(ត្បូងឃ្មុំ)៖ កឋិនទានរបស់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមនិងមន្រ្តីរាជការក្រោមឱវាទនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦នេះ ប្រមូលបច្ច័យបានជាង ៦ម៉ឺនដុល្លារអាមេរិក ដើម្បីចូលរួមកសាងសមិទ្ធផលក្នុងវត្តនានា ស្ថិតនៅឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដើម្បីចូលរួមចំណែកកសាងសមិទ្ធផលនានា នៅក្នុងវត្តមួយនេះ។

បច្ច័យដែលទទួលបានពីពិធីបុណ្យកឋិននេះ ៤០,០០០ដុល្លារ នឹងប្រគេនជូនទៅវត្តព្រះនាងសេដាសែនជ័យ និង ថវិកា ១២៥លានរៀល ទៀតប្រគេនជូនដល់ ៥វត្តទៀត ស្ថិតនៅក្នុងឃុំសេដា ស្រុកតំបែរ ដោយក្នុងមួយវត្តៗ ទទួលបានចំនួន ២៥លានរៀល និងបច្ច័យសម្រាប់ សង្កត់ត្រៃយចំនួន ៦លានរៀលបន្ថែមទៀត។

លោករដ្ឋមន្រ្តី ក៏បានឧបត្ថម្ភដល់វត្តចំនួន ២១វត្តផ្សេងទៀត ស្ថិតក្នុងស្រុកតំបែរ ដោយក្នុង ១វត្តទទួលបានបច្ច័យ ១លានរៀលផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងប្រគេនពរជ័យជូនដល់ ពុទ្ធបរិស័ទ្ធទាំងអស់ដែលមានសទ្ធាជ្រះថ្លា ចូលរួមជាបច្ច័យក្នុងពិធីបុណ្យកឋិននេះ និងសូមឲ្យជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕