(កំពង់ធំ)៖ លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ បានដាក់គោលការណ៍៦ចំណុចដល់សាលារៀន ផ្ដោតការយកចិត្ដទុកដាក់ខ្ពស់លើការងារសំខាន់ៗ ដែលជាអាទិភាព។
លោក ជា វ៉ាន់ចាន់ ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និង កីឡាខេត្តកំពង់ធំឆ្នាំសិក្សា២០២៣-២០២៤ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥
នៅសាលាគរុកោសល្យនិវិក្រឹតការខេត្ត ដោយមាននការចូលរួមពីមន្រ្តីអប់រំលោកគ្រូ អ្នកគ្រូប្រមាណជិត៣០០នាក់។
ទី១-ការប្រមូលកុមារដល់អាយុសិក្សាឱ្យបានចូលរៀនគ្រប់ៗគ្នា ប្រកបដោយសមធម៌ បរិយាបន្ន និងគុណភាព ដែលមានលក្ខណៈជាកុមារមេត្រីនិងការអប់រំបញ្ចូលគ្នាធានាថាកុមារទាំងអស់ត្រូវតែបានឆ្លងកាត់មត្តេយ្យសិក្សាមុនចូលរៀនថ្នាក់ទី១ទោះបីជានៅតំបន់ជួបការលំបាកដាច់ស្រយាលក៏ដោយ។ ពេលបញ្ចប់ការសិក្សានៅកម្រិតបឋមភូមិនិងទុតិយភូមិត្រូវមានការបណ្តុះបណ្តាល បច្ចេកទេសវិជ្ជាជីវៈ បំណិនជីវិត បំណិនសតវត្សទី២១ ទាំងផ្នែកជំនាញទន់និងជំនាញបច្ចេកទេស(SoftSkill និងHard Skill)ការអប់រំឧត្តមសិក្សានិងមធ្យោបាយសិក្សាផ្សេងទៀត។
ទី២-ធានាឱ្យបានការអប់រំក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ត្រូវធ្វើដំណើរទន្ទឹមគ្នា ដោយរលូន ដើម្បីសម្រេចផែនការជាតិអប់រំសម្រាប់ទាំងអស់គ្នា និងគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព ក្នុងការលុបបំបាត់ទាំងស្រុងនូវអនក្ខរភាព។
ទី៣-ការកែលម្អនិងកំណែទម្រង់កាន់តែស៊ីជម្រៅត្រូវធានាភាពស័ក្តិសិទ្ធិនៃភាពជាអ្នកដឹកនាំនិងគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ តាមរយៈការផ្តល់សេវា អប់រំ ប្រកបដោយភាពស័ក្តិសិទ្ធិ និងភាពទន់ភ្លន់។
ទី៤-ត្រូវខិតខំកែលម្អបរិស្ថានសាលារៀនឱ្យក្លាយទៅជាសាលាបៃតង ជាទីមេត្រីសម្រាប់
សិស្សានុសិស្ស ដូចពាក្យស្លោកមួយឃ្លាបានពោលថា «សាលារៀនស្អាត ភូមិ ឃុំ គ្មានសំរាម»។
ទី៥-ត្រូវយកចិត្តទុកដាក់លើការងារយុវជនទំាងក្នុងនិងក្រៅសាលារៀនដោយផ្តល់ ឱកាសឱ្យយុវជនបានចូលរួម គ្រប់សកម្មភាពសង្គម ពិសេសលើកកម្ពស់ក្រុម ប្រឹក្សាកុមារកម្ពុជា និងក្រុមប្រឹក្សាយុវជនកម្ពុជា នៅតាមសាលារៀនឱ្យមានសកម្មភាពនិងដំណើរការល្អ។
ទី៦-ត្រូវខិតខំយកចិត្តទុកដាក់ អំពីសុខភាពអនាម័យរបស់សិស្ស ដោយត្រួតពិនិត្យជាប្រចាំលើការលក់ដូរចំណីអាហារនៅតាមសាលារៀន ឱ្យគោរពតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាក្រសួងអប់រំយុវជន និងកីឡាផងដែរ។
លោកបញ្ជាក់ថា ចំពោះគុណភាពសិក្សាវិញក្រសួងអប់រំយុវជននិងកីឡាបានលើកកម្ពស់ការអនុវត្តនូវកំណែទម្រង់ នៃការប្រឡងត្រូវបានមហាជនគាំទ្រពិសេសបានបណ្តុះនូវស្មារតីភាពជឿទុកចិត្តរបស់បេក្ខជននិងអ្នកអាណាព្យាបាលសិស្ស ក្រោមពាក្យស្លោក " អ្នកចេះ គឺជាប់ " បានធ្វើឱ្យមានការសាទរយ៉ាងខ្លាំង ពីសំណាក់អ្នកពាក់ព័ន្ធ មកលើដំណើរការប្រឡង ដោយបានលុបបំបាត់ និងទប់ស្កាត់រាល់ភាពមិនប្រក្រតីនានា ព្រមទាំងបានលើកកម្ពស់តម្លៃគ្រូបង្រៀន និង ការទទួលស្គាល់គ្រូបង្រៀនថា «ជាអ្នកផលិតចំណេះដឹង ជាអ្នកអនុវត្តពិតប្រាកដ នៅកម្រិត សាលារៀន និងជាដៃគូដ៏ល្អបំផុត សម្រាប់កែលម្អគោលនយោបាយអប់រំ»។
តាមការបញ្ជាក់ពីលោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ធំបានឲ្យដឹងថា បុគ្គលិកអប់រំគ្រប់កម្រិតសរុបចំនួន៥,៣២៩នាក់ ស្រី២,៧៦២នាក់ ដោយសារកង្វះគ្រូបង្រៀននៅបឋមសិក្សាបានប្រើប្រាស់គ្រូកិច្ចសន្យា ចំណេះទូទៅដើម្បីបំពេញបន្ថែម មានចំនួន៩១៥នាក់ ស្រី៦០៤នាក់៕