(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានថ្លែងថា ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យអភិវឌ្ឍន៍ខេត្ត ទាមទារឱ្យមានការចូលរួម និងការសហការពីគ្រប់ភាគីនៃរដ្ឋបាលខេត្ត ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។
លោក នួន ផារ័ត្ន បានថ្លែងក្នុងកិច្ចប្រជុំប្រចាំខែជាមួយមន្ទីរ-អង្គភាព ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យអភិវឌ្ឍន៍ខេត្ត នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥។
លោកបន្តថា ដើម្បីឱ្យផែនការអភិវឌ្ឍន៍ខេត្តកំពង់ធំប្រព្រឹត្តទៅដោយជោគជ័យ ទាមទារឱ្យគ្រប់មន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់រួមដៃគ្នាសហការគ្នា ដើម្បីសម្រេចកិច្ចការងារនេះ អភិវឌ្ឍខេត្តកំពង់ធំឱ្យមានការរីកចម្រើន សំដៅធ្វើយ៉ាងណាឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមដៃគ្នា ប្រទាក់ក្រឡាគ្នាក្នុងការសម្រេចបាននូវចក្ខុវិស័យរួមដែលនឹងត្រូវអនុវត្តនៅពេលខាងមុខ។
លោកបន្តទៀតថា ទន្ទឹមនឹងជោគជ័យនេះដែរ យើងក៏នៅមានបញ្ហាប្រឈមជាច្រើនទៀត ដែលត្រូវធ្វើការដោះស្រាយ ដូចជា បញ្ហាក្មេងទំនើង បញ្ហាបទល្មើសធនធានធម្មជាតិ ពិសេសបញ្ហាសន្តិសុខសណ្តាប់ធ្នាប់សង្គម ដូចនេះទាមទារឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត/ក្រុង/ស្រុក ត្រូវធ្វើការទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា ពិសេសត្រូវត្រួតពិនិត្យតាមដាន និងទប់ស្កាត់ឱ្យបាននូវរាល់បទល្មើសផ្សេងៗដែលកើតមាននៅក្នុងមូលដ្ឋាន ដូចជាគ្រឿងញៀន លួច ឆក់ ប្លន់ ចរាចរណ៍ ក្មេងទំនើង។
លោក នួន ផារ័ត្ន បញ្ជាក់ថា អង្គភាពមន្ទីរទាំងអស់ត្រូវសហការគ្នា សាមគ្គីភាពផ្ទៃក្នុងល្អ មានផែនការអភិវឌ្ឍន៍ ដើម្បីឲ្យអង្គភាពមានការរីកចម្រើន៕