(ភ្នំពេញ)៖ ក្នុងជំនួបសម្តែងការគួរសម ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លោក Jacques Chirak ទីប្រឹក្សាអតីត ប្រធានាធិបតីបារាំង បានសរសើរ សម្តេចតេជោ ហ៊ុន សែន ថា សម្ដេចតេជោ នាយករដ្ឋមន្ត្រី បន្ទាប់ពី២៥ឆ្នាំ នៃកិច្ចព្រមព្រៀងទីក្រុង ប៉ារីស ឃើញប្រទេសកម្ពុជា មានការរីកចម្រើន មានអ្វីៗទាំងអស់ត្រឡប់មកធម្មតាវិញរួមមានសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ ព្រមទាំងកំណើនសេដ្ឋកិច្ច។ ទីប្រឹក្សាអតីតប្រធានាធិបតីបារាំង Jacques Chirak ជួបសម្ដែងការគួរសមជាមួយសម្ដេចតេជោ ហ៊ុន សែន Jនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦នេះ ។នេះបើតាមការឲ្យដឹងពី លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។
លោក កៅ គឹមហួន បានឲ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន បានគួរបញ្ជាក់ថា ប្រទេសបារាំង និងឥណ្ឌូណេស៊ី ធ្លាប់បានដើរតួនាទី យ៉ាងសំខាន់ក្នុងការធ្វើយ៉ាងណាអោយប្រទេសមានសន្តិភាព។ ជាមួយគ្នានោះសម្ដេច ក៏បានរំលឹងដែរពីតួអង្គយ៉ាងសំខាន់ គឺព្រះករុណា សម្ដេចនរោត្ដម សីហនុ ក្នុងការស្វែងរកសនិ្តភាពនៅប្រទេសកម្ពុជា ហើយសម្ដេចតេជោក៏ជាតួអង្គសំខាន់ដែរនៅក្នុងនោះ។
សម្ដេចបានបន្តទៀតថា ក្រោយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសរួចមក សម្ដេចបានវាយតម្លៃត្រូវដែរ ចំពោះសភាពការអភិវឌ្ឍ ប្រទេសជាតិ សូម្បីតែធនាគារ ពិភពលោក ប្រទេសជប៉ុន និងប្រទេសដទៃទៀត ក៏មិនបានវាយតម្លៃត្រូវដែរពីការវិវត្តន៍របស់កម្ពុជា។ ជាក់ស្ដែងធនាគារពិភពលោកបានវាយតម្លៃថា ប្រទេសកម្ពុជាមានតម្រូវការអគ្គិសនីកើនឡើង១១% តែជាក់ស្ដែមានការកើនឡើង២៥%។ ប្រទេសជប៉ុនវាយតម្លៃថា ផ្លូវជាតិលេខ៦អាចបន្តប្រើប្រាស់តែ៧ម៉ែត្រទេ តែជាក់ស្ដែងយើងប្រើប្រាស់ធំជាងនេះឆ្ងាយណាស់។
សម្ដេចបានគួសបញ្ជាក់ថា អ្វីដែលសំខាន់នោះ ប្រទេសកម្ពុជាមិនអាចខ្វះសន្តិភាពបានទេ។ ប្រសិនបើគ្មានសន្តិភាព មិនអាចមាន ការអភិវឌ្ឍ ទន្ទឹមនឹងនេះប្រសិនបើគ្មានការអភិវឌ្ឍន៍ មិនអាចរក្សាសន្តិភាពបានទេ។ សម្ដេចបានធ្វើសេចក្ដី សម្រេចមួយដ៏ត្រឹមត្រូវ គឺការធ្វើសមាហន្តកម្ម ក្រុមអតីតខ្មែរក្រហម ហើយមិនមែនតែសមាហន្តកម្មនយោបាយទេ គឺសមាហរន្តកម្មគ្រប់វិស័យទាំងអស់ ជាពិសេសរួមទាំងការតភ្ជាប់ ធ្វើឲ្យយើង មានសន្តិភាពតាមតំបន់ព្រំប្រទល់ និងតំបន់អតីតខ្មែរក្រហម ហើយអ្វីដែលសំខាន់នៅក្នុង ការអភិវឌ្ឍនេះ គឺការចែករំលែកនៃផ្លែផ្កាការអភិវឌ្ឍ។ ថ្វីត្បិតតែការបែងចែកនេះ មិនបានទាំងស្រុងក៏ដោយប៉ុន្តែការបែងចែកនេះធ្វើអោយ ទូទាំងប្រទេសមានការដំណើរការទៅមុខ ហើយប្រជាពលរដ្ឋត្រឡប់មកចូលរួមយ៉ាងសកម្ម។ សម្ដេចថា អ្វីដែលសម្ដេចមានការ កត់សម្គាល់នៅក្នុង ដំណើរទស្សនកិច្ចទៅកាន់ទាំង២០ប្រទេស ក្នុង ប្រទេសកម្ពុជាកន្លងទៅនេះ គឺការចង់ចេះចង់ដឹងរបស់ប្រជាពលរដ្ឋ ជាចំណុចមួយសំខាន់។
លោក កៅ គឹមហួន ប្រាប់ឲ្យដឹងទៀតថា សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្លាស់ប្តូរយោបល់ជាមួយឯកឧត្ដម Jean David Levitte ពីសភាពការក្នុងតំបន់ និងអន្តរជាតិដូចជាតំបន់មជ្ឍឹមបូព៌ាប្រទេសស៊ីរី និងតំបន់សមុទ្រចិនខាងត្បូង ដែលមានចំណុចខ្លះ ស្រដៀងប្រទេស កម្ពុជា ហើយក៏មានចំនុចខ្លះខុសគ្នាឆ្ងាយ។ ចំណុចចុងក្រោយដែលសម្ដេចបានពិភាក្សា គឺការប្រឆាំងនឹងឳសថក្លែងក្លាយ ដែលលោក Jean David បញ្ជាក់ថា ជាចំណុចមួយប្រឈម។
សម្ដេចតេជោ ទទួលស្គាល់ថា នេះជាចំណុចមួយគ្រោះថ្នាក់ សម្ដេចបានប្រើប្រាស់ពាក្យថា ឳសថក្លែងក្លាយជាប្រភេទថ្មី នៃឃាតករ ហើយដែលនឹងជម្រុញការប្រយុទ្ធប្រឆាំង។ ហើយទៅខាងមុខទៀត អាចប្រើប្រាស់ យន្តការមានស្រាប់ ឬយន្តការថ្មីដើម្បីប្រជុំពង្រឹង កិច្ចសហប្រតិបត្តិការទប់ស្កាត់ឱសថក្លែងក្លាយ នៅក្នុងតំបន់ ដោយប្រគល់ អោយក្រសួងការបរទេសកម្ពុជា និងសហប្រតិបត្តិការអន្តរជាតិ រៀបចំកិច្ចប្រជុំនេះ៕