(កណ្ដាល)៖ រថយន្ដដឹកទំនិញធុនធំមួយគ្រឿង បានបុកម៉ូតូចំនួន៨គ្រឿង បណ្ដាលឲ្យរងការខូចខាតតែមិនមានពលរដ្ឋណាម្នាក់រងរបួសឡើយនៅលើស្ពានព្រែកក្ដាម ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្ដាល។ ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ។
លោកវរសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ករណីរថយន្ដធុនធំដឹកទំនិញបុកម៉ូតូ៨គ្រឿងនេះ គឺផ្ដើមចេញពីម៉ូតូឈប់មើលករណីគ្រោះថ្នាក់ចរាចរណ៍ទីមួយ ដែលបណ្ដាលឲ្យបុរសម្នាក់ស្លាប់។
លោកបានអះអាងថា ហេតុការណ៍ដំបូងនោះ គឺមានរថយន្ដមិនស្គាល់ម៉ាកមួយគ្រឿង បានបុកអ្នកជិះម៉ូតូម្នាក់បណ្ដាលឲ្យស្លាប់ភា្លមៗ។ នៅសមត្ថកិច្ចកំពុងអន្ដរាគមន៍ ក៏មានប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរផ្សេងទៀត នាំគ្នាឈប់មើលលើដងផ្លូវ។
នៅពេលនោះ ក៏មានរថយន្ដដឹកទំនិញធុនធំមួយមកដល់ ក៏បុករះម៉ូតូចំនួន៨គ្រឿង ដែលកំពុងឈប់មើលករណីគ្រោះថ្នាក់ចរាចរណ៍ដំបូង បណ្ដាលឲ្យរងការខូចខាត តែមិនមានអ្នករងរបួសឡើយ សម្រាប់ករណីទីពីរនេះ។
បើតាមលោកអធិការនគរបាលស្រុក, គ្រោះថ្នាក់ចរាចរណ៍ទាំងពីរករណីនេះ កម្លាំងនគរបាលជំនាញកំពុងធ្វើការវាស់វែង ដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់។ ចំពោះរថយន្ដបង្កករណីទី១ ដែលបណ្ដាលឲ្យមានអ្នកស្លាប់សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ៕