(ឧត្តរមានជ័យ)៖ លោក ពុទ្ធ សារ៉ាន មេបញ្ជាការអាវុធហត្ថខេត្តបានប្រាប់ ភ្នាក់ងារ Fresh News នារសៀលថ្ងៃទី២១ ខែតុលានេះថា កម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានធ្វើការឃាត់ខ្លួនស្ត្រី ជាមេកន្ទុយលេខម្នាក់ នៅល្ងាចថ្ងៃទី២០ ខែតុលាម្សិលមិញនេះ នៅចំណុចភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ។
លោកមេបញ្ជាការបន្តថា ស្ត្រីជាមេកន្ទុយលេខ ដែលឃាត់ខ្លួននេះ ឈ្មោះ អ៊ុំ សីហា ដោយក្នុងនោះកម្លាំងជំនាញដកហូតបានសៀវភៅ កត់ឈ្មោះអ្នកទិញឆ្នោត ចំនួន២ក្បាល, ទូរសព្ទ័ដៃ១គ្រឿង, ប្រាក់រៀលចំនួន ៣២៦,០០០រៀល និងវត្ថុតាងមួយចំនួនទៀត ផងដែរ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕