(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និបាតបូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២៣-២០២៤ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២៤-២០២៥ ដែលពិធីនេះធ្វើឡើងនៅសាលប្រជុំមន្ទីរអប់រំខេត្តបាត់ដំបង។
បន្ទាប់ពីបានស្តាប់របាយការណ៍របស់លោកប្រធានមន្ទីររួចមក លោក សុខ លូ មានប្រសាសន៍ថា អង្គសន្និបាតប្រចាំឆ្នាំនេះធ្វើឡើងដើម្បីបូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡា ក្នុងឆ្នាំសិក្សាកន្លងមក និងលើកទិសដៅសម្រាប់អនុវត្តនាឆ្នាំសិក្សាបន្តឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ដោយផ្តោតជាសំខាន់ទៅលើបទបង្ហាញពីលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំសិក្សា២០២៣
-២០២៤ និងទិសដៅបន្តសម្រាប់យកទៅអនុវត្តនាឆ្នាំសិក្សាថ្មី ២០២៤-២០២៥ ខាងមុខ ដែលនឹងត្រូវដាក់ជូនអង្គសន្និបាត ធ្វើការពិភាក្សា ផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក វាយតម្លៃឱ្យបានត្រឹមត្រូវព្រមទាំងកំណត់ទិសដៅ វិធានការ និងសកម្មភាព ឱ្យបានសមស្របតាមការអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំឆ្នាំ២០២៤-២០២៨ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុក វិស័យអប់រំជាវិស័យអាទិភាពទី១ ឆ្ពោះទៅអភិវឌ្ឍមូលធនមនុស្សឱ្យមានសមត្ថភា
ព ចំណេះដឹង និងជំនាញខ្ពស់ ភាពច្នៃប្រឌិត ស្មារតីសហគ្រិនភាព នវានុវត្តន៍ និងក្រមសីលធម៌ស្អាតស្អំ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសង្គម និងកំណើន សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។
លោក អភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលខេត្តបាត់ដំបងសម្រេចបានលើវិស័យអប់រំ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បុគ្គលិកអប់រំ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយមនសិការវិជ្ជាជីវៈខ្ពស់ដើម្បីផ្ដល់នូវសេវាអប់រំមួយដែលមានគុណភាពខ្ពស់ជូនដល់សិស្សានុសិស្សជាពិសេសចូលរួមយ៉ាងសកម្មនៅក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សដែលជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសកម្ពុជា។
លោក បានជំរុញឱ្យ លោកគ្រូ អ្នកគ្រូជួយផ្សព្វផ្សាយពីសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបាន និងសមិទ្ធផលដែលបាននិងកំពុងអភិវឌ្ឍសម្រេចបានជាបន្តបន្ទាប់។
លោក សុខ លូ បានសំណូមពរដល់លោកគ្រូ អ្នកគ្រូអាជ្ញាធរនិងកម្លាំងសមត្ថកិច្ចជួយអប់រំពន្យល់សិស្សានុសិស្សនិងប្រជាពលរដ្ឋឱ្យបញ្ឈប់ការដុតជញ្ជ្រាំង ឬការដុត ភ្នក់ភ្លើងផ្សេងៗដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន៕