(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃសុក្រ ទី២១ ខែតុលានេះ បានអនុម័តទាំងស្រុងនូវសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ ការគ្រប់គ្រងឆ្នាំ២០១៧ ។
ក្នុងសេចក្តីព្រាងច្បាប់នេះ រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកាប្រមាណជាង ៥ពាន់លានដុល្លារសម្រាប់ការចំណាយរបស់ជាតិ នៅឆ្នាំ២០១៧ ខណៈចំណូលរបស់ជាតិសម្រាប់ឆ្នាំ២០១៧ រំពឹងថា នឹងប្រមូលបានជាង៤ពាន់លានដុល្លារ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា៖ ចំណាយសរុបថវិការដ្ឋ ត្រូវបានគ្រោងចំនួន ២០,១៨៤,៤៥៧លានរៀល គិតជាដុល្លារប្រហាក់ប្រហែល៥,០៤៦លានដុល្លារ ត្រូវជា ២២.៦៦% នៃផលិតផលក្នុងស្រុកសរុប (ផសស) និងមានកំណើន១៥.៦% ធៀបនឹងច្បាប់ឆ្នាំ២០១៦ ក្នុងនោះចំណាយចរន្តថវិការដ្ឋត្រូវបានគ្រោងចំនួន ១៣,០៥០,៦៨៦លានរៀល ត្រូវជា ១៤.៦% នៃ ផសស និងមានកំណើន ១៧% ធៀបនឹងច្បាប់ឆ្នាំ ២០១៦។
ជាមួយគ្នានេះក្រសួងសេដ្ឋកិច្ច បានឲ្យដឹងទៀតថា ចំណូលក្នុងប្រទេសថវិការដ្ឋ ត្រូវបានគ្រោងចំនួន ១៦,៦១៧,៤២៨លានរៀល គិតជាដុល្លារប្រហែល ៤,១៥៤លានដុល្លារ ត្រូវជា ១៨.៦៦% នៃ ផសស នឹងមានកំណើន ១៥.៧% ធៀបនឹងច្បាប់ឆ្នាំ២០១៦។ ក្របខណ្ឌ័ ថវិការឆ្នាំ ២០១៧ មានគោលដៅបង្កើន ចំណូលចរន្តថវិការដ្ឋឲ្យបានស្មើនឹង ១៨.៥០% នៃ ផសស ដែលមានកំណើនចំនួន ០.៧៩ ពិន្ទុ ភាគរយ នៃ ផសស ធៀបនឹងច្បាប់ឆ្នាំ២០១៦ ពោលគឺសម្រេច បានលើសគោលដៅ ដែលបានដាក់នៅក្នុងយុទ្ធសាស្រ្តកៀរគរចំណូល រយៈពេលមធ្យមឆ្នាំ ២០១៤-២០១៨ ដែលបានកំណត់ថា រាជរដ្ឋាភិបាលត្រូវប្រមូលចំណូល ចរន្តថវិការដ្ឋឲ្យបានកើនស្មើនឹង ០.៥០ ពិន្ទុភាគរយ នៃ ផសស ជាប្រចាំឆ្នាំ ក្នុងរយៈពេលមធ្យម។
សូមជម្រាបថា សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ នឹងត្រូវបញ្ជូនទៅរដ្ឋសភាជាតិ ដើម្បីពិនិត្យ និងអនុម័តនៅខាងមុខ៕