(កំពង់ស្ពឺ)៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ បានរៀបចំឱ្យបានវេទិការសាធារណៈ ក្រោមអធិបតីភាពលោក រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសំរោងទង រួមទាំងអង្គវេទិកាទាំងមូលសរុបចំនួន១៩៨នាក់ ដើម្បីជួយដោះស្រាយបញ្ហា សំណើ និងសំណូមពរមួយចំនួនជូនប្រជាពលរដ្ឋ។
លោក រិន វីរៈ បានជម្រាបជូនពីស្ថានភាពរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតីធិបតី ហ៊ុន ម៉ាណែត ដែលធ្វើឱ្យទូទាំងប្រទេសបន្តរក្សាបាននូវសុខសន្តិភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ តាមរយៈកត្តាសុខសន្តិភាពនេះ ទើបប្រទេសយើងមានការអភិវឌ្ឍ។
នាឱកាសនោះ លោក រិន វីរៈ បានដឹកនាំដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋមួយចំនួន ពាក់ព័ន្ធនឹងប្លង់កម្មសិទ្ធិដីធ្លី បញ្ហាព្រំដីរវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ បញ្ហាពលរដ្ឋមិនទាន់បានទទួលប័ណ្ណកម្មសិទ្ធិដីធ្លី សំណូមពរឱ្យជួយកសាងផ្លូវបេតុងនិងផ្លូវកៅស៊ូ សំណង់ប្រព័ន្ធលូរំដោះទឹកភ្លៀង បញ្ហាបង្ក្រាបបទល្មើសគ្រឿងញៀន បញ្ហាសិប្បកម្មផលិតគ្រាប់ជ័រប្លាស្ទិកបង្ហូរសំណល់ចូលស្រែរបស់ប្រជាពលរដ្ឋ សំណូមពរដល់អគ្គិសនីជួយរំកិលបង្គោលភ្លើងដែលនៅពីលើដំបូលផ្ទះរបស់ប្រជាពលរដ្ឋ សំណូមពរឱ្យជួយរកការងារធ្វើដល់ជនពិការដែលរោងចក្រ សិប្បកម្មមួយចំនួនមិនទទួលយក ឬបញ្ឈប់ជនពិការតែម្តង សំណូមពរឱ្យពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណជូនជនពិការ៕