(វៀងចន្ទន៍)៖ លោក កែវ សុទ្ធារិទ្ធ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា លើកទឹកចិត្ត ធុរជនកម្ពុជា-ឡាវ បង្កើនការធ្វើពាណិជ្ជកម្មនៅតាមបណ្តោយព្រំដែន ដើម្បីការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

លោក កែវ សុទ្ធារិទ្ធ ជំរុញបែបនេះ ក្នុងឱកាសដែលលោកបានដឹកនាំគណៈប្រតិភូធុរកិច្ចកម្ពុជាអញ្ជើញចូលរួម វេទិកាធុរកិច្ចឡាវ- កម្ពុជា ដែលសហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មឡាវ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាថ្ងៃទី២៨ ខែ មករា ឆ្នាំ២០២៥។

វេទិកាធុរកិច្ចនេះ ប្រព្រឹត្តទៅស្របពេលនិងកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ឡាវលើកទី២ និងរៀបចំឡើងក្នុងគោលបំណង ជំរុញពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ លើវិស័យសំខាន់ៗរួមមាន កសិកម្ម ថាមពល ទេសចរណ៍ និង ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។

ថ្លែងក្នុងឱកាសនៃវេទិកាធុរកិច្ចនេះ លោក កែវ សុទ្ធារិទ្ធ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែ ងរបស់សភាពាណិជ្ជកម្មទាំងពីរ ក្នុងការជំរុញទំនាក់ទំនងធុរកិច្ចរវាងប្រទេសទាំងពីរ ដែលជាប្រទេសជិតខាងដ៏ល្អនឹងគ្នា និងមានទំនាក់ទំនងយូរអង្វែងទាំងប្រវត្តិសាស្ត្រនិងវប្បធម៌។

ទន្ទឹមនឹងនេះ លោកជំរុញលើកទឹកចិត្ត ធុរជនទាំងពីរប្រទេសបង្កើនការធ្វើពាណិជ្ជកម្មនៅតាមបណ្តោយព្រំដែន ជាពិសេសការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។

វេទិកាធុរកិច្ចនេះបានបញ្ចប់ទៅប្រកបដោយលទ្ធផលជាផ្លែផ្កា ក្នុងបរិយាកាស ភាតរភាព ដោយធុរជនប្រទេសទាំងពីរ បានជួបប្រាស្រ័យទាក់ទង ពិភាក្សា និង ស្វែងរកកាលានុវត្តភាពសហប្រតិបត្តិការគ្នា។ វេទិកាធុរកិច្ចនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ទំនាក់ទំនង កសាងភាពជាដៃគូ និង ជំរុញកាលានុវត្តភាពវិនិយោគរវាងប្រទេសទាំងពីរ៕