីសែន ចំបុរសអ្នកដំណើរម្នាក់ជិះម៉ូតូ តាមដងផ្លូវរងគ្រោះបាក់ជើងស្ដាំ នៅវេលាម៉ោង១២៖០០នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦នេះ នៅតាមផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនរងគ្រោះត្រូវបានបងប្អូនក្រុមគ្រួសារ ដឹកយកទៅមន្ទីរពេទ្យជោរៃ ខណៈដែលនគរបាលព្រហ្មទណ្ឌ ខណ្ឌច្បារអំពៅ បានចុះទៅកន្លែងកើតហេតុនោះភ្លាមៗ ដើម្បីជួយអន្តរាគមន៍ រហូតឃាត់ខ្លួនអ្នក​បើក​បរដើម្បីចាត់ការតាមច្បាប់។ មន្រ្តីនគរបាលព្រហ្មទណ្ឌ ខណ្ឌច្បារអំពៅបានប្រាប់ឲ្យដឹងថា ករណីនេះជាករណីព្រហ្មទណ្ឌដោយហិង្សា​អចេតនា(ធ្វើធ្លាក់ធុងខ្យល់បណ្ដាលឲ្យអ្នកដំណើររបួស) ដោយត្រូវឃាត់ខ្លួន​យកមកសាកសួរ។

ពេលនោះអ្នកបង្កហេតុសុំយកជនរងគ្រោះ ទៅមន្ទីរពេទ្យដើម្បីព្យាបាលហើយ និងសុំដោះស្រាយមួយជំហ៊ានសិនតែបើជនសង្ស័យ មិនព្រមយក​សំណងថ្លៃព្យាបាលទេ សមត្ថកិច្ចនឹងសុំគោល​ការណ៍ទៅថ្នាក់លើដើម្បីឃាត់ តែបើសិនដោះស្រាយត្រូវគ្នាចប់ នោះនឹងធ្វើកិច្ចសន្យាបញ្ចប់ មិនប្ដឹងផ្ដល់ទើបអាចឲ្យយករថយន្ត និងអ្នកបើកបរត្រលប់ទៅវិញបាន៕