(ពោធិ៍សាត់)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និបាតបូកសរុប និងវាយតម្លៃការងារអប់រំ ឆ្នាំសិក្សា២០២៣-២០២៤ និងលើកទិសដៅ ឆ្នាំសិក្សា២០២៤-២០២៥ របស់មន្ទីររអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់។
អង្គសន្និបាតនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំថ្មីរដ្ឋបាលខេត្ត ដោយបានការចូលរួមពី លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់, លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា, ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ, អភិបាលក្រុង/ស្រុក, ប្រធានការិយាល័យអប់រំក្រុង/ស្រុកទាំង០៧, លោកគ្រូ អ្នកគ្រូ និងតំណាងអង្គការដៃគូយ៉ាងច្រើនកុះករ។
លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ បានបង្ហាញពីវីរភាព នៃការជោគជ័យបន្ថែម ក្នុងការអនុវត្តការងារអប់រំ យុវជន និងកីឡាក្នុងខេត្ត ស្របតាមកំណែទម្រង់ស៊ីជម្រៅ របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលទទួលបានលទ្ធផលជាទីមោទនលើគ្រប់ផ្នែកអប់រំ ចាប់តាំងពីផ្នែកមត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សា ឃើញថាអត្រាបោះបង់ការសិក្សា និងអត្រាត្រួតថ្នាក់មានការថយចុះជាបណ្តើរៗគួរឱ្យកត់សម្គាល់ អត្រាឆ្លងភូមិសិក្សា និងអត្រាបញ្ចប់ការសិក្សា មានការកើនឡើងបន្តបន្ទាប់។ លោកបានបង្ហាញថា ក្នុងឆ្នាំសិក្សា២០២៤-២០២៥ ខេត្តមានសាលារៀនចំនួន៣៩២ ក្នុងនោះមត្តេយ្យ២៣ បឋម៣០៨ អនុវិទ្យាល័យ៤៤និងវិទ្យាល័យ១៧ ដែលមានសិស្ស១១៦,១៤៣នាក់ ក្នុងនោះសិស្សមត្តេយ្យ១០,១៧៥នាក់ សិស្សបឋម៧២,៤១៣នាក់ សិស្សអនុវិទ្យាល័យ១៤,៤៦៥នាក់ និងសិស្សវិទ្យាល័យ១៩,០៩០នាក់ និងបុគ្គលិកអប់រំចំនួន៣,៧៨៨នាក់។ សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានបេក្ខជនចំនួន៣,៧០៣នាក់ ប្រឡងជាប់២,៧៥៥នាក់ ស្មើនឹង៧៤,៤០%ដោយក្នុងនោះនិទ្ទេសA ២៨នាក់ B១៥៧នាក់ C៥០៤នាក់ D៩៨៥នាក់ និងE១,០៨១នាក់។
នៅក្នុងឱកាសនោះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ស្នើអង្គសន្និបាតទាំងមូល រយៈពេល០២ថ្ងៃនេះ ធ្វើការជជែកវែកញែក រកគន្លឹះដោះស្រាយនូវបញ្ហាប្រឈមមួយចំនួន ដែលពុំទាន់បានដោះស្រាយ នៅតាមបណ្តាក្រុង-ស្រុក និងដៃគូអភិវឌ្ឍទាំងអស់ ដើម្បីអភិវឌ្ឍវិស័យអប់រំក្នុងខេត្តពោធិ៍សាត់ ឱ្យកាន់តែប្រសើរឡើង។ លោកក៏បានសំណូមពរដល់លោកគ្រូ អ្នកគ្រូទាំងអស់ សូមបន្តខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ឱ្យបានខ្ជាប់ខ្ជួន ស្របតាមមនសិកាវិជ្ជាជីវៈ មានបំណិនអប់រំ ដោយខិតខំបង្រៀនក្មួយៗ សិស្សានុសិស្ស ឱ្យអស់ពីសមត្ថភាព ដោយផ្ទេរចំណេះដឹងដែលមាន និងឥរិយាបទល្អៗ ជាគំរូដល់ក្មួយៗ ជាយុវជនស្រករក្រោយ ក្នុងយុគសម័យឌីជីថលនេះ ឱ្យមានសមត្ថភាព ទាំងចំណេះដឹង ចំណេះធ្វើ ឥរិយាបទល្អប្រសើរ មានសីលធម៌ និងចេះរួមរស់ជាមួយគ្នា ប្រកបដោយសុខដុមរមនា។
មានប្រសាសន៍បើកសន្និបាតបូកសរុប និងវាយតម្លៃការងារអប់រំ ឆ្នាំសិក្សា២០២៣-២០២៤ និងលើកទិសដៅ ឆ្នាំសិក្សា២០២៤-២០២៥ ក្នុងខេត្តពោធិ៍សាត់នាឱកាសនេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ជូនអ្នកពាក់ព័ន្ធ បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ ដែលបានបូជាបញ្ញាញាណ ទេពកោសល្យ ជំនាញ បទពិសោធន៍ កម្លាំងកាយ កម្លាំងចិត្ត សុឆន្ទៈ ចូលរួមក្នុងកិច្ចការកំណែទម្រង់វិស័យអប់រំ ដើម្បីរុញច្រានវិស័យនេះ ឱ្យទទួលបាននូវលទ្ធផលដ៏ត្រចេះត្រចង់។ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបន្តថា ឈរលើមូលដ្ឋានដ៏រឹងមាំ នៃស្ថេរភាពនយោបាយ សុខសន្តិភាព និងសុវត្ថិភាពសង្គម ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជារាជរដ្ឋាភិបាលនៃកម្ពុជា ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បាននិងកំពុងខិតខំប្រឹងប្រែងប្រកបដោយសុឆន្ទៈ មោះមុតខ្ពស់ និងមិនរាថយ ក្នុងការជំរុញការអនុវត្តកំណែទម្រង់ស៊ីជម្រៅយ៉ាងទូលំទូលាយ ជាពិសេសលើការកសាង និងអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាព និងមានផែនការដ៏ជាក់លាក់ ដើម្បីចូលរួមចំណែកគាំទ្រដល់ការសម្រេចមហិច្ឆតា របស់រាជរដ្ឋាភិបាល ក្នុងការផ្លាស់ប្តូរកម្ពុជា ពីប្រទេសដែលមានចំណូលចូលមធ្យមកម្រិតទាប ឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០ និងក្លាយទៅជាប្រទេសអភិវឌ្ឍ នៅឆ្នាំ២០៥០។
ស្របពេលរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា កំពុងអនុវត្តកំណែទម្រង់ កម្មវិធីគោលនយោបាយស៊ីជម្រៅ ឆ្លើយតបនឹងបរិបទសង្គមកម្ពុជា តំបន់ និងសកលលោកនោះ គឺការផ្តល់នូវពលរដ្ឋដែលមានចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ និងភាពស្ទាត់ជំនាញ នៃការងារយ៉ាងពិតប្រាកដ។ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានចាត់ទុកការអភិវឌ្ឍធនធានមនុស្ស គឺជាអាទិភាពដោយផ្តោតសំខាន់លើបាវចនាទាំង៥ «កំណើន ការងារ សមធម៌ ប្រសិទ្ធិភាព និងចីរភាព» ព្រមទាំងអាទិភាពគន្លឹះ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាគោលដៅក្នុងការពង្រឹងសមត្ថភាព ផ្នែកអក្ខរកម្មឌីជីថល ដល់សិស្ស និស្សិត និងយុវជន ក្នុងគោលបំណងទាញប្រយោជន៍ពីសេដ្ឋកិច្ចឌីជីថល ឱ្យយុវជនជំនាន់ក្រោយមានលទ្ធភាព គ្រប់គ្រាន់ និងមានទីផ្សារឌីជីថល៕