(សៀមរាប)៖ ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានស្នើអាជ្ញាធរ អ្នកដោះស្រាយស្ថានការណ៍ ពិសេសអ្នកនាំពាក្យត្រូវឆ្លើយតបឱ្យបានរហ័ស ចំពោះព័ត៌មាននាំឱ្យប៉ះពាល់ដល់កិត្តិនាមរបស់កម្ពុជា និងធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍។
ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសលោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ក្នុងនាមតំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញក្នុងពិធីប្រកាសជាផ្លូវការ នូវការដាក់ឱ្យអនុវត្តការកែទម្រង់ប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅខេត្តសៀមរាប។
លោកឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យមានការពង្រឹងអ្នកនាំពាក្យ អ្នកដោះស្រាយស្ថានការណ៍ ដោយបច្ចុប្បន្ននេះ យើងមើលស្ថានការណ៍កម្ពុជា និងបណ្ដាប្រទេសដទៃ កំពុងពុលព័ត៌មាន ព័ត៌មានខ្លះមិនពិត ព័ត៌មានខ្លះមូលបង្កាច់ ឬព័ត៌មានខ្លះមានចរិតជានយោបាយនៅពីក្រោយ ដែលនាំឱ្យមានការប៉ះពាល់ដល់កិត្តិយស កិត្តិនាមកម្ពុជា ដូច្នោះហើយទាំងអាជ្ញាធរដែនដីទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជាអ្នកនាំពាក្យត្រូវមានអ្នកបំភ្លឺឱ្យបានទាន់ពេលវេលា ពិសេសពាក់ព័ន្ធនឹងកិត្តិនាមកម្ពុជា។
លោកបានបន្តថា ករណីខ្លះមិនមែនជារឿងទេសចរណ៍ តែវាអាចប៉ះពាល់ដល់វិស័យទេសចរណ៍ ដូចជាបញ្ហាសន្តិសុខ បញ្ហាសណ្ដាប់ធ្នាប់ បុគ្គលដែលមានសមត្ថកិច្ចខ្លះ ដែលចំណុចទាំងនេះយើងមិនគួរគប្បីទុកឱ្យមានចំណុចខ្សោយដែលប៉ះពាល់ចំពោះកិត្តិនាមកម្ពុជាទេ ពោលគឺត្រូវរួមគ្នាដោះស្រាយ បំភ្លឺ និងរកយុត្តិធម៌ឱ្យកម្ពុជាឡើងវិញ។
សូមជម្រាបថា វិស័យទេសចរណ៍ គឺជាវិស័យនៃចន្ទល់កំណើនសេដ្ឋកិច្ចដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាលតែងតែផ្តល់ការយកចិត្តទុកដាក់ខ្ពស់បំផុត។ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយ វិស័យទេសចរណ៍មានការរីកចម្រើនយ៉ាងខ្លាំង ដោយមានអត្រាកំណើនប្រចាំឆ្នាំខ្ពស់ក្នុងមួយឆ្នាំៗ ហើយនៅឆ្នាំ២០១៩ ដែលជាឆ្នាំកំពូលនៃវិស័យទេសចរណ៍ កម្ពុជាទទួលបានទេសចរអន្តរជាតិ ចំនួន ៦.៦ លាននាក់ និងបានបង្កើតប្រាក់ចំណូលប្រមាណ ៦ពាន់លានដុល្លារ។ យ៉ាងនេះក្តី ចាប់តាំងពីដើមឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២២ វិស័យទេសចរណ៍កម្ពុជា ក៏ដូចជាពិភពលោក ទាំងមូលបានទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិជំងឺកូវីដ-១៩។
នៅឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបបានកើនឡើងដល់ប្រមាណ ៦.៧ លាននាក់ ដែលនេះគឺជាចំនួនលើសពីកម្រិតមុនវិបត្តិជំងឺកូវីដ-១៩ ដែលបង្ហាញពីផ្លែផ្កានៃវិធានការ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីជួយដល់វិស័យនេះ៕