(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតប្រចាំកម្ពុជា បានចុះហត្ថលេខាផ្តល់ជំនួយឥតសំណងចំនួន ៤៤៦,៨០១ដុល្លារអាមេរិក សម្រាប់ការស្តារប្រព័ន្ធធារាសាស្ត្រ និងការសាងសង់ស្ពាន ដល់ស្ថាប័នទទួលជំនួយចំនួន៣ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណ៌)។

កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ ដោយលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និង តំណាងស្ថាប័នទទួលជំនួយទាំងបី ដើម្បីអនុវត្តគម្រោងដូចតទៅ៖

ទី១៖ គម្រោងស្តារប្រព័ន្ធធារាសាស្រ្តត្រពាំងក្រែកក្នុងខេត្តតាកែវ (ថវិកាចំនួន ១៨០,៣៩៦ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ

ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីស្តារប្រព័ន្ធធារាសាស្ត្រមានស្រាប់ដែលមានមុខងារអាងស្តុកទឹក អន់ថយ។ តំបន់នេះងាយរងគ្រោះរាំងស្ងួតក្នុងរដូវប្រាំង ដោយសារប្រព័ន្ធធារាសាស្ត្រមិនអាចស្តុកទឹកបាន គ្រប់គ្រាន់ក្នុងរដូវវស្សា។ មិនតែប៉ុណ្ណោះ ដោយសារសមត្ថភាពស្តុកទឹកមិនគ្រប់គ្រាន់ តំបន់នេះជារឿយៗរង ផលប៉ះពាល់ដោយទឹកជំនន់។ ផ្លូវតភ្ជាប់ពីប្រព័ន្ធធារាសាស្ត្រនេះទៅតំបន់ដែលប្រជាជនរស់នៅ មានស្ថាន ភាពយ៉ាប់យឺន ដែលដាក់បន្ទុកយ៉ាងធ្ងន់ដល់កសិករ។ យើងរំពឹងថាគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ ប្រជាជនមូលដ្ឋានប្រមាណ ៣,០០០ នាក់ តាមរយៈការកែលម្អប្រព័ន្ធធារាសាស្ត្រ ដើម្បីធានាការផ្គត់ផ្គង់ទឹក សម្រាប់កសិកម្មប្រកបដោយស្ថិរភាពពេញមួយឆ្នាំ។ លើសពីនេះ យើងរំពឹងថាកម្រិតជីវភាពរស់នៅ និងប្រាក់ ចំណូលរបស់ប្រជាជននឹងមានភាពប្រសើរឡើង ដោយសារមានការកើនឡើងនៃបរិមាណស្រូវដែលផលិត បាននៅក្នុងតំបន់នេះ។

ទី២៖ គម្រោងសាងសង់ស្ពានក្នុងឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ (ថវិកាចំនួន ១៥៤,៣៥៣ ដុល្លារ អាមេរិក) ស្ថាប័នទទួលជំនួយ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ។

ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីសាងសង់ស្ពានបេតុងថ្មីមួយ។ មានស្ពានមួយមិនទាន់សាងសង់ រួចរាល់ ដែលត្រូវបានផ្អាកដោយសារខ្វះថវិកា។ បន្ទាប់ពីស្ថានរងការបាក់ស្រុតដោយទឹកជំនន់ក្នុងឆ្នាំ២០២៣ ប្រជាជនមូលដ្ឋានត្រូវឆ្លងកាត់ទន្លេដោយប្រើប្រាស់ទូកតូចមួយ។ ស្ពានថ្មីនេះនឹងផ្តល់ឱ្យប្រជាជនដែលរស់នៅ ក្នុងតំបន់នេះប្រមាណ ១១,០០០នាក់ ជាមួយនឹងការធ្វើដំណើរប្រកបដោយសុវត្ថិភាព។ លើសពីនេះទៅទៀត តាមរយៈការផ្តល់លទ្ធភាពក្នុងការដឹកជញ្ជូនកសិផល ប្រាក់ចំណូលរបស់ប្រជាជនមូលដ្ឋាននឹងមានការកើន ឡើង។

និងទី៣៖ គម្រោងសាងសង់ស្ពានក្នុងឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប (ថវិកាចំនួន ១១២,០៥២ ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ រដ្ឋបាលឃុំខ្វាវ

ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីសង់ស្ពានបេតុងថ្មីមួយ ជំនួសឱ្យស្ពានឈើពុកផុយបច្ចុប្បន្ន។ ខណៈ ដែលប្រជាជនមូលដ្ឋានជាច្រើនតែងតែឆ្លងកាត់ស្ពាននេះដើម្បីទៅសាលារៀន កន្លែងធ្វើការ និងមន្ទីរពេទ្យ ព្រមទាំងដឹកជញ្ជូនកសិផល ស្ពាននេះបានរងការខូចខាត និងគ្មានសុវត្ថិភាព ជាពិសេសសម្រាប់កុមារ និង មនុស្សចាស់។ បន្ថែមពីនេះ ឡាននិងរថយន្តសង្គ្រោះបន្ទាន់មិនត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ស្ពាននេះទេ ដោយសារស្ពាននេះប្រហែលមិនអាចទ្រាំទ្របាននូវទម្ងន់ និងអាចមានការបាក់ស្រុត។ យើងរំពឹងថាគម្រោង នេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនប្រមាណ ១៥,០០០នាក់ តាមរយៈការធានាបាននូវផ្លូវធ្វើដំណើរ ប្រកបដោយសុវត្ថិភាពទៅសាលារៀន ផ្សារ និងមណ្ឌលសុខភាពដែលនៅជិតបំផុតពេញមួយឆ្នាំ។ ការសាង សង់ស្ពានថ្មីក៏នឹងជួយសម្រួលដល់ការដឹកជញ្ជូនកសិផលផងដែរ ដែលនឹងនាំមកនូវការកែលម្អកម្រិតជីវភាព រស់នៅរបស់ប្រជាជន និងការកើនឡើងនូវប្រាក់ចំណូលរបស់កសិករ។

ជំនួយឥតសំណងគូសាណូណ៌របស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។

ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និង/ឬ ភាពអកុសល នានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជា៖ ជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ ថវិកាជាង ៧០លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោង គូសាណូណ៌ ចំនួន ៦៩៤គម្រោង នៅទូទាំងប្រទេសកម្ពុជា៕